ពូ​ទីន​៖ «​រុស្ស៊ី​មិន​ជួញដូរ​ទឹកដី​ឡើយ​» តែ​ចង់​មាន​ដំណោះស្រាយ​ជម្លោះ​កោះ​គូ​រី​ល​ និពន្ធដោយ : ថ្មីៗ       September-02-2016, 9:19 pm         25

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ពូ​ទីន​៖ «​រុស្ស៊ី​មិន​ជួញដូរ​ទឹកដី​ឡើយ​» តែ​ចង់​មាន​ដំណោះស្រាយ​ជម្លោះ​កោះ​គូ​រី​ល​​បុរស​ខ្លាំង​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានបញ្ជាក់​យ៉ាងច្បាស់​ថា រុស្ស៊ី​នឹងមិន​លក់​ឬ​ប្តូ​រកោះ​ជម្លោះ​ដែល​រុស្ស៊ី​កំពុង​កាន់កាប់​និង​ជប៉ុន​កំពុង​ទាមទារ ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​សន្តិភាព​ឬ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​។ មេដឹកនាំ​រុស្ស៊ី​ម្នាក់នេះ​សង្កត់ធ្ងន់ថា អ្វីដែល​រុស្ស៊ី​ត្រូវការ គឺ​ដំណោះស្រាយ​មួយ​ដែល​ភាគី​ទាំងពីរ​អាច​ឲ្យ​ទទួលយកបាន​ដោយ​គ្មាន​អ្នកចាញ់​ឬ​អ្នកឈ្នះ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​គ្មាន​ហេតុផល​ណា​ដែល​រុស្ស៊ី​ត្រូវ​ជួញដូរ​កោះ​ជម្លោះ គូ​រី​ល (Kurils) ជាមួយ​ជប៉ុន​ដើម្បី​ជា​ថ្នូរ​នឹង​ការបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​និង​ដើម្បី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទេ​។ នេះ​ជាការ​ពន្យល់​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Bloomberg នៅ​ថ្ងៃទី ១​កញ្ញា​។

​ពេល​អ្នកសារព័ត៌មាន​ចោទ​សួរថា​៖«​តើ​លោក​នឹង​ពិចារណា​លះបង់​កោះ​ជម្លោះ​មួយ​ដើម្បី​ជា​ថ្នូរ​ជាមួយ​ដំណោះស្រាយ​នយោបាយ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជិតស្និទ្ធ​ជាមួយ​ជប៉ុន​ឬ​អត់​ទេ​?»  លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ថ្លែង​យ៉ាងណា​ដាច់​ណាត់​ថា «​រុស្ស៊ី​មិន​ជួញដូរ ឬ​ដោះដូរ​ទឹកដី​ឡើយ​»​។

​លោក​ពន្យល់ថា​៖« យើង​មិនមែន​កំពុងនិយាយ​ពី​ការលក់​ឬ​ប្តូរ​ទឹកដី​ជម្លោះ​ឡើយ​។ តែ​យើង​កំពុងនិយាយ​ពី​ការស្វែងរក​ដំណោះស្រាយ​ដែល​ភាគី​ទទួលយកបាន​ដោយ​គ្មាន​អ្នកចាញ់​និង​អ្នកឈ្នះ​»​។​

​យ៉ាងណាមិញ​មេដឹកនាំ​រុស្ស៊ី​ម្នាក់នេះ​ក៏​យល់ឃើញថា ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​មិត្ត​ជិតខាង​ទាំងពីរ​ជា​រឿង​សំខាន់​។ ប៉ុន្តែ​ដូច​បានលើកឡើង​ខាងដើម​ស្រាប់​រុស្ស៊ី​មិន​ដោះដូរ ឬ​លក់​ទឹកដី​ខ្លួន​កាន់កាប់​ដែលជា​លទ្ធផល​ក្រោយ​សង្គ្រាមលោកលើកទីពីរ​នេះឡើយ​។ ហើយ​ម្យ៉ាង រឿង​កិច្ចព្រមព្រៀង​សន្តិភាព ជប៉ុន​ខ្លួនឯង​ទេ​ជា​បដិសេធ​អនុវត្ត​។​

​ប្រមុខរដ្ឋ​រុស្ស៊ី​បាន​បន្តថា​៖«​តាមពិតទៅ​យើង​មាន​សន្ធិសញ្ញា​មួយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ១៩៥៦ ហើយ​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​សភា​ជប៉ុន​និង​សហភាពសូវៀត​សុទ្ធតែ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​នេះ​។ ប៉ុន្តែ​ក្រោយមក​ភាគី​ជប៉ុន​បាន​បដិសេធ​អនុវត្ត​កិច្ចព្រមព្រៀង ហើយ​ខាង​សូ​វៀត​ក៏​និរាករណ៍​សន្ធិសញ្ញា​នេះ​តែម្តងទៅ​»​។

​ប៉ុន្តែ​បើ​ក្នុងករណី​មានការ​ស្នើសុំ​សើរើ​រឿង​ទឹកដី​ដែលជា​លទ្ធផល​ទទួលបាន​ក្រោយ​សង្គ្រាមលោកលើកទី ២ លោក ពូ​ទីន ក៏​ស្វាគមន៍​តែ​ត្រូវ​ច្បាស់​ថា វា​ត្រូវមាន​ការសើរើ​លើ​ការកំណត់​ទឹកដី​ជាច្រើន​ផ្សេងទៀត​ដែរ​។ លោក​ពន្យល់ថា​៖« ប្រសិន​ជាមាន​អ្នកណាម្នាក់​ចង់​ពិចារណា​លើ​សមិទ្ធផល​សង្គ្រាមលោក​លើក​ទី​២​មែន យើង​អាច​ពិភាក្សាគ្នា​បាន​។ ប៉ុន្តែ​យើង​ក៏​មិន​ត្រូវតែ​ពិភាក្សា​លើ​រឿង​ទឹកដី Kaliningrad តែមួយ​មុខ​ដែរ​។ គេ​ត្រូវ​ជជែក​គ្នា​ពី​ទឹកដី​ភាគ​ខាងកើត​អាល្លឺម៉ង់​, អតីត​ទឹកដី ប៉ូឡូញ​, ទឹកដី​ហុង​គ្រី​, រ៉ូ​ម៉ា​នី និង​ទឹកដី​ច្រើន​ផ្សេងទៀត​ដែរ​»​។​

​តាមពិតទៅ លោក ពូ​ទីន បានផ្តល់​បទសម្ភាសន៍​នេះ​ត្រឹម​មួយថ្ងៃ​ប៉ុណ្ណោះ មុនពេល​ដែល​លោក​ត្រូវ​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ នៅ​ទីក្រុង Vladivostok ដោយ​អ្នក​ទាំងពីរ​នឹង​ពិភាក្សា​ពី​បញ្ហា​ជាច្រើន​ជាពិសេស​ការពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​៕