ក្រសួងការពារជាតិថ្កោលទោសអ្នករិះគន់ការចល័តទ័ពថាជាការបំភិតបំភ័យ

ភ្នំពេញៈ ក្រសួងការពារជាតិកាលពីម្សិលមិញបានធ្វើការថ្កោលទោស និងច្រានចោលនូវការរិះគន់មួយចំនួនដែលថាការចល័តកម្លាំងទ័ពកាលពីថ្ងៃពុធ និងបន្តដល់ថ្ងៃម្សិលមិញជាពិសេសនៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលើជាការគំរាមកំហែង និងបំភិតបំភ័យមេដឹកនាំគណបក្សប្រឆាំងដោយលើកហេតុផលថានេះជា «ការហ្វឹកហ្វឺនសាកល្បង» អំពីសមត្ថភាពកងកម្លាំងរបស់ក្រសួង។

អ្នកនាំពាក្យក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថាការហោះហើរឧទ្ធម្ភាគចក្រយោធា និងការចល័តកម្លាំងទ័ពជើងទឹក និងជើងគោកកាលពីថ្ងៃទី ៣១ សីហានៅលើតំបន់មួយចំនួនក្នុងរាជធានី និងខេត្តកណ្តាលគឺជាការហ្វឹកហ្វឺនសាកល្បងសមត្ថភាព «កម្លាំងចល័តរហ័ស» របស់ក្រសួងការពារជាតិតែប៉ុណ្ណោះ។ «ការហ្វឹកហ្វឺនជាភារកិច្ចចាំបាច់មិនអាចខ្វះបានក្នុងការកសាងកងយោធពលខេមរភូមិន្ទដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធការពារបូរណភាពទឹកដី។ ប្រការនេះគួរតែត្រូវបានលើកទឹកចិត្តពីអ្នកនយោបាយដែលមានឆន្ទៈសេ្នហាជាតិពិតប្រាកដ»។

ក្រសួងបន្តថាអ្នកនយោបាយមួយចំនួនគួរតែលើកទឹកចិត្តចំពោះការប្រឹងប្រែងមួយនេះតែបែរជាចោទថា «គំរាមកំហែង និងបំភិតបំភ័យខ្លួន» ទៅវិញ។ អ្នកនាំពាក្យក្រសួងការពារជាតិបានចោទសួរថាអ្នកនយោបាយមួយចំនួននេះបែរជាឃោសនា «អួតក្អេងក្អាងថាពួកគេគឺជាអ្នកសេ្នហាជាតិ និងការពារជាតិតើពួកគេធ្វើនយោបាយដើម្បីអ្វីនៅពេលដែលឃើញកងទ័ពរបស់ខ្លួនមានការរីកចម្រើនបែរជាមិនគាំទ្រទៅវិញ»។

សេចក្តីថ្លែងការណ៍លើកឡើងថាអ្វីដែលជាការរិះគន់គឺក្រសួងមើលឃើញថាជា «ចេតនាបង្ខូចកិត្តិយសកងយោធពលខេមរភូមិន្ទដែលកំពុងប្រកាន់តួនាទីអព្យាក្រឹតរបស់ខ្លួនក្នុងកិច្ចការពារបូរណភាពទឹកដី និងរាជរដ្ឋាភិបាលស្របច្បាប់»។

ប៉ុន្តែទោះយ៉ាងណាក្រុមអ្នកលេងហ្វេសប៊ុកជាច្រើនបានចោទជាសំណួរថាប្រសិនបើក្រសួងការពារជាតិធ្វើការហ្វឹកហ្វឺនសាកល្បងកម្លាំងមែនហេតុអ្វីក៏កងកម្លាំងទាំងជើងទឹក និងជើងគោកទៅក្រវែលចុះឡើងៗតែនៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិខណៈដែលឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបានហោះបន្ទាបខ្លួនឆ្វែលចុះឡើងៗនៅពីលើទីស្នាក់ការគណបក្សជាទីដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សបានសម្ងំនៅមួយកន្លែងអស់រយៈពេលជាង ៣ ខែមកហើយ។

កាលពីម្សិលមិញគេក៏នៅតែសង្កេតឃើញមានឧទ្ធម្ភាគចក្រយោធាហោះឆ្វែលចុះឡើងៗពីលើអគារស្នាក់ការគណបក្សសង្គ្រោះជាតិហើយកងទ័ពជាច្រើនពាក់ម៉ាស់បិទមុខខ្មៅត្រូវបានគេដឹកតាមរថយន្តជាច្រើនគ្រឿងកាត់ពីមុខទីស្នាក់ការខណៈនៅក្នុងទន្លេខាងក្រោយទីស្នាក់ការមានកងកម្លាំងជិះលើអូប័រ។

លោក រៀល ខេមរិន្ទ្រ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិយល់ថាសកម្មភាពរបស់យោធានេះ «មិនមែនជារូបភាពល្អ» នោះទេតែជាការ «បំភិតបំភ័យដល់គណបក្សសង្គ្រោះជាតិ»។

លោកថ្លែងថា៖ «បន្ទាប់ពីប្រសាសន៍របស់លោក គន់ គីម ក៏មានការបញ្ជូនទ័ពតាមផ្លូវទឹក ផ្លូវគោក។ នេះជារូបភាពមិនល្អសម្រាប់ជាតិ។ នេះមិនបានបង្ហាញថាប្រទេសយើងមានសន្តិភាពឡើយ»។

ទោះបីយ៉ាងណាលោកក៏សូមគាំទ្របើសិនជាសកម្មភាពទាំងនោះជាការហ្វឹកហាត់របស់កងទ័ពក្នុងបុព្វហេតុការពារជាតិ។

លោកឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទបានធ្វើការព្រមានមួយថ្ងៃមុនការដាក់ពង្រាយយោធានេះទៅដល់មេដឹកនាំបក្សប្រឆាំងគឺលោក សម រង្ស៊ី និងលោក កឹម សុខា ដែលកំពុងរុំព័ទ្ធទៅដោយសំណុំរឿងជាច្រើននៅតុលាការថាយោធានឹងចាប់ខ្លួនអ្នកទាំងពីរបើមានបញ្ជាពីតុលាការ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts