សម្រុក​​ចែក​អត្ដ​សញ្ញាណ​ប័ណ្ណ​ ដើម្បីទៅបោះឆ្នោត

ខេត្ដសៀមរាប ៖ កម្លាំង​នគរបាល​ចំណុះ​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សម្រុក​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ខ្នង​ផ្ទះ​ក្នុងស្រុក​ជីក្រែង ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពួក​គាត់​ទាំងអស់​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ចាប់​ដំណើរការ​នៅ​ថ្ងៃ​ទី​១ កញ្ញា​តទៅ ។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​១ កញ្ញា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ផង​នោះ កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង បន្ត​ចុះ​សំណេះសំណាល​សួរសុខទុក្ខ ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ក្នុងភូមិ​សាស្ត្រ​ដែល​ខ្លួន​គ្រប់គ្រង និង​បាន​ធ្វើការ​ចែក​ជូន​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ​ក្នុង​នោះ​បាន​ស្រង់​ស្ថិតិ​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ដឹង​ថា​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ​ហើយ​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ក្រុម​គ្រួសារ​ដែល​មិន​ទាន់​បាន​ធ្វើ​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ​កម្លាំង​នគរបាល​យើង​បាន​ជំរុញ​ពួក​គាត់​មក​ធ្វើ​ឱ្យ​បាន​គ្រប់​ៗ​គ្នា ។

ឆ្លៀត​ក្នុង​ឱកាស​នោះ កម្លាំង​នគរបាល​យើង​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ទទួល​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ក៏​ដូច​ជា​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ​ហើយ សូម​ជួយ​ថែរក្សា​ឱ្យ​បាន​ត្រឹមត្រូវ គង់វង្ស មិន​ត្រូវធ្វើ​ឱ្យ​ខូច​ឬ​បាត់បង់​ឡើយ ។ បើ​មាន​ករណី​បាត់បង់ សូម​មក​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​នគរបាល ដើម្បី​ជៀសវាង​កុំឱ្យ​ជនខិលខូច​រើស​បាន​យក​ទៅ​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ​ដែល​ធ្វើ​ឱ្យ​យើង​មានទោស ឬ​ធ្វើការ​ចម្លង​ថ្មី​សា​ឡើង​វិញ ពី​ព្រោះថា​វត្ថុ​ទាំងនេះ​មាន​សារសំខាន់​ណាស់ ជា​ពិសេស​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នេះឯង សម្រាប់​បំពេញបែបបទ​អ្វី​ផ្សេង​ៗ ហើយ​វា​ជា​ការ​សំគាល់​អត្តសញ្ញាណ​របស់​សាមីខ្លួន ។

ក្នុង​នាម​កងកម្លាំង​នគរបាល​ខេត្តសៀមរាប​ទាំងអស់ សូម​ធ្វើការ​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យ​បាន​ជ្រាប​ថា ប្រសិនបើ​មាន​មន្ត្រី​នគរបាល​ណា​ម្នាក់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ​យក​ប្រាក់​លើស​ពី​ច្បាប់​កំណត់​របស់​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ សូម​បងប្អូន​សរសេរ​ឈ្មោះ អត្តលេខ និង​ថតរូប​ឲ្យ​បាន​ច្បាស់ រាយការណ៍​ជូន​ថ្នាក់ដឹកនាំ ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​យើង​មាន​វិធានការ​ដោះស្រាយ និង​ទប់ស្កាត់​ជូន​បាន​ទាន់​ពេលវេលា ៕