បុគ្គលិក​កាស៊ីណូ​ជីវី​ន​ម្នាក់ គាំងបេះដូង​ស្លាប់​ពេល​បញ្ជូន​ដល់​គ្លីនិក

ខេត្តស្វាយរៀង ៖ បុគ្គលិក​កាស៊ីណូ​ជីវី​ន​ម្នាក់​ជា ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ របស់​ក្រុមហ៊ុន​កាស៊ីណូ​ជីវី​ន ស​ង្ស​យ័​ថា​ខ្យល់គ ហើយ​ត្រូវ​បុគ្គលិក​ធ្វើការ​ជាមួយ​គ្នា ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​គ្លីនិក​ឯកជន ដើម្បី​សង្គ្រោះ​។ ក៏​ប៉ុន្តែ​បាន​ដាច់ខ្យល់​ស្លាប់ ខណៈ​ដែល​ដឹក​ដល់​គ្លីនិក ដោយ​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ពី ព្រោះ​ស្ថានភាព​អ្នកជំងឺ​ធ្ងន់ធ្ងរ​ពេក មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​កាស៊ីណូ​ជីវិន ជិត​ព្រំដែន​កម្ពុជា វៀតណាម សង្កាត់​បា​វិត ក្រុង​បា​វិត​។ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ធូ​មមី ឃេ​នេ​ឌី ភេទ​ប្រុស អាយុ ប្រហែល ៣២​ឆ្នាំ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី បម្រើ​ការងារ​នៅ​កាស៊ីណូ​ជីវិន​ក្រុង​បា​វិត​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ក៏​បាន​ចូល​ដេក​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​ម្នាក់ឯង ហើយ​សង្ស័យ​ថា កើត​ខ្យល់គ គាំងបេះដូង​សន្លប់​ស្តូកស្តឹង គ្មាន​អ្នក​ណា​ឃើញ ក្រោយមក​ក៏​មាន​បុគ្គលិក​ម្នាក់​ដើរមក​ចូល​ក្នុង​បន្ទប់​សម្រាក​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​សន្លប់ ក៏​ឆោឡោ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ក្រុម​បុគ្គលិក​កាស៊ីណូ​ក៏ ប្រញាប់ប្រញាល់​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ជន​រង​គ្រោះ មក​គ្លីនិក​ឯកជន​ដើម្បី​សង្គ្រោះ តេ​យឺត​ពេល​ទៅ​ហើយ គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ ដោយ​ស្ថានភាព​អ្នកជំងឺ​ធ្ងន់ធ្ងរ​ពេក ទើប​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។

លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក សាកសព​ត្រូវ​បាន​ខាង​កាស៊ីណូ​ជីវី​ន​ដាក់​ក្នុង​ក្តា​មឈូស យក​មក​តម្កល់​ទុក​នៅ​វត្ត​ពោធិ​ថ្មី ក្រុង​បា​វិត ដើម្បី​រង់ចាំ​សាច់ញាតិ​មក​យក​ទៅ​ប្រទេស​កំណើត​វិញ រហូត​មក​ដល់​ម៉ោង​០៥​និង​០០​ល្ងាច មិន​ទាន់​ឃើញ​សាច់ញាតិ​មក​ទទួល​នៅឡើយ​ទេ​៕