បទល្មើស​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​តាម​ខេត្តកោះកុង កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ

​វិធានការ​កែទម្រង់​ស៊ីជម្រៅ​របស់​ស្ថាប័នគយ ក្រោម​ការដឹកនាំ​របស់​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ត្រូវបាន​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា គឺជា​រឿង​ឥតន័យ​ព្រោះ​បច្ចុប្បន្ន​មន្ត្រី​គយ​តាម​ច្រកព្រំដែន និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​នៅតែ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​។ ជាក់ស្ដែង​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​មាន​ម៉ូតូ​គេចពន្ធ​ត្រូវបាន​ឈ្មួញ​នាំចូល​តាម​ទូក​យ៉ាង​ពេញបន្ទុក ហើយ​ទំនិញ​ចាប់ហួយ​ជាច្រើន​ប្រភេទ​ក៏ត្រូវ​បាន​ឈ្មួញ​នាំចូល​តាម​ច្រក​ប៉ាក់​ខ្លង ទាំងយប់​ទាំង​ថ្ងៃ​ដែរ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា គយ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក៏ដូចជា​គយ​ចល័ត មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ទាំង​នោះឡើយ​។

សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​មណ្ឌលសីមា ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ការដែល​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​តាម​ទូក​ពី​តំបន់​ប៉ាក់​ខ្លង​ចូលមក​ខេត្តកោះកុង គឺមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ដើម្បី​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គ្មាន​ឈ្មួញ​ណា​ហ៊ាន​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ ក៏ដូចជា​ទំនិញ​ចាប់ហួយ​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះឡើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរពិនិត្យមើល​ករណី​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​និង​ទំនិញគេចពន្ធ​តាម​ច្រក​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​ជាបន្ទាន់ ព្រោះ​ក្នុង​មួយខែៗ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

កន្លងមក​ឈ្មួញ​នាំចូល​ម៉ូតូ​គេចពន្ធ ក៏ដូចជា​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ​គឺ​ពួកគេ​មិន​ហ៊ាន​នាំចូល​ទំនិញគេចពន្ធ​ឡើយ ព្រោះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​នោះទេ​។ ការដែល​ពួកគេ​ហ៊ាន​ប្រព្រឹត្ត​ដូច​សព្វថ្ងៃនេះ គឺ​ដោយសារ​សមត្ថកិច្ច​ពាក់​ព័ន្ធ​មួយចំនួន​ពុករលួយ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​ការបែងចែក​ផលប្រយោជន៍​ជាប្រចាំ​ទើប​ពួកគេ​អាច​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ ក៏ដូចជា​ទំនិញ​ចាប់ហួយ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ មានន័យថា​ឈ្មួញ​ដែល​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ ក៏ដូចជា​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ទៀត​តាម​ច្រក​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា គឺ​ទាល់តែ​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​៕

pIC235 pIC236 pIC237