ចិន​ត្រៀម​បង្អួត​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ប្រភេទ​ថ្មី និពន្ធដោយ : ថ្មីៗ       September-02-2016, 8:59 pm         863

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន​ត្រៀម​បង្អួត​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ប្រភេទ​ថ្មី​មន្ត្រីជាន់ខ្ពស់​ចិន​បាន​បង្ហើប​ថា ខ្លួន​កំពុង​អភិវឌ្ឍ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ប្រភេទ​ថ្មី​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​អាកាស​។ គម្រោង​ស្រាវជ្រាវ​និង​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់​ប្រភេទ​ថ្មី​នេះ ស្ថិតក្រោម​គោលនយោបាយ​កំណែទម្រង់​និង​ទំនើបកម្ម​យោធា​ទ្រង់ទ្រាយ​ធំ​របស់​រដ្ឋបាល​លោក ស៊ី ជិន​ពីង​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ​ស៊េរី​ថ្មី​កំពុង​ស្ថិតក្រោម​ការអភិវឌ្ឍ​របស់​កងទ័ព​ចិន​។ យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​នឹង​ត្រូវដាក់​បង្ហាញ​ជា​សាធារណ​នៅពេល​ឆាប់ៗ​ខាងមុខ​។​នេះ​បើតាម​សម្តី​របស់​ប្រមុខ​កងទ័ពអាកាស​ចិន​លោក Ma Xiaotian ថ្លែង​ក្នុងពេល​សំណេះសំណាល​ជាមួយ​កងទ័ពអាកាស ដែល​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Global Times នា​ថ្ងៃ​សុក្រ​ទី ២​កញ្ញា​។​

 លោក Ma Xiaotian បាន​ថ្លែង​យ៉ាងច្បាស់​ថា​៖«​យើង​កំពុង​អភិវឌ្ឍ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជំនាន់​ថ្មី​។ ហើយ​អ្នកនឹង​អាច​ឃើញ​វា​ហោះហើរ​ឆាប់ៗ​នេះ​។ ការផលិត​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការវិវត្ត​នៃ​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ពអាកាស​ចិន ហើយ​វា​នឹងមាន​ការវិវត្ត​កាន់តែខ្លាំង​នាពេល​អនាគត​»​។​

​តាមពិតទៅ ការស្រាវជ្រាវ​និង​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​ជា​បន្តបន្ទាប់​នេះ​ធ្វើឡើង​ក្រោម​កម្មវិធី​កំណែទម្រង់​និង​ទំនើបកម្ម​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ ហើយ​សមិទ្ធផល​ថ្មី​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​យោធា​ចិន​ឲ្យ​កាន់តែខ្លាំង​ថែម​ទៀតផង ខណៈដែល​ចិន​កំពុង​ប្រជែង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ដែល​ប្រឹង​លូកដៃ​ចូលក្នុង​ជម្លោះ​ស​មុ​ទ្ធ​ចិន​ខាងត្បូង​នោះ​។​

១.​ចិន​ប្រឹង​ផលិត​អាវុធ​ដោយ​ផ្តោតលើ​គុណភាព​ជាង​បរិមាណ​
​ក្រៅពី​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក កន្លងមក​ចិន​បាន​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​ដើម្បី​ស្រាវជ្រាវ​និង​ផលិត​សព្វាវុធ​បម្រើ​ប្រយោជន៍​យោធា ក្នុងនោះ​មាន​ទាំង​នាវាមុជទឹក​, នាវា​ដឹក​យន្តហោះ​, យន្តហោះ​ចម្បាំង និង​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប​ផង​។

​អ្វីដែល​សំខាន់ ចិន​បាន​អះអាងថា ប​ច្ចុ​ប្ប​នុ្ន​នេះ​ខ្លួន​ព្យាយាម​ផលិត​អាវុធ​ដោយ​ផ្តោត​សំខាន់​លើ​គុណភាព មិនមែន​លើ​បរមាណ​ឡើយ​។ ដូច្នេះហើយ សព្វាវុធ​ចិន​ដែល​នាំទៅ​ទីផ្សារ​អន្តរជាតិ អាច​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប​ណ្តា​ប្រទេស​នានា​ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ ផង​នៅពេល​ខាងមុខ​។​

២.​ចិន​លែង​ចម្លង​សព្វាវុធ​គេ​?
​ត្រឡប់មកវិញ តាំងពី​យូរ​មកហើយ កងទ័ព​ជើង​អាកាស​ចិន​ភាគច្រើន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ដែល​ចិន​ចម្លង​ពី​យន្តហោះ​ចម្បាំង​រុស្ស៊ី​។ ដូច​ឆ្នាំមុន ក្រសួងការពារជាតិ​ចិន​បានបង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់​យុទ្ធសាស្ត្រ Xian H-6K ដែល​ផលិតឡើង​ដោយ​ទទួលបាន​សិទ្ធិ​ច​ម្លើ​ង​ពី​យន្តហោះ​សូ​វៀត Tu-16​។ យន្តហោះ​របស់​ចិន Xian H-6K ត្រូវបាន​ផលិតឡើង​ដោយមាន​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ ដែល​អាចមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការកម្ទេច​គោលដៅ​ឆ្ងាយ​បាន​។​

​តែ​ពេលនេះ​ចិន​កំពុង​ពង្រឹងសមត្ថភាព​ផលិត​សព្វាវុធ​ទំនើបៗ​ខ្លួនឯង​មិន​ឲ្យ​ចាញ់​លោកខាងលិច​ឡើយ​។ ជា​ឧទាហរណ៍ ការស្រាវជ្រាវ​និង​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​ថ្មី​នេះ​តែម្តង​។ មួយវិញទៀត កាលពីដើម​ខែកក្កដា​ក​ន្ល​ង​ទៅ ចិន​ប្រកាស​ដាក់​យន្តហោះ​ដឹកជញ្ជូន​យោធា​ធំ​បំផុត​មួយ​ដែល​អភិវឌ្ឍ​ក្នុងស្រុក​ដោយ​ខ្លួនឯង​ចូល​បម្រើការ​យោធា​៕