ហេតុអ្វី​អភិបាលខេត្ត​ស្វាយរៀង ខំ​លាក់បាំង​រឿង​កសិករ​ខ្មែរ​ជួល​ដី​តាម​ព្រំដែន​ឲ្យ​យួន​?

កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​សង្កាត់​ប្រាសាទ ក្រុង​បាវិត និង​ឃុំ​ទួល​ស្ដី ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​អះអាងថា​នៅតែមាន​កសិករ​ខ្មែរ​ជួល​ដី​តាម​ព្រំដែន​ទៅ​ឲ្យ​យួន​ដដែល​។ ដូច្នេះ​ការដែល​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ព្យាយាម​បិទបាំង​ការពិត​ថា​ពុំមាន​ករណី​ជួល​ដី​តាម​ព្រំដែន​ឲ្យ​យួន​នោះ គឺជា​រឿង​គួរ​ឲ្យ​ហួសចិត្ត​ព្រោះ​តាមពិត​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន​ជា​សាក្សី​រស់​អាច​បញ្ជាក់​អំពី​រឿងនេះ​។ ជាពិសេស​ការដែល​លោក គង់ សភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ចុះ​ជួប​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន​ដើម្បី​ស្រាវជ្រាវ​រឿងនេះ គឺ​បានដឹង​ការពិត​យ៉ាង​ច្បាស់លាស់​រួចទៅហើយ​។

​សូមបញ្ជាក់ថា​លោក គង់ សភា បាន​អះអាង​ពី​រឿង​កសិករ​ខ្មែរ​ជួល​ដីស្រែ​តាម​ព្រំដែន​ឲ្យ​យួន គឺ​មានការ​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​(​ហ្វេ​ស​ប៊ុ​ក​) កាលពី​ថ្ងៃ​ពុធ ទី​៣១ ខែសីហា ឆ្នាំ​២០១៦ ហើយ​ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​តាម​ព្រំដែន​បាន​អះអាងថា ពិត​ជាមាន​ប្រជាជន​យួន​ជួល​ដីស្រែ​ពី​កសិករ​ខ្មែរ ហើយ​ជួល​កសិករ​ខ្មែរ​ឲ្យ​ចាំ​ដី​ទៀតផង​។ លោក គង់ សភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា​លោក​នឹង​នាំ​ដំណឹង​នេះ​ទៅ​ជំរាប​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​មាន​វិធានការ​ជាក់ស្ដែង​។ លោក គង់ សភា បាន​លើកឡើងថា​«​ខ្ញុំ​បាន​សរសេរ​លិខិត​ទៅ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយដោយ​សុំ​ឲ្យ​ឧបនាយករដ្ឋមន្ត្រី រក​ឲ្យ​ឃើញ​នូវ​ម្ចាស់​ដី​ដែល​ជួល​ដី​ឲ្យ​យួន​ពិតប្រាកដ​»​។

ទាក់ទង​បញ្ហា​ខាងលើនេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បានលើកឡើង​ថា ការដែល​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង អះអាង​ពី​រឿង​គ្មាន​ពលរដ្ឋ​ខ្មែរ​ជួល​ដី​តាម​ព្រំដែន​ឲ្យ​ប្រជាជន​យួន​នោះ គឺជា​ការអះអាង​ដើម្បី​បិទបាំង​ពី​ទង្វើ​ខ្វះ​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​វាយតម្លៃថា ជា​ញឹកញាប់​មន្ត្រី​អាជ្ញាធរ​តែងតែ​ឆ្លើយ​រាល់​សំណួរ​ទាំងអស់​ដើម្បី​យករួចខ្លួន ព្រោះ​សារាចរ​របស់​ក្រសួងមហាផ្ទៃ បាន​ហាមឃាត់​រួចហើយ​មិន​ឲ្យ​មាន​ការជួល​ដី​តាម​ព្រំដែន​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ជិត​ខាត​តទៅទៀត​។ ទោះជា​យ៉ាងណា​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង មិនអាច​បិទបាំង​ការពិត​បានទេ​ព្រោះ​ឃ្លី​ប​វីដេអូរ ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​តាម​ខ្សែ​ព្រំដែន​បញ្ជាក់​យ៉ាងច្បាស់​ថា ពិត​ជាមាន​ជនជាតិ​យួន​មក​ជួល​ដី​ខ្មែរ​មែន ប៉ុន្តែ​ពួកគេ​យកឈ្មោះ​ពលរដ្ឋ​ខ្មែរ​ដាក់ជំនួស​ដើម្បី​ចៀស​ផុតពី​វិធានការ​របស់​អាជ្ញាធរ​ខ្មែរ​៕

cnrp31-2 323c254b618ca73775f9c071ea21cd96លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង