បញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្តីបដិសេធឌីជេ ខ្លា ជាអតីតទាហានក្នុងស្ថាប័នខ្លួន

ស្នងការដ្ឋានបុគ្គលិក-បណ្ដុះបណ្ដាល នៃបញ្ជាការដ្ឋានអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធព័ត៌មានដែលថា លោក ញ៉ែម ផល្លា ហៅ ឌីជេ (DJ) ខ្លា ជាអតីតអង្គរក្សក្នុងស្ថាប័នរបស់ខ្លួន និងហៅព័ត៌មាននេះថា ជាការកុហកបោកប្រាស់។

ការចេញសេចក្ដីប្រកាសនៅថ្ងៃទី២ កញ្ញា នេះ គឺកើតឡើងបន្ទាប់ពី ឌីជេខ្លា ផ្តល់សម្ភាសន៍ ដល់ លោក ជុន ច័ន្ទបុត្រ នៃអាស៊ីសេរី កាលពីយប់ថ្ងៃទី ១ កញ្ញា។

សេចក្ដីប្រកាសដដែល បាន បញ្ជាក់ថា ការប្រកាសរបស់ ឌីជេខ្លា ខ្លួនឯង ដែលថាជាអតីតទាហានមានឋានន្តរសក្ដិអនុសេនីយ៍ឯក បម្រើការក្នុងស្នងការឃោសនា-ព័ត៌មាន បញ្ជាការដ្ឋានអង្គរក្សនោះ ជាការបោកប្រាស់បំភ័ន្តមតិមិត្តអ្នកស្ដាប់ និងប្រជាពលរដ្ឋទាំងស្រុង។

កាលពីថ្ងៃទី១ កញ្ញា ឌីជេ ខ្លា បានថ្លែងប្រាប់អាស៊ីសេរីថា លោកគឺជាអតីតទាហាន ក្នុងអង្គភាពអង្គរក្សលោក ហ៊ុន សែន និងជាអ្នកចម្រៀងរ៉េបក៏ល្បីល្បាញម្នាក់ ដែលធ្លាប់ច្រៀងលើកសរសើរលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

កាលពីឆ្នាំ២០១៣ ឌីជេ ខ្លា បានងាកមកគាំទ្រ និងលើកសរសើរគណបក្សសង្គ្រោះជាតិវិញ ក្រោយពីលោកបម្រើការងារនៅកងអង្គរក្សបាន ចំនួន៣ឆ្នាំ។

ប៉ុន្តែយ៉ាងណាក៏ដោយ បញ្ជាការដ្ឋានអង្គរក្សលោក ហ៊ុន សែន ស្នើឌីជេ ខ្លា បង្ហាញអត្តលេខសំគាល់ខ្លួន និងភស្តុតាង ដើម្បីបញ្ជាក់ការពិត។ ស្ថាប័ននេះក៏លើកឡើងដែរ ថា គេស្គាល់ឌីជេ ខ្លា យ៉ាងច្បាស់ តាមរយៈចម្រៀងរបស់លោក នៅទីលានប្រជាធិបតេយ្យ ដែលច្រៀងមើលងាយរដ្ឋាភិបាល និងលោក ហ៊ុន សែន ប៉ុណ្ណោះ៕

ប្រភព៖ RFA


Related Posts