2​ដួងនេះ ​នឹង​មក​ជួប​ប្រិ​យ​មិត្ត​​កម្ពុ​ជានា​​​ខែតុលា​​

តារា​ប្រុស​លំដាប់​ជួរ​មុខ​របស់​ថៃ លោក James Jirayu នឹង​ដឹក​ដៃ​កញ្ញា Bella ធ្វើ​ដំណើរ​ពិសេស​ មក​កាន់​រាជ​ធានីភ្នំពេញ​ ដើម្បី​ជួប​ជាមួយ​ប្រិ​យ​មិត្ត​របស់​ខ្លួន​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​០៩ ​តុលា​ ខាង​មុខ​នេះ ​។

ដំណើរ​មក​ដល់​ទឹកដី​ដ៏​ស្រស់បំព្រង​របស់​កម្ពុជា​​លើក​នេះ កំពូល​តារាភាពយន្ត​ដ៏​ល្បី​ទាំង​ពីរ​ដួង​ប្រចាំ​ស្ថានីយទូរទស្សន៍​ដ៏​ល្បី​របស់​ថៃ​​TV3 នឹង​ទទួល​ពិធី​ស្វាគមន៍ ក៏​ដូច​ជា​ចូលរួម​ក្នុង​ជំនួប​ពិសេស​មួយ​មានឈ្មោះ​ថា «​វេទិកា​តារា​ថៃ​ប្រចាំ PNN ២០១៦» នៅ​ឯ​ផ្សារ​ទំនើប​អ៊ី​អន រាជធានីភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក James Jirayu និង​កញ្ញា Bella បាន​ចាប់​ដៃគូ​សម្តែង​ជាមួយ​គ្នា​ក្នុង​រឿង​ភាគ​ដ៏​ល្បី​បំផុត​របស់​ថៃ​ចំនួន​ពីរ ​គឺ​រឿង​សុភាព បុរស​ទាំង​៥ ឬ Suparburoot Jutathep Series និង​រឿង​ភរិយា​បណ្តូលចិត្ត ឬ Beloved Loyal Wife​។ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ភី​អិន​អិន​ ក៏​នឹង​ចាក់​ផ្សាយ​ជូន​ទូរទស្សនិកជន​បាន​តាមដាន​ទស្សនា​នូវ​រឿង​ទាំង​ពីរ​នេះ​ផង​ដែរ​។

James មានឈ្មោះ​ពិត Jirayu Tangsrisuk គឺជា​តារា​សម្តែង អ្នកចម្រៀង និង​ជា​អ្នក​បង្ហាញ​ម៉ូ​ដ ​។ នៅ​ក្នុង​ឆ្នាំ​២០១១ James ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​របស់​ផលិតផល​គ្រឿងសម្អាង Mistine ហើយ​ក៏​បាន​ចាប់ផ្តើម​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូ​ដ​។ ២០១៣ គឺជា​ឆ្នាំ​ដែល​James ចាប់ផ្តើម​ប្រឡូក​ក្នុង​ការ​សម្តែង​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​រឿង​ភាគ​ដ៏​ល្បី​បំផុត​របស់​ថៃ «Suparburoot Jutathep» ដោយ​ចាប់​ដៃគូ​ជាមួយ​តួឯក​ស្រី​កញ្ញា Bella Ranee​។ ឆ្នាំ​នោះ​ដដែល James និង​Bella បាន​ទទួល​ពានរង្វាន់​ជា Fantasy Couple of the Year​ពី Kerd Awards បន្ទាប់​ពី​ពួក​គេ​បាន​សម្តែង​រួម​គ្នា​នៅ​ក្នុង​រឿង​មួយ​នេះ​។

នៅ​ឆ្នាំ​២០១៥ James ចាប់​ដៃគូ​ជាមួយ​យ៉ា​យ៉ា សម្តែង​នៅ​ក្នុង​រឿង Neung Nai Suang ឬ​ចិត្ត​ស្អប់​បង្កប់​ស្នេហ៍ ដែល​ភី​អិន​អិន​បាន​ចាក់​ផ្សាយ​រឿង​នេះ​រួច​មក​ហើយ​នា​ពេល​កន្លង​មក​។ សម្រាប់​ឆ្នាំ​២០១៦​នេះ​វិញ តារា​ប្រុស​វ័យ​២៣​ឆ្នាំ James Jirayu និង​តារា​ស្រី​វ័យ​២៦​ឆ្នាំ Bella Ranee បាន​សម្តែង​រួម​គ្នា​ម្តងទៀត​នៅ​ក្នុង​រឿង​ភរិយា​បណ្តូលចិត្ត ឬ Beloved Loyal Wife ដែល​ភី​អិន​អិន​បាន​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការ​ចាក់​ផ្សាយ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ។