លោក ផៃ ស៊ីផាន៖ លោក សម រង្ស៊ី យកឈាមខ្មែរដើម្បីអំណាចផ្ទាល់ខ្លួន

អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីថ្លែងការណ៍តាមរយៈហ្វេសប៊ុក (Facebook) របស់លោក ដោយចោទប្រកាន់ថា ការព្រួយរបស់លោក សម រង្ស៊ី រឿងចល័តកម្លាំងទ័ពនៅជុំវិញទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នោះថា ជាពាក្យពាល ញុះញង់ បំផ្លាញសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ។ ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ថាមិនចាប់អារម្មណ៍នឹងសេចក្ដីថ្លែងការណ៍នេះទេ ដោយលើកឡើងថា ក្រុមប្រតិកម្មរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ជាក្រុមប្រកែករហ័សទៅវិញ។

ក្នុងសេចក្ដីថ្លែងការណ៍ដែលសរសេរលើហ្វេសប៊ុក របស់ខ្លួន អមដោយរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានហៅលោក សម រង្ស៊ី ថា ទណ្ឌិត។ លោកថា ការលើកឡើងរបស់លោក សម រង្ស៊ី ដែលរិះគន់សកម្មភាពហ្វឹកហ្វឺនសាកល្បងកម្លាំងចល័តរបស់ក្រសួងការពារជាតិនោះ ជាការប្រមាថដល់រាល់កងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស និងរដ្ឋាភិបាល។

លោក ផៃ ស៊ីផាន យល់ថា ការព្រួយបារម្ភរបស់លោក សម រង្ស៊ី ជាពាក្យពាល ញុះញង់ ក្នុងទិសដៅនៃការបង្កើតទុក្ខសោក យកភាពសុខសាន្តរបស់ប្រជារាស្ត្រខ្មែរជាចំណាប់ខ្មាំងដើម្បីយកឈាមខ្មែរជាកម្រាលដើរទៅកាន់អំណាចនាយករដ្ឋមន្ត្រី។

ប្រតិកម្មរបស់លោក ផៃ ស៊ីផាន បែបនេះ បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងពីប្រទេសបារាំង តាមរយៈអាស៊ីសេរី ថា កាលពីថ្ងៃទី៣១ ខែសីហា ដោយចោទប្រកាន់ថា ការចល័តក្រុមកងទ័ពជើងគោក ជើងទឹក និងជើងអាកាសនៅជុំវិញទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ជាការបំភិតបំភ័យដល់ម្ចាស់ឆ្នោត ខណៈការបោះឆ្នោតជិតចូលមកដល់។ លោកថា មានតែមនុស្សពាល មនុស្សតិរច្ឆានទេដែលប្រើមធ្យោបាយបែបនេះមកសម្លុតប្រជាពលរដ្ឋខ្មែរគ្នាឯង៖ «»។

បន្ទាប់ពីមិនបានទទួលការលើកទឹកចិត្តពីបក្សប្រឆាំងស្ដីពីការហ្វឹកហ្វឺនសាកល្បងសមត្ថភាពកម្លាំងចល័តរបស់ក្រុមកងទ័ព ក្រសួងការពារជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយដោយថ្កោលទោសអ្នករិះគន់សកម្មភាពនេះ។ សេចក្ដីថ្លែងការណ៍ចេញក្រោយមួយថ្ងៃនៃសមយុទ្ធកណ្ដាលក្រុងភ្នំពេញ ដ៏កម្របែបបទ និងជួនពេលដែលនាយឧត្ដមសេនីយ៍ផ្កាយមាស៤ លោក គន់ គីម ប្រកាសថា លោកនឹងជួយចាប់ខ្លួនលោក សម រង្ស៊ី និងលោក កឹម សុខា បើមានសំណើពីតុលាការ។

ចំណែកតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថា លោកមិនចាប់អារម្មណ៍នឹងប្រតិកម្មរបស់លោក ផៃ ស៊ីផាន ទេ។ លោកថា គណបក្សសង្គ្រោះជាតិ គ្មានកងកម្លាំង និងអាវុធដើម្បីបង្ហូរឈាមខ្មែរទេ៖ «»។

អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា សកម្មភាពល្បាតរបស់កងទ័ពអាចជាការគោះទឹកបង្អើលត្រី ចង់ដឹងពីកម្លាំងប្រតិកម្មរបស់គណបក្ស ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា៕

ប្រភព៖ RFA


Related Posts