ពេល​ទៅ ប្តី​ស្រែ​កថា «​ទុក​កូន​ឱ្យ​នៅ​ហ្នឹងហើយ ប្រយ័ត្ន​មិន​ទាន់ដង្ហើម​អញ​» ពេល​មក​ប្រពន្ធ​ស្រែក​…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ព្យាយាម​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ដោយ​ផឹកថ្នាំ​បំពុល​ចំនួន​២​លើក​ហើយ​តែ​មិន​បាន​សម្រេច លុះ​លើក​ចុង​ក្រោយ​នេះ​បាន​ចង​.​ក​នៅ​លើ​ដើម​ស្វាយ​ស្លាប់​ចោល​ប្រពន្ធ និង​កូនប្រុស​-​ស្រី​៣​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ព្រែក​អំពិល ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉ុ​ន ប៊ុ​ន​ធឿ​ន អាយុ​៣៥​ឆ្នាំ ជា​កសិករ មាន​ប្រពន្ធ​ឈ្មោះ ម៉ូត ស៊ី​ណេ​ត អាយុ​៣៤​ឆ្នាំ មានកូន​៣​នាក់ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា រយៈពេល​កន្លង​មកនេះ​បុរស​រង​គ្រោះជា​ប្តី​នេះ​ពេល​ផឹកស្រា​ស្រវឹង​ម្តង​គឺ​តែងតែ​រករឿង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ដោយ​ចោទប្រកាន់​ថា លួច​មាន​ប្រុស​ថ្មី ។ ក្រោយ​ពី​ឈ្លោះប្រកែក​គ្នា បុរស​ជា​ប្តី​បាន​ផឹកថ្នាំ​បំពុល​ប៉ង​ធ្វើ​អត្តឃាត​២​លើក​រួច​មក​ហើយ តែ​មិន​បាន​សម្រេច ដោយសារ​តែ​មានការ​ជួយ​សង្គ្រោះ​ទាន់ ។

លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​១​កញ្ញា​(​ថ្ងៃ​កើតហេតុ​) ជន​រង​គ្រោះ​មាន​សភាព​ស្រវឹងស្រា​បាន​ស្រែក​ឡូឡា​ចោទ​ស្ត្រី​ប្រពន្ធ​ថា លួច​មាន​ប្រុស​ថ្មី ដោយ​ការ​ចោទ​នោះ​គ្មាន​ហេតុផល​ទេ ។ ពាក្យ​ចោទប្រកាន់​ខុស​ពី​ការ​ពិត​នេះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​កើតក្តី​ខឹងសម្បារ​ដែរ ក៏​តប​ទៅ​វិញ​រហូត​មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក​រៀង​ៗ​ខ្លួន ។

បន្ទាប់​ពី​ឈ្លោះ​គ្នា ប្រពន្ធ​បាន​នាំ​កូន​ៗ​បម្រុង​​ទៅ​មើល​ប្អូនថ្លៃ​ឆ្លងទន្លេ​នៅ​មណ្ឌល​សុខភាព​ឃុំ​ព្រែក​អំពិល ខណៈនោះ​ត្រូវ​បុរស​រង​គ្រោះជា​ប្តី​ស្រែ​កថា «​ទុក​កូន​ឱ្យ​នៅ​ហ្នឹងហើយ ប្រយ័ត្ន​មិន​ទាន់ដង្ហើម​អញ​» ប៉ុន្តែ​ប្រពន្ធ​មិន​បាន​ចាប់អារម្មណ៍​ទេ ក៏​នាំ​កូន​ៗ​ទៅ​មណ្ឌល​សុខភាព​បាត់​ទៅ ។ លុះដល់​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ដដែល ពេល​ប្រពន្ធ​នាំ​កូន​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ប្រទះ​ឃើញ​ប្តី​ចង​.​កដោយ​ខ្សែ​គោ​នៅ​លើ​ដើម​ស្វាយ​ខាង​មុខ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ក៏ស្រែក​ផ្អើល​ឆោឡោ​ហៅ​អ្នក​ជិតខាង មក​ជួយ​ស្រាយ ៕