ម្ចាស់បារសៀមរាប​​​​សារភាព​​​​ចំពោះ​​​​បទចោទ​​​​រំលោភ​​​​កុមារ​​​​នៅ​​​​អូស្ត្រាលី

ឯកសារតុលាការបង្ហាញថា ម្ចាស់បារនៅខេត្តសៀមរាបដែលគេចាត់ទុកថាជា “មនុស្ស អាចជាប់ពាក់ព័ន្ធ” ក្នុងការបាត់ខ្លួនបងប្អូនបីនាក់នៅប្រទេសអូស្ត្រាលីខាងត្បូង បានសារភាពក្នុងករណីមួយដោយឡែកចំពោះការរំលោភ១០ករណី ពាក់ព័ន្ធនឹងក្មេងមួយចំនួន។ យោងតាមលោក កែវ ពិសិដ្ឋ អ្នកគ្រប់គ្រងបណ្តោះអាសន្ននៅបារនេះឲ្យដឹងថា លោក អានថូនី ម៉ុនរ៉ូ (Anthony Munro) អាយុ៧១ឆ្នាំ ម្ចាស់បារក្នុងក្រុងសៀមរាប បានត្រឡប់ទៅប្រទេសកំណើតរបស់លោកវិញកាលពីខែមិថុនា បន្ទាប់ពីត្រូវបានទាក់ទងដោយស្ថានទូតអូស្ត្រាលីពាក់ព័ន្ធបទចោទជាច្រើន។ លោក ពិសិដ្ឋ បាននិយាយកាលពីខែមុនថា “គាត់បានដឹងថា គាត់ធ្វើខុស”។ លោកបាននិយាយថា “គាត់បានទៅពីព្រោះ…ស្ថានទូតរបស់គាត់បានទាក់ទងគាត់” ហើយថា លោក ម៉ុនរ៉ូ បានរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់៦ឆ្នាំហើយ។ ឯកសារពីតុលាការក្រុងអាដឺឡែតបង្ហាញថា អំឡុងសវនាការកាលពីថ្ងៃទី៤ខែសីហា ដែលស្នើឡើងដោយលោក ម៉ុនរ៉ូ លោកបានសារភាពថា បានរំលោភបំពានផ្លូវភេទជនរងគ្រោះជាច្រើននាក់នៅកោះកង់ហ្គារូ រ៉ាភីដបេ និងជាយក្រុងគ្លេណិល របស់ប្រទេសអូស្ត្រាលីភាគខាងត្បូង ចន្លោះឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៨៣។ លក្ខខណ្ឌសុំនៅក្រៅឃុំរបស់លោក ម៉ុនរ៉ូ ត្រូវបានកែប្រែនៅថ្ងៃដដែលនោះដើម្បីអនុញ្ញាតឲ្យគាត់ធ្វើដំណើរទៅកោះរដ្ឋតាស្មានា នៅចន្លោះថ្ងៃទី២១ខែសីហា និងទី២៦ខែកញ្ញា សម្រាប់គោលបំណងដែលគេមិនបញ្ជាក់ឲ្យដឹង។ សវនាការបន្ទាប់របស់លោកគ្រោងធ្វើនៅថ្ងៃទី១១ខែតុលា។ យោងតាមព័ត៌មានអូស្ត្រាលី លោក ម៉ុនរ៉ូ ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់នគរបាលអូស្ត្រាលីភាគខាងត្បូង ដែលស៊ើបអង្កេតការចាប់ពង្រត់នៅឆ្នាំ១៩៦៦ដែរ គឺ ហ្គ្រែន អានណា និង ជេន អាយុពី៤ឆ្នាំដល់៩ឆ្នាំ ពីឆ្នេរសមុទ្រមួយកន្លែងនៅក្រុងអាដឺឡែត។ ការសង្ស័យជាប់ពាក់ព័ន្ធរបស់លោកក្នុងករណីនេះគឺមិនច្បាស់លាស់។ ឯកសារតុលាការបង្ហាញថា នៅឆ្នាំ១៩៩២ លោក ម៉ុនរ៉ូ ត្រូវបានផ្តន្ទាទោសទាក់ទិនករណីយាយីផ្លូវភេទក្នុងឆ្នាំ១៩៩០ និងត្រូវកាត់ទោសដាក់ពន្ធនាគារ៧ខែ។ អាយុជនរងគ្រោះមិនត្រូវបានបញ្ចេញឲ្យដឹងទេ។ នគរបាលអូស្ត្រាលីខាងត្បូងបានបដិសេធមិនផ្តល់សេចក្តីពិស្តារអំពីករណីនោះទេ ប៉ុន្តែបានលើកឡើងថា ជនរងគ្រោះជាអនីតិជន។ […]

The post ម្ចាស់បារសៀមរាប​​​​សារភាព​​​​ចំពោះ​​​​បទចោទ​​​​រំលោភ​​​​កុមារ​​​​នៅ​​​​អូស្ត្រាលី appeared first on The Cambodia Daily.