លោក សម រង្ស៊ី បញ្ជាក់ថា ត្រូវតែ​បញ្ចុះ​អត្រា​ការប្រាក់​នៅ​ប្រទេស​កម្ពុជា​

​នៅថ្ងៃនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ចកម្ពុជា បាន​បញ្ជាក់ថា ត្រូវតែ​បញ្ចុះ​អត្រា​ការប្រាក់​នៅ​ប្រទេស​កម្ពុជា​។ លោក សម រង្ស៊ី បាន​ពន្យល់ថា​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងទៅនេះ អត្រា​ការប្រាក់​ទូទាំង​ពិភពលោក​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​។ ថ្មីៗ​នេះ ក្នុងប្រទេស​លោកខាងលិច​ជាច្រើន អត្រា​ការប្រាក់​បាន​ធ្លាក់ចុះ មកដល់​ស្ទើរតែ ០ (​សូន្យ​) ភាគរយ​។ តែ​នៅ​ប្រទេស​កម្ពុជា អត្រា​ការប្រាក់​នៅមានកម្រិត​ខ្ពស់​ដដែល គឺ​ស្ថិតក្នុង​ចន្លោះ​ពី ១០ ភាគរយ ទៅ ២០ ភាគរយ ក្នុង​មួយឆ្នាំ​។ ដូច្នេះ ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ទាំងឡាយ ក្នុងនោះ​មាន​ទាំង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ផងដែរ (​ដូចជា អេស៊ីលីដា អម្រឹត ប្រា​សាក់ -​ល​-) ប្រមូលបាន​ប្រាក់ចំណេញ​កាន់តែ​ច្រើនឡើង​ពីព្រោះ​តម្លៃ​ដើម​នៃ​ទុន​ដែល​គេ​ឲ្យ​អតិថិជន​គេ​ខ្ចី​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានបញ្ជាក់​ទៀតថា​ប្រភពដើម​នៃ​ទុន ដែល​គេ​យកមកប្រើ​ប្រាស់​នោះ មាន​ទាំង​ទុន​ដែល​ប្រមូលបាន​ពី​ក្នុងប្រទេស​និង​ទុន​ដែល​ខ្ចី​ពី​ក្រៅប្រទេស​។ ទុន​ដែល​ខ្ចី​ពី​ក្រៅប្រទេស​នេះហើយ​ដែលមាន​ការប្រាក់​កាន់តែ​ទាប​គឺ​តម្លៃ​ដើម​កាន់តែ​ថោក​។ ជាការ​សន្និដ្ឋាន​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ទាំងនោះ ត្រូវតែ​បញ្ចុះ​អត្រា​ការប្រាក់​របស់ខ្លួន ដើម្បី​ឲ្យ​មានការ​ធូរស្រាល​ដល់​អ​តិ​ថិ​ជន​ដែល​ខ្ចីលុយ​ពី​ស្ថាប័នហិរញ្ញវត្ថុ​ទាំងនោះ​។

​លោក សម រង្ស៊ី បាន​បន្តថា ករណីបែបនេះ គឺ​ដូច​ករណី​ដែល​លោក​បានលើកឡើង កាលពី​២​ឆ្នាំមុន​ទាក់ទង​ទៅនឹង​តម្លៃ​ប្រេងកាត​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​ដែល​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​ដែល​ត្រូវ​ជម្រុញ​ឲ្យ​បញ្ចុះ​ថ្លៃ​ប្រេងសាំង​ដែល​ដាក់​លក់រាយ​តាមផ្លូវ​នៅ​ប្រទេស​កម្ពុជា​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ពេលនោះ​រដ្ឋាភិបាល​បាន​យល់ព្រម​ធ្វើតាម​សំណើ​របស់លោក​ឲ្យ​បញ្ចុះ​ថ្លៃ​ប្រេងសាំង​។ ពេលនេះ​លោក​សង្ឃឹមថា រដ្ឋាភិបាល​នឹងធ្វើ​តាម​សំណើ​របស់លោក​ឲ្យ​បញ្ចុះ​អត្រា​ការប្រាក់ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​ជំពាក់​លុយ​គេ​ច្រើនណាស់​។​

​គួររំលឹកថា​កន្លងមក លោក សម រង្ស៊ី បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​គោរព​សហគ្រិន​ដែល​រកស៊ី​មានបាន​តាមរយៈ​មធ្យោបាយ​ស្របច្បាប់ និង​មាន​គុណធម៌​។ តែ​លោក​បាន​ព្រមាន​ថា​លោក​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​វណ្ណៈ​នៅក្នុង​សង្គម​កម្ពុជា​ទេ តែ​ទាមទារ​ឲ្យ​មាន​ភាពយុត្តិធម៌​នៅក្នុង​សង្គម​។ ដូច្នេះ​អ្នកណា​ដែល​ធ្វើ​ទង្វើ​អាក្រក់ រកស៊ី​មិន​សុចរិត​ជាដើម កែខ្លួន​ទៅ​កុំ​លោភលន់​ពេក កុំ​ធ្វើ​អាក្រក់​ទៀត​ឲ្យ​សំណង​ទៅ​ប្រជារាស្ត្រ​ទៅ ព្រោះ​តុលាការ​អាណត្តិ​ក្រោយ​គេ​នឹង​យក​ទង្វើ​ជាក់ស្ដែង​របស់​អស់លោក​ទៅ​ពិចារណា​រក​យុត្តិធម៌​ស្របតាម​គោលការណ៍​ច្បាប់​៕

14191897_1183037548419643_1067970357572710690_n 14212006_1183037618419636_8870979108418769175_n 14232632_1183037551752976_5228151834804091733_n 14238210_1183039238419474_4722724354331408628_n 14141883_1183037555086309_1617889004297332662_n