អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​រឿងអាស្រូវ​នៅក្នុង​ក្រសួងពាណិជ្ជកម្ម​នោះទេ

ប្រភពពី​មន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា​លោក ម៉ក់ ឧសភា ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម ដែលមាន​កំហុស​ទាក់ទង​ទៅនឹង​បញ្ហា​ធ្វេសប្រហែស​ចំពោះ​តួនាទី​របស់ខ្លួន​នោះ ត្រូវ​ប្រឈម​នឹង​ការដកហូត​តំណែង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កំហុស​និង​អំពើពុករលួយ​របស់លោក ម៉ក់ ឧសភា ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​កសិផល​ទៅ​ប្រទេស​សៀម​នាពេល​កន្លងមក​នោះ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម បើក​កិច្ចប្រជុំ​សម្ងាត់​ហើយ​លោក ម៉ក់ ឧសភា ចៀស​មិន​ផុតពី​ត្រូវ​ដកហូត​តំណែង​ឡើយ​។ ប៉ុន្តែ​ទន្ទឹមនឹងនេះ​ក៏មាន​ការអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​លើ​សំណុំរឿង​អាស្រូវ​ពុករលួយ​ក្នុង​ក្រសួងពាណិជ្ជកម្ម​ជាបន្ទាន់​ផងដែរ​។

ប្រភព​ដែល​សិ្ន​ទ្ធ​នឹង​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា​រឿងអាស្រូវ​របស់លោក ម៉ក់ ឧសភា គឺ​បញ្ហា​ជាប់គាំង​កសិផល​កម្ពុជា​ដូចជា ដំឡូង​មី និង​ពោត​ជាដើម មិនអាច​នាំ​ចេញទៅ​ប្រទេស​សៀម​បាន ព្រោះ​គយ​សៀម​មិន​ឲ្យ​ចេញ​ដោយសារ​គំរូ​ហត្ថលេខា​របស់លោក ម៉ក់ ឧសភា មិន​ដូចគ្នា​ទៅនឹង​ហត្ថលេខា​ក្នុង​ឯកសារ​ដែលមាន​តម្កល់​នៅ​សៀម​។ ជាងនេះទៅទៀត​ក្រុមហ៊ុននាំចេញ​កសិផល​បាន​ឲ្យ​ដឹងថា លោក ម៉ក់ ឧសភា ធ្វើការ​ងារ​ដោយ​ពុំមាន​ការទទួលខុសត្រូវ ហើយ​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​ធ្វើ​ឲ្យ​កសិផល​កម្ពុជា ត្រូវ​កកស្ទះ​មិនអាច​នាំចេញ​ទៅ​សៀម​បាន​។ មិនតែប៉ុណ្ណោះ​ជំនាន់​លោក ស៊ុន ចាន់ថុល នៅ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម គឺ​ការ​បំពេញបែបបទ​នាំចេញ​កសិផល​ក្នុង​មួយ​ឯកសារ​ត្រឹមតែ​៥​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេលដែល​លោក ប៉ាន សូរ​ស័ក្ដិ កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បែរជា​លោក ម៉ក់ ឧសភា តម្រូវ​ឲ្យ​ក្រុមហ៊ុន​បង់លុយ​ក្នុង​មួយ​ឯកសារ​ពី​២០​ទៅ​៥០​ដុល្លារ​។

អំពើពុករលួយ​ខ្លាំងក្លា​របស់លោក ម៉ក់ ឧសភា បែបនេះហើយ​ដែល​ធ្វើ​ឲ្យ​កកស្ទះ​ការ​ការនាំចេញ​កសិផល​ទៅ​លក់​នៅ​ស្រុក​សៀម ហើយ​ប្រជាកសិករ​ក៏ត្រូវ​ខាតបង់​ដោយសារតែ​ក្រុមហ៊ុន​មិនអាច​នាំចេញ​បាន​។ ដូច្នេះហើយ​ទើប​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​ជាសម្ងាត់​កាលពីពេល​ថ្មីៗ​នេះ ហើយ​លោក ម៉ក់ ឧសភា ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម ចៀស​មិន​ផុតពី​ត្រូវ​ដកហូត​តំណែង​ឡើយ​។ ទន្ទឹមនឹងនេះ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ម៉ក់ ឧសភា ជា​មន្ត្រី​ពុករលួយ​ដុះ​ស្លែ​ល្បីឈ្មោះ​ក្នុង​ក្រសួងពាណិជ្ជកម្ម​ជា​យូរ​មកហើយ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ​៕

27047393-c3a4-44a0-8cfb-62064613badcលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ H042616SS-P1លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម