លោកកាសែត កុំចេះតែហ៊ាន …

ខេត្តរតនគិរី ​៖ ​អ្នកកាសែត​មួយ​ក្រុម ​​បើករថយន្ត​៣​គ្រឿងបាន​ប្រដេញ​​រថយន្ត​ដឹកឈើ​ពេល​យប់​ ក៏​ត្រូវ​​​ក្រុម​ឈ្មួញ​ឈើ​​ឱ្យ​ក្រុម​ក្មេង​ស្ទាវ​វាយ ​និង​គប់​រថយន្ត​​ខូចខាត​មួយ​ចំនួន​​ធំ ដែល​ហេតុការណ៍​នេះ​កើតឡើង ​កាលពី​ម៉ោង​០១​ និង​៣០​នាទីរំលងអធ្រាត្រ​​​ថ្ងៃ​ទី​៣ ​កញ្ញា ​២០១៦ ស្ថិតនៅ​ចំណុច​ខាងក្រោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ​ក្នុងភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ ។

ទាក់ទិន​​ករណី​ខាងលើ​ ត្រូវ​បាន​លោក​ស្រេង វី​រៈ អាយុ​២០​ឆ្នាំ ជា​​​ភ្នាក់ងារ​សារ​ព័​ត៌​មាន​ភ្នំពេញ​ប្រេស ​ប្រចាំ​ខេត្តរតនគិរី​ បាន​ឱ្យ​​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ ​គាត់​បាន​បើករថយន្តមួយ​គ្រឿង​ម៉ាក​កាម​រី​ស្វិត​ ពណ៌​.ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-6919 ជិះ​គ្នា​២​នាក់ មានឈ្មោះ​ប៊ុត រុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​​ភ្នាក់ងារ​កាសែត​គំនិត​ខ្មែរ​ ។ លោក​​បន្ត​ទៀត​ថា ​ក្រុម​អ្នកកាសែត​របស់​ខ្លួន ​មាន​គ្នា ​៥-៦​នាក់ ​ជិះ​រថយន្ត៣​គ្រឿង នៅ​​​ប្រហែលជា​ម៉ោង​១២​អធ្រាត្រ ក្រុម​របស់​ខ្លួន​ជា​អ្នកកាសែត​ បាន​ដេញ​ថត​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​​ដឹកឈើ​ប្រណីត ចេញពី​តំបន់​ស្រុក​កូន​មុំ​ មក​ស្តុក​ទុក​នៅ​ទីក្រុង​បាន​​លុង ។ ​

ខណៈ​​កំពុង​តែ​ដេញ​នោះ ក៏​មាន​រថយន្ត​ម៉ាក​ហា​យ​ប្រ៊ី​​កមួយ​គ្រឿង ពណ៌​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2RF-0868 កាង​ពីក្រោយ​ជាប់​ត្រូវ​​គេ​ដឹង​ថា ​ជា​ថៅកែ​ឈើប្រណីត ហើយ​​រថយន្ត​ដឹកឈើ​ប្រណីត​នេះ ​បាន​បើក​គេច​​ពី​ក្រុម​អ្នកកាសែត​ ដោយបើកជុំវិញ​ក្រុង​បាន​លុងរយៈពេល​១​ម៉ោង ​​ទើប​​​ចូល​ឈប់​​នៅ​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ស្រាប់តែ​លេចមុខ​​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ មាន​គ្នា​៧-៨​នាក់​ កាន់​ដោយ​ដំបង និង​ដុំ​ថ្ម និង​កាំបិត​ធ្វើ​កម្ម​ភាព​ គប់​មក​លើ​រថយន្ត​អ្នកកាសែត​​ បណ្តាលឱ្យ​ខូចខាតរថយន្តទាំង៣គ្រឿងនោះ។

​​អ្នកកាសែត​ខាងលើ​​ឱ្យដឹង​ទៀតថា​ ​ខណៈ​ក្រុម​ឈ្មួញ​ឈើ​បាន​​ជួល​ក្រុម​ក្មេង​ស្ទាវ មក​ធ្វើ​សកម្មភាព​ក្នុងបំណង ​​១-​រំដោះ​​រថយន្ត​ដឹក​ឈើ​ចេញ ​​២-​គំរាមកំហែង​សិទ្ធិ​សេរីភាព​អ្នក​សារ​ព័​ត៌​មាន ។ ពួក​គាត់​​បន្ត​ទៀត​ថា បើ​តាម​សង្កេត​មើល​ទ​ង្វើ​របស់​ក្រុម​ក្មេង​ស្ទាវ​ខាងលើ​នេះ​ បើសិនជា​ក្រុម​អ្នកកាសែត​ជិះ​តែ​​រថយន្ត​១​គ្រឿង និង​​មាន​គ្នា​ម្នាក់ ឬ​២​នាក់ នឹង​ត្រូវ​​​ក្រុម​ក្មេង​ស្ទាវ​នោះ​សម្លាប់​​ចោល​មិន​ខាន​ ​។

​ក្នុង​នោះដែរ ​ក៏​មាន​មហាជន​ជា​ច្រើន​មានការ​រិះ​គន់​ ទៅ​លើ​អ្នក​សារ​ព័​ត៌​មាន​មួយ​ចំនួន​តូច ​ដែល​មាន​តួនាទី​អាង​ខ្លួន​កាន់​កាត​​អ្នក​សារ​ព័​ត៌​មាន ​ធ្វើការ​ដេញ​​រថយន្ត​ដឹកឈើ​​នៅ​ពេលយប់ ​វា​មិនល្អ​នោះ​ទេ ​នាំ​ឱ្យ​​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ ពលរដ្ឋ​បាន​​បាន​សំណូមពរ​​ទៅ​ក្រសួងព័ត៌មាន​ ត្រូវតែមានការ​រឹត​បន្តឹង​លើ​​ក្រុម​សារ​ព័​ត៌​មានមួយ​ចំនួន ​ដែល​មិន​គោរព​ក្រ​មសីលធម៌​វិជ្ជាជីវៈ​សារព័​ត៌​មាន​ ។