វិធីសាស្ត្រ​ផលិត​ស្រា​ពាង​តាម​ប្រពៃណី​ជនជាតិ​ព្នង​

ខេត្តមណ្ឌលគិរី ៖ ស្រា​ពាង​ជា​ប្រភេទ​ស្រា​ម្យ៉ាង​ដែល​ផលិត​ដោយ​ជនជាតិ​ដើម​ភាគតិច​តាំងពី​បុរាណកាល​មក ហើយ​បច្ចុប្បន្ន​នេះ​រូបមន្ត​នៃ​ការ​ផលិត​នៅ​តែ​រក្សា​បាន​យ៉ាង​ល្អ​ពុំ​ទាន់​បាត់បង់​នៅឡើយ​ទេ ។ សម្រាប់​ខេត្តមណ្ឌលគិរី ជនជាតិ​ដើម​ព្នង​មិន​ត្រឹមតែ​បិតស្រា​ពាង​បម្រើ​ដល់​ប្រពៃណី​របស់​ពួក​គេ​ទេ ពួក​គេ​ថែម​ទាំង​ផលិត​លក់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ថែម​ទៀត​ផង ។

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​បិតស្រា​ពាង​បន្សល់​ទុក​រូបមន្ត​តាំងពី​ដូនតា​មក ។ ការ​បិតស្រា​ពាង​សព្វ​ថ្ងៃនេះ ដើម្បី​លក់​ផ្គត់ផ្គង់​ជីវភាព និង​សម្រាប់​ប្រើ​ក្នុង​ពិធី​នានា​របស់​ជនជាតិ​ព្នង ។ យោង​តាម​ប្រពៃណី​របស់​ជនជាតិ​ព្នង​គឺ​ត្រូវ​ប្រើប្រាស់​ស្រា​ពាង​ជា ចាំបាច់​គ្រប់​ពិធី​ទាំងអស់ ដូច​ជា​ពិធី​រៀប​ការ ពិធី​បូជា និង​ពិធីសែនព្រេន​ជាដើម ។ សូ​ម្បី​តែ​នៅ​ពេល​មាន​មនុស្ស​ស្លាប់ ក៏​ត្រូវ​មាន​ស្រា​ពាង​ដាក់​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​កន្លែង​កប់​សព​ដែរ ។

ការ​ផលិត​ស្រា​ពាង មិន​លំបាក​ទេ បើ​តាម​ការ​អះអាង​របស់​ជនជាតិ​ព្នង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ប៉ុន្តែ​ត្រូវការ​ពេលវេលា​យូរ​សម្រាប់​ទុក​ឲ្យ​ជាតិ​ស្រា​ចេញ​មក ព្រោះ​បើ​បិត​ហើយ​ភ្លាម​យក​ផឹក​មិន​មាន​រសជាតិ​ឆ្ងាញ់​ទេ ។ រូបមន្ត​ផលិត​ស្រា​ពាង​ត្រូវ​មាន​អង្ករ អង្កាម និង​មេ​ត្រប៉ែ ។ ពី​ដំបូង​ត្រូវ​យក​អង្ករ និង​អង្កាម​ត្រាំ​ទឹក​ទុក​ចោល រយៈពេល​ប្រមាណ​៣​ទៅ​៤​ម៉ោង ។ លាង​សម្អាត​អង្ករ និង​អង្កាម​ឲ្យ​ស្អាត ។ ក្រោយមក​ទៀត​យក​អង្ករ និង​អង្កាម​លាយ​បញ្ចូល​គ្នា​ដាក់​ក្នុង​ឆ្នាំង​ចំហុយ​រយៈពេល​២​ទៅ​៤​ម៉ោង​រហូត​សង្កេត​ឃើញ​ថា អង្ករ និងអង្កាម​ដែល​ដាក់​ចំហុយ​នោះ​ឆ្អិន ទើប​យក​វា​ចេញ ហើយ​ទុក​ឲ្យ​ត្រជាក់ ។ យក​អង្ករ និង​អង្កាម​ដែល​ចំហុយ​ហើយ​នោះ​កូរ​ឲ្យ​សព្វ​ជាមួយ​មេ​ត្រប៉ែ​ដាក់​ចូល​ទៅ​ក្នុង​ពាង និង​ត្រូវ​រុំ​មាត់​ពាង​ឲ្យ​ជិត​ទុក​ផ្អាប់​វា​យ៉ាង​ហោច​ណាស់​រយៈពេល​១៥​ថ្ងៃ ទើប​អាច​ផឹក​បាន ។
ប្រសិនបើ​ទុក​ស្រា​ពាង​កាន់តែ​យូរ​រហូត​ដល់​រាប់​សិប​ឆ្នាំ​នោះ វា​កាន់តែ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ។

ជនជាតិ​ព្នង​បញ្ជាក់​ថា ការ​ផឹកស្រា​ពាង​ត្រូវ​យក​ទឹក​ឆៅ​ក៏​បាន ទឹក​ឆ្អិន​ក៏​បាន​ចាក់​ចូល​ក្នុង​ពាង​ស្រា ហើយ​ប្រើ​បំពង់​ទុយោ​បឺត​ស្រា​ចេញពី​ពាង​។ ត្រូវ​ចាក់ទឹក​ចូល​ក្នុង​ពាង​ស្រា​បន្ថែម​ទៀត ដោយ​ប្រើ​វិធី​នេះ​រហូត​ទាល់តែ​បឺត​ចេញ​មក​លែង​មាន​ជាតិ​ស្រា គឺ​វា​ប្រែជា​សាប​ទើប​ឈប់​ផឹក ។ សម្រាប់​ការ​ចាក់ទឹក​ចូល​ពាង​ស្រា​នេះ គឺ​មិន​អាច​ចាក់ទឹក​ក្ដៅ​ចូល​បាន​ទេ ប្រើ​បាន​តែ​ទឹក​ត្រជាក់​ប៉ុណ្ណោះ ។

ពាង​ស្រា​ដែល​ជនជាតិ​ព្នង​ប្រើប្រាស់​នោះ មាន​ពាង​ខ្លះ​បន្សល់​ទុក​តាំងពី​ដូនតា​រាប់រយ​ឆ្នាំ​មក​ហើយ រីឯ​ពាង​ខ្លះ​ទៀត​ទិញ​ពី​ផ្សារ ដោយ​បច្ចុប្បន្ន​ពួក​គេ​ពុំ​ចេះ​ផលិត​ពាង​ប្រភេទ​នោះ​ទេ​៕