ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​អប់រំ​ម្នាក់​ត្រូវ​ប្រហារ​ជីវិត ព្រោះ​មិន​គោរព «គីម»

មិនខុសពីការលេចឮ កាលពីពេលថ្មីៗនេះ ទាក់ទងនឹងការចម្រាញ់ចេញ នូវ«ជនក្បត់បក្ស» ពីក្នុង​ជួរ​បក្ស​កុម្មុយនីស​នោះ​ឡើយ។ ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​មួយ​រូប របស់​ប្រទេស​កូរ៉េ​ខាង​ជើង ត្រូវ​បាន​ប្រហារ​ជីវិត។ សមាជិក​រដ្ឋាភិបាល​កុម្មុយនីស ចំនួន​ពីរ​រូប​ទៀត ត្រូវ​បាន​បញ្ជូន ឲ្យ​ទៅ​«រៀន​សូត្រ»​ឡើង​វិញ។
ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​អប់រំ​ម្នាក់​ត្រូវ​ប្រហារ​ជីវិត ព្រោះ​មិន​គោរព «គីម»

ពីឆ្វេងទៅស្ដាំ៖ អតីតមេទ័ពកូរ៉េខាងជើង ដែលត្រូវបានប្រហារជីវិត និងលោក គីម ជុង-អ៊ុន មេដឹកនាំវ័យ​ក្មេងសព្វថ្ងៃ របស់របបកុម្មុយនីស។ (រូបថត AFP)

លោក គីម យ៉ុង-ជីន (Kim Yong-Jin) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ របស់ប្រទេសកូរ៉េខាងជើង ត្រូវ​បានរបបកុម្មុយនីស​ប្រហារ​ជីវិត​ ពីបទ«ញុះញង់ ប្រឆាំងបក្ស និងប្រឆាំងបដិវត្តន៍» កាលពីអំឡុងខែ​កក្កដា​កន្លង​ទៅ។ នេះបើតាមការការថ្លែងឲ្យដឹង ពីសំណាក់អាជ្ញាធរ របស់ប្រទេសកូរ៉េខាងត្បូង កាលពីម្សិលម៉ិញ។

អាជ្ញាធរកូរ៉េខាងត្បូង បានបញ្ជាក់ទៀតថា តើពិតទៅ ការប្រហារជីវិតលោក គីម យ៉ុង-ជីន មិនត្រូវបានធ្វើ​ឡើង ដូចការចោទប្រកាន់ របស់របបកុម្មុយនីសនោះទេ តែជាការចម្រាញ់ចេញ នូវជនណាក៏ដោយ ដែល​មាន​អកប្បកិរិយា មិនដូចការចង់បាន របស់លោក គីម ជុង-អ៊ុន (Kim Jong-Un) អគ្គមគុទេសន៍វ័យក្មេង​​«ដ៏​មហិមា» របស់​របប​ក្រុងព្យុងយ៉ាង។

ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​អប់រំ​ម្នាក់​ត្រូវ​ប្រហារ​ជីវិត ព្រោះ​មិន​គោរព «គីម»

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ របស់កូរ៉េខាងជើង ត្រូវបានគេមើលឃើញ ថាលោកមាន​កាយវិការ​«មិនសកម្ម» នៅក្នុងអង្គប្រជុំមួយ ដែលដឹកនាំដោយលោក គីម ជុង-អ៊ុន។ លោក យ៉ុង-ជីន ត្រូវ​បាន​គេ​ឃាត់​ខ្លួន​ភ្លាមៗ នៅក្រោយអង្គប្រជុំនោះ និងបញ្ជូនទៅសួរចម្លើយ ហើយលោកត្រូវបាន​គេយក​ទៅ​ប្រហារជីវិត នៅ​ពេល​ក្រោយ​មក។

សមាជិករដ្ឋាភិបាលកុម្មុយនីស ចំនួនពីរនាក់ទៀត ក៏ត្រូវបានឃាត់ខ្លួនដែរ មុននឹងពួកគេត្រូវបានបញ្ជូន ឲ្យ​ទៅ​រៀន​សូត្រ«ឡើងវិញ» នៅក្នុងមន្ទីរកែប្រែដាច់ស្រយ៉ាល។ ម្នាក់ពីក្នុងចំណោម សមាជិករដ្ឋាភិបាល​ទាំងពីរ​នាក់​នោះ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ថាជាលោក គីម យ៉ុញ-ជុល (Kim Yonh-Chol) មន្ត្រីទទួលខុសត្រូវ ខាង​កិច្ចការ​កូរ៉េ​ទាំង​ពីរ និង​​ខាង​​ចារកម្មរបស់ប្រទេស​កូរ៉េខាងជើង។

ចម្រាញ់ចោលជាង១០០នាក់...

តាំងពីឡើងមកកាន់អំណាច នៅចុងឆ្នាំ២០១១ បន្ទាប់ពីមរណភាព របស់ឪពុករបស់លោកមកនោះ លោក គីម ជុង-អ៊ុន មេដឹកនាំវ័យក្មេង បានធ្វើការចម្រាញ់ចេញយ៉ាងខ្លាំងក្លា នូវអ្នកទទួលខុសត្រូវជាន់ខ្ពស់  ណាក៏ដោយ ដែល​ត្រូវ​បាន​របប​មើលឃើញថា «ជាឧបសគ្គ ដល់កង់បដិវត្តន៍» នៃរបបកុម្មុយនីស។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង ហៅថា «Yonhap» បានបញ្ចេញរបាយការណ៍ ឲ្យដឹងថា ឥរស្សជនសំខាន់ៗ​កូរ៉េ​ខាង​ជើង ច្រើនជាង០០នាក់ ត្រូវបានប្រហារជីវិត នៅក្រោមបញ្ជារបស់លោក គីម ជុង-អ៊ុន។ កាលពីប៉ុន្មាន​ខែ​មុន មេទ័ព​ធំបំផុត​របស់របកុម្មុយនីស (រូបថតខាងលើបំផុត) ក៏ត្រូវបានប្រហារជីវិតដែរ ក្រោមបទចោទ​ប្រកាន់ ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ និងបានបង្កើតទម្រង់នយោបាយ ខុសពីចរន្ដនយោបាយរបស់បក្ស។

ប៉ុន្តែការប្រហារជីវិត ដែលបានបង្កការភ្ញាក់ផ្អើលខ្លាំងជាងគេ ជាការប្រហារជីវិតលោក ចាំង សុង-តឹក (Jang Song-taek) ដែលត្រូវជាឪពុកមាសាច់ថ្លៃ របស់លោក គីម ជុង-អ៊ុន ផ្ទាល់តែម្ដង។ របាយការណ៍ជាច្រើន បាន​ឲ្យ​ដឹង​ថា លោក សុង-តឹក ត្រូវបានប្រហារជីវិត ជាសាធារណៈ ក្រោមស្ថានភាពធ្វើទារុណកម្មដ៏អាក្រក់ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣កន្លងទៅ៕