មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ សង្ស័យ​ជាប់​ពាក់ព័ន្ធ​បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកឈើ​ទៅ​ស្រុក​យួន​

សមត្ថកិច្ច​តូចតាច​នៅក្នុង​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ ឈ្មួញ​ធំៗ​មួយចំនួន​សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​នៅក្បែរៗ​នោះ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ពុំមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ សមត្ថកិច្ច​តូចតាច​បានបង្ហាញ​នូវ​ការសង្ស័យថា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ អាចជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ជាច្រើន​ប្រភេទ​ទៀត​ដឹកឈើ​ចេញ​តាម​ច្រក​ដាក់​ដាំ​យ៉ាង​រលូន ព្រោះ​សមត្ថកិច្ច​នៅ​ច្រក​នេះ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រក​ដាក់​ដាំ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦ ចាប់ពី​ព្រលឹម​ទល់​ព្រលប់​គឺមាន​ឈ្មួញ​ដឹកឈើ​ជា​ខ្សែ​ទ្រង់ទ្រាយ​ធំ​ចេញទៅ​ស្រុក​យួន​ចំនួន​១២​រថយន្ត​សាំ​យ៉ុង ដោយ​ឆ្លងកាត់​បា​រ៉ា​ស់​របស់​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​នេះ​។ ចំណែក​នៅ​យប់​ថ្ងៃទី​២៩ ខែសីហា​ដដែល គឺ​ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ប្រមាណ​ជាង​១០​រថយន្ត​ទៀត​ដោយ​ឆ្លងកាត់​បា​រ៉ា​ស់​របស់​នគរបាល​អន្តោ​ប្រវេសន៍ ហើយ​មិនឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះហើយ​ទើប​មានការ​សង្ស័យថា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពពី​មន្ត្រី​តូចតាច​នៅ​ច្រក​ដាក់​ដាំ​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​ក្បែរ​នោះ​មានដូចជា ឧកញ៉ា ហ៊ុន ជា និង​ឈ្មួញ​មួយចំនួនទៀត​ដែលជា​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី ដែលមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ឈ្មួញ​ដែលជា​មន្ត្រីនគរបាល​មានឈ្មោះ គួ​យ សុ​ឃុន ត្រូវបាន​គេ​ដឹងថា​ជា​ប្អូនប្រុស​បង្កើត​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​ឈ្មួញ​ជា​មន្ត្រីនគរបាល​ម្នាក់ទៀត​ឈ្មោះ កែវ ចិន្ដា ដែលជា​នាយការិយាល័យ​នគរបាល​ស្ថិតិ និង​លិខិតឆ្លងដែន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​។ ឈ្មួញ​ទាំងនេះ​ត្រូវគេ​ដឹងថា មានការ​ឃុបឃិត​ជាមួយ​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត​ប្រចាំ​ច្រក​នេះ ទើប​ពួកគេ​អាច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ឧបសគ្គ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​ខ្លះ​ផង ព្រោះ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​កើតឡើង​កាន់តែច្រើន ហើយ​ពុំមាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​៕

WAT-2808G WAT-2408M WAT-2808H