ជប៉ុន​ ចង់​បាន​រថ​ពាស​ដែក​ហែល​ទឹក​សម្រាប់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​

ក្រុងតូក្យូៈ ភាពតានតឹងកំពុងពុះងំនៅសមុទ្រចិនខាងត្បូងបាន នាំឲ្យជប៉ុនចំណាយប្រាក់ដ៏ច្រើន លើគ្រឿងសព្វាវុធផលិតនៅចក្រភពអង់គ្លេស ដើម្បីត្រៀមខ្លួន សម្រាប់ការប្រឈមមុខដាក់គ្នាជាមួយចិន។ការសម្ញែងកម្លាំងយោធាថ្មីៗរបស់កូរ៉េខាងជើង ក៏ជាបុព្វហេតុធ្វើឲ្យជប៉ុនបម្រុងគ្រឿងសព្វាវុធខ្លួនផងដែរ។

ជប៉ុន​ ចង់​បាន​រថ​ពាស​ដែក​ហែល​ទឹក​សម្រាប់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​

ភាពបដិបក្ខរវាងចិន និងជប៉ុនជុំវិញប្រជុំកោះដែលមានជម្លោះមួយបានធ្វើឲ្យក្រសួងការពារ ជាតិជប៉ុនប្រដេញការបន្ថែមថវិកា ទិញយុទ្ធោបករណ៍ថ្មីៗជាច្រើន។ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីថ្ងៃពុធថា ក្នុងចំណោមយុទ្ធោបករណ៍បច្ចេកវិទ្យាខ្ពស់ ជប៉ុនពេញចិត្តជាវរថពាសដែកប្រយុទ្ធអាចហែលទឹកបាន 11 AAV7 ដែលផលិតដោយក្រុមហ៊ុនអាវុធយក្សអង់គ្លេស BAE Systems។ទង្វើនេះត្រូវបានជំរុញទឹកចិត្តដោយការប្រឈមមុខដាក់គ្នាកំពុងបន្តរវាងជប៉ុននិងចិនជុំវិញប្រជុំកោះតូចមួយនៅភាគឦសាននៃកោះតៃវ៉ាន់ ដែលជប៉ុនហៅថា សេនកាគុ ហើយចិនហៅទៀវយូ ហើយដែលរដ្ឋទាំងពីរទាមទារ។

ក្រសួងការពារជាតិជប៉ុនក៏កំពុង ព្យាយាមបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលដោះលែងប្រាក់ ១០០ ពាន់ លានយ៉េន (ប្រមាណជា ៩៦៥ លានដុល្លារអាមេរិក) ដើម្បីជាវយន្តហោះចម្បាំង F-35 មួយកង ដូចជាអង់គ្លេសកំពុងប្រើ ក៏ដូចជាយន្តហោះ Osprey V-22 និងឧទ្ធម្ភាគចក្រ Chinook ជាច្រើនគ្រឿងផងដែរ។នាវាមុជទឹកថ្មីជាច្រើន និងយន្តហោះស៊ើបការណ៍គ្មានអ្នកបើកបរមួយឈុត ដែលកម្លាំងទ័ពអាកាសភូមិន្ទ អង់គ្លេស (RAF) បានដាក់ឲ្យប្រើប្រាស់រួចហើយ ក៏ស្ថិតក្នុងរបៀបវារៈនៃការជាវផងដែរ។

ថ្មីៗនេះ ការរៀបចំកម្លាំងយុទ្ធសាស្ត្រអាស៊ី ដើម្បីទប់ទល់ចិន ស្ថិតក្រោមការត្រួតពិនិត្យ នៅពេលគេដឹងថា ទាហានអង់គ្លេស ត្រូវបានបង្កប់ក្នុងកងឯកភាពអាមេរិកជាច្រើន ដែលមានមូលដ្ឋាននៅកោះអូគីណាវ៉ា។ ចិន បានប្តេជ្ញាចាត់វិធានការគ្រប់យ៉ាងដែលត្រូវការដើម្បីការពារអធិបតេយ្យរបស់ខ្លួននៅ សមុទ្រចិនខាងត្បូង និងនិយាយ ថា ទង្វើខ្លួននៅទីនោះគឺសន្តិវិធី។

ក្នុងពេលទស្សនកិច្ចនៅឥណ្ឌា មុនបន្តដំណើរទៅចិន រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក ចន ឃើរី បានអំពាវនាវឲ្យចិន និងហ្វីលីពីន ធ្វើតាមការសម្រេចចិត្តរបស់សាលាក្តីអន្តរជាតិមួយ លើសមុទ្រចិនខាងត្បូង និងបាន និយាយថា គ្មានដំណោះស្រាយខាងយោធា ចំពោះបញ្ហានោះទេ៕

ប្រភព ៖ postkhmer

  • ជប៉ុន​ ចង់​បាន​រថ​ពាស​ដែក​ហែល​ទឹក​សម្រាប់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: