ទស្សនកិច្ច​លោក​អូ​បា​ម៉ា​នៅ​ឡាវ បង្កើត​ប្រវត្តិសាស្ត្រ​គោលនយោបាយ​ការបរទេស​ថ្មី​នៃ​ទំនាក់ទំនង​អាមេរិក​-​ឡាវ និពន្ធដោយ : ទេព អ៊ីវិសាល       September-02-2016, 10:39 pm         237

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទស្សនកិច្ច​លោក​អូ​បា​ម៉ា​នៅ​ឡាវ បង្កើត​ប្រវត្តិសាស្ត្រ​គោលនយោបាយ​ការបរទេស​ថ្មី​នៃ​ទំនាក់ទំនង​អាមេរិក​-​ឡាវ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​ប្រទេស​គ្មាន​ជាប់​សមុទ្រ​មួយ​សោះ​ឡាវ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំ​តំបន់ ក៏ដូចជា​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍​ផងដែរ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រធានាធិបតី​រូបនេះ ក៏បាន​បង្ហាញ​ពី​លក្ខណៈពិសេស និង​ប្រ​វិត្ត​សាស្ត្រ​ផងដែរ​សម្រាប់​គោលនយោបាយ​ការបរទេស​របស់​ក្រុង​វ៉ាស៊ីនតោន​មកកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស​រដ្ឋ​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគេ្នយ៍​«​ឡាវ​»​តែម្តង​។

​នា​សន្និសីទ​សារព័ត៌មាន​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​០១ ខែកញ្ញា ទីប្រឹក្សា​សន្តិសុខ​រង​អាមេរិក លោក Ben Rhods បាន​ថ្លែង​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​តំបន់​អាស៊ី​ដែល​រួមមាន​ទាំង​កិច្ចប្រជុំ​ក្រុម​G20​នៅ​ចិន និង​កិច្ចប្រជុំ​កំពូល​នៅ​ឡាវ ជា​ដំណើរ​ទស្សនកិច្ច​ទី​១១​របស់លោក​ហើយ​មកកាន់​តំបន់​អាស៊ី​។ ហើយ វា ក៏​ជា​ឱកាស​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​តំបន់​អាស៊ី​ក្នុងនាម​ជា​ប្រធានាធិបតី ខណៈ​លោក​ប្រធានាធិបតី​រូបនេះ ក៏​នឹង​ជិត​ផុត​អាណត្តិ​ផងដែរ​នោះ​។

​តែ​អ្វី​គួរកត់សម្គាល់ វត្តមាន​របស់លោក​ប្រធានាធិបតី​អូ​បា​ម៉ា ដែល​ត្រូវបាន​ស្គាល់​ផងដែរ​ថា​ជា​ប្រធានាធិបតី​អាមេរិក​ដែល​ធ្វើដំណើរ​ក្រៅប្រទេស​ច្រើន​បំផុត ទៅកាន់​ឡាវ​នោះ គឺជា​រឿង​មួយ​ដ៏​ពិសេស និង​ជា​ប្រ​វ​តិ្ត​សាស្ត្រ​។ នោះ​ក៏​ព្រោះតែ ក្រៅពី​ជា​ប្រ​ធា​ធិបតី​អាមេរិក​ដំបូង​គេ​បង្អស់​ដែល​មកកាន់​ឡាវ វត្តមាន​របស់លោក ក៏​ស្ថិតនៅ​ក្នុងស្ថានភាព​មួយ​ដែល​ពិបាក​សម្រាប់​ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អាមេរិក និង​ឡាវ ដ្បិត​កេរតំណែល​សង្គ្រាម ដែល​អាមេរិក បាន​បន្សល់ទុក​ក្នុងពេល​«​សង្គ្រាម​ឥណ្ឌូចិន​ទី​២ ឬ​សង្គ្រាម​អាមេរិក​-​វៀតណាម​»​នោះឯង​។

​ប្រវត្តិ​ទំនាក់ទំនង​ការទូត​អាមេរិក​-​ឡាវ
​តាមពិតទៅ​អាមេរិក បានចាប់ផ្តើម​ចង​ភា្ជ​ប់​ចំណង​ការទូត​ជាមួយនឹង​ឡាវ​តាំងពី​ឆ្នាំ​១៩៥៥​មកម្ល៉េះ ពោលគឺ បន្ទាប់ពី​ឡាវ បានប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៤​ពី​ម្ចាស់​អាណានិគម​បារាំង​។ តែ​ចាប់ពី​ឆ្នាំ​១៩៦៤​ឡាវ បាន​ធ្លាក់​ចូលទៅក្នុង​សង្គ្រាមស៊ីវិល និង​សង្គ្រាម​ឥណ្ឌូចិន ដែល​ក្នុងនោះ ឡាវ ក៏បាន​ទទួលរង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពី​ការទម្លាក់​គ្រាប់បែក​ដោយ​សហរដ្ឋអាមេរិក​ផងដែរ​។ ក្រោម​បដិវត្តន៍​ផ្តួលរំលំ​របប​ស្តេច​នៅ​ឆ្នាំ​១៩៧៥ ឡាវ បាន​ប្រកាន់យក​របប​កុម្មុយនីស្ត ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក និង​ឡាវ កាន់តែ​ឃា្ល​ត​ឆ្ងាយ ។ តែ​នៅ​ឆ្នាំ​១៩៩២ អាម​រិ​ក និង​ឡាវ បាន​កសាង​ចំណង​ការទូត​ទ្វេភាគី​ឡើងវិញ​។ ខុសពី​វៀតណាម ដែល​ទទួលរង​នូវ​គ្រោះ​ដោយសារ​ការទម្លាក់​គ្រាប់​ដោយ​អាមេរិក រដ្ឋ​ដែល​គ្មាន​ដែនសមុទ្រ​មួយ​សោះ ឡាវ ពិបាក​នឹង​ចង​សម្ព​ន្ធ័​ជាមួយគ្នា ព្រោះ​កត្តា​ប្រវត្តិសាស្ត្រ និង​របប​នយោបាយ​។

​បើទោះបីជា​អាមេរិក និង​ឡាវ បាន​ចងសម្ព័ន្ធ​មិត្ត​ជាមួយគ្នា​តាំងពី​ឆ្នា​១៩៥៥​ក៏ដោយ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ដំបូង​គេ​បង្អស់​ដែល​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ឡាវ​គឺ​ទើបតែ​ធ្វើឡើង​នៅ​ឆ្នាំ​២០១២​តែប៉ុណ្ណោះ​។ ហើយ​រដ្ឋមន្ត្រីការបរទេស​ដំបូង​គេ​របស់​អាមេរិក​ដែល​បាន​ឈាន​ជើង​ទៅកាន់​ទឹកដី​ឡាវ នោះ​គឺ អតីតរដ្ឋមន្ត្រី​ការបរទេស​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ ចំណែក​លោក ច​ន ឃេ​រី គឺជា​ប្រមុខ​ការទូត​ទី​២ ដែល​នឹងមាន​វត្តមាន​នៅក្នុង​ប្រទេស​ឡាវ​ដែល​ទើបតែ​បំពេញ​ទស្សនកិច្ច​កាលពីពេល​ក​ន្ល​ង​ទៅ​ថ្មីៗ​នេះ​ផងដែរ​។

​ដោយសារតែ​កេរតំណែល​របស់​អាមេរិក​ជា​គ្រាប់បែក​រាប់ពាន់​គ្រាប់ បាន​បន្សល់ទុក​នៅក្នុង​ទឹកដី​ឡាវ ក៏ដូចជា​របប​នយោបាយ​ផ្ទុយគ្នា​ផងដែរ​នោះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិនសូវ​ជាមាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ប៉ុន្មាន​នោះទេ​។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​អាមេរិក ក៏បាន​បញ្ជាក់ដែរថា កន្លងមក អាមេរិក បាន​រក្សា​បង្កើន​ធនធាន និង​ជំនួយ​បន្ថែម​ជា​រៀងរាល់ឆ្នាំ​សម្រាប់​គាំពារ​ឡាវ​ក្នុងការ​បោសសម្អាត​គ្រាប់បែក ឬ​មីន​មិនទាន់​ផ្ទុះ​ដែល​បាន​បន្សល់​ពី​សង្គ្រាម​នោះ​។ ជាក់ស្តែង​នោះ កាលពី​ពីរ​ឆ្នាំមុន អាមេរិក បានផ្តល់​ជំនួយ​ដល់​ឡាវ​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​សម្រាប់​ការ​បោសសម្អាត​។ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូ​បា​ម៉ា ក៏​រំពឹងថា នឹងត្រូវ​ជជែក​ពី​បញ្ហា​នេះដែរ​៕