ការសិក្សា៖ មានមនុស្ស ២៦០០ លាននាក់ កំពុងរស់នៅក្នុងតំបន់ហានិភ័យដោយមេរោគហ្ស៊ីកា

មេរោគហ្ស៊ីកាបាន និងកំពុងបន្តបំផុសឲ្យមានក្តីបារម្ភកាន់តែខ្លាំងចំពោះពិភពលោក។ តាមលទ្ធផលនៃការសិក្សា ស្រាវជ្រាវមួយចេញផ្សាយក្នុងថ្ងៃសុក្រ ទី២ កញ្ញាឲ្យដឹងថា មានមនុស្សចំនួន ១ភាគ៣ក្នុងលោក ពោល ២ ៦០០លាននាក់កំពុងរស់នៅក្នុងប្រទេសដែលមេរោគហ្ស៊ីកាអាចនឹងឆ្លងរាតត្បាតក្រោយទ្រង់ទ្រាយធំពិបាកទប់ស្កាត់។ តំបន់ដែលប្រឈមនឹងហានិភ័យមេរោគហ្ស៊ីកាខ្លាំងជាងគេ គឺនៅអាហ្រ្វិក និងនៅអាស៊ី។

លទ្ធផលនៃការសិក្សានេះបានធ្លាក់មក បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសអាសន្នជាច្រើនដងស្តីពីមេរោគមួយដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងអាចឆ្លងរាតត្បាតនៅទូទាំងពិភពលោក។

លទ្ធផលនៃការសិក្សានេះបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមួយក្រុមដឹកនាំដោយគ្រូពេទ្យជនជាតិកាណដា ហើយនេះជាលើកទី១ បង្អស់ដែលមានការសិក្សា ការវាយតម្លៃ និងការស្ទង់ពីដំណើរវិវត្តន៍របស់មេរោគហ្ស៊ីកានៅក្នុងលោក។ តួលេខនៃចំនួនមនុស្ស ២ ៦០០លាននាក់ដែលអាចប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគហ្ស៊ីកា គឺច្រើនសម្បើម និងពិតជាគួរឲ្យព្រួយបារម្ភក្រែលែង។ តែមុននឹងហ៊ានផ្សព្វផ្សាយតួលេខនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសិក្សាដោយផ្អែកលើកត្តាសន្យានុម័តមួយចំនួន រួមមាន គន់គូរពីចំនួនមនុស្សដែលធ្វើដំណើរចេញ ចូលពីបណ្តាប្រទេសក្នុងទ្វីបអាមេរិកដែលកំពុងគ្របដណ្តប់ខ្លាំងដោយមេរោគហ្ស៊ីកា លក្ខខណ្ឌអាកាសធាតុ អត្រាសន្ធភាពប្រជាជន និងប្រសិទ្ធិភាពនៃប្រព័ន្ធសុខាភិបាល។

ទន្ទឹមគ្នានេះ តួលេខនៃចំនួនមនុស្ស ២ ៦០០លាននាក់កំពុងរស់ក្នុងប្រទេសដែលអាចឆ្លងមេរោគហ្ស៊ីកាក៏ត្រូវបានក្រុមអ្នកស្រាវជ្រាវសំអាងលើសេណារីយ៉ូដូចគ្នាបិះបិទនឹងតំបន់ឆ្លងជម្ងឺគ្រុនឈាម។ ការហ៊ានអះអាងយ៉ាងនេះមកពីក្រុមអ្នកស្រាវជ្រាវយល់ឃើញថា មេរោគហ្ស៊ីកា និងមេរោគគ្រុនឈាមត្រូវបានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយប្រភេទមូសខ្លាដូចគ្នា។ គួររម្លឹកជូនថា មេរោគហ្ស៊ីកាបានលេចរូបរាងដំបូងក្នុងឆ្នាំ ១៩៤៧ លើសត្វស្វាមួយ មុននឹងឆ្លងរាលដាលលើមនុស្សនៅក្នុងបណ្តាប្រទេសអាហ្រ្វិក និងអាស៊ីចាប់តាំងពីទសវត្សឆ្នាំ ៧០។

អាហ្រ្វិក និងអាស៊ីជាតំបន់អំណោយផលខ្លាំងនៃការវិវត្តន៍របស់មូសខ្លា

បច្ចុប្បន្ន មេរោគហ្ស៊ីកាកំពុងឆ្លងរាតត្បាតគួរឲ្យព្រួយប្រាម្ភនៅតាមបណ្តាប្រទេសក្នុងទ្វីបអាមេរិក។ គ្រាន់តែប្រទេសប្រេស៊ីលមួយមានអ្នកផ្ទុកមេរោគហ្ស៊ីកាក្នុងខ្លួនដល់ទៅ ១លាន ៥សែននាក់។ ការដែលលទ្ធផលនៃការសិក្សាបានទាញសញ្ញាអាសន្នខ្លាំងលើការឆ្លងរាតត្បាតមេរោគហ្ស៊ីកានៅក្នុងបណ្តាប្រទេសអាហ្វ្រិក និងប្រទេសអាស៊ីក៏ដោយសារថា អាកាសធាតុ និងលក្ខខណ្ឌធម្មជាតិនៅក្នុងតំបន់ទាំងនោះបានផ្តល់អំណាចផលខ្លាំងដល់ការរស់នៅ និងការអភិឌ្ឍន៍មូសខ្លា។ បណ្តាប្រទេសអាស៊ីដែលអាចប្រឈមនឹងមេរោគហ្ស៊ីកាខ្លាំងជាងគេមានឥណ្ឌាដែលអាចឆ្លងលើមនុស្ស ១ ២០០លាននាក់ ចិនចំនួន ២៤២លាននាក់ ឥណ្ឌូណេស៊ីចំនួន ១៩៧លាននាក់ ប៉ាគីស្ថានចំនួន ១៦៨លាននាក់ និងបង់ក្លាដែសចំនួន ១៦៣លាននាក់។

បន្ទាប់មកនៅមានប្រទេសសិង្ហបុរីដែលកំពុងមាន ១៥០ករណី និងម៉ាឡេស៊ីដែលទើបរកឃើញ ១ករណី។ ចំណែកប្រទេសវៀតណាម ហ្វីលីពីន និងប្រទេសថៃក៏អាចនឹងទទួលរងផលប៉ះពាល់តិច ឬច្រើនដូចបណ្តាប្រទេសអាហ្វ្រិកផ្សេងទៀត រួមមានតង់ហ្សនី ស៊ូដង់ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ក្រៅពីការឆ្លងតាមមូសខ្លា មេរោគហ្ស៊ីកាក៏អាចឆ្លងតាមរយៈការរួមភេទជាមួយមនុស្សដែលមានផ្ទុកមេរោគហ្ស៊ីកាដែរ។

ទោះជាយ៉ាងនេះក្តី និងដោយអវត្តមានថ្នាំវ៉ាក់សាំងដើម្បីការពារ វិធានការ និងអនុសាសន៍របស់អង្គការសុខភាពពិភពលោកនៅចំពោះមុខ គឺកំចាត់ជម្រកមូសខ្លា។ តែអ្វីដែលជាក្តីបារម្ភខ្លាំងនោះ គឺខ្លាចតែមេរោគមួយនេះអាចឆ្លងពីមនុស្សទៅមនុស្សដោយផ្ទាល់៕

ប្រភព៖ RFI


Related Posts