លោក កឹម សុខា បញ្ជាក់ថា ប្រទេស​កាណាដា​ចង់ឃើញ​ការបោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្ដិធម៌​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ចុង​សប្តាហ៍​នេះ បាន​បញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៦ លោក ស្ដេ​ហ្វា​ន ឌី​យ៉ុ​ន​(Stéphane Dion) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​នៃ​ប្រទេស​កាណាដា និង​គណៈប្រតិភូ បាន​ជួបពិភាក្សា​ជាមួយ​លោក​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក កឹម សុខា បញ្ជាក់ថា ប្រទេស​កាណ​ដា តាមរយៈ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ចង់ឃើញ​កម្ពុជា​មានការ​បោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្ដិធម៌​។​

ក្នុងជំនួប​ខាងលើនេះ លោក កឹម សុខា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជម្រាបជូន លោក ស្ដេ​ហ្វា​ន ឌី​យ៉ុ​ន​(Stéphane Dion) រដ្ឋមន្ដ្រីការបរទេស​កាណាដា​អំពី ស្ថានភាព​នយោបាយ ដែល​កំពុងមាន​ភាព​តានតឹង​ដោយ​ការប្រើប្រាស់​ប្រព័ន្ធតុលាការ ជា​ឧបករណ៍​នយោបាយ​ធ្វើទុក្ខបុកម្នេញ​មកលើ​មេដឹកនាំ​គណបក្សជំទាស់ អង្គការ​សង្គម​ស៊ីវិល ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្ដិធម៌​។ ជាមួយគ្នា​ដែរ លោក កឹម សុខា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្សជំទាស់​ធំជាងគេ​នៅ​កម្ពុជា បានស្នើ​ទៅ​ប្រទេស​កាណាដា ដែលជា​ភាគី​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រួម​ជាមួយនឹង​ប្រទេស​ហត្ថលេខី​ដទៃទៀត ឲ្យ​ពិនិត្យឡើងវិញ​នូវ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នោះ ដែល​កំពុង​ត្រូវបាន​រំលោភបំពាន​។​

ចំពោះមុខ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា និង​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​កាណាដា និង​ប្រទេស​កម្ពុជា លោក ស្ដេ​ហ្វា​ន ឌី​យ៉ុ​ន​(Stéphane Dion) រដ្ឋមន្ដ្រីការបរទេស​កាណាដា ក្នុងជំនួប​ជាមួយ លោក កឹម សុខា បាន​លើកឡើងថា ប្រទេស​កាណាដា ចង់​ឲ្យ​មាន​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ទាំងពីរ លើ​វិស័យ​មួយចំនួន​។ ក៏ប៉ុន្ដែ​លោក ស្ដេ​ហ្វា​ន ឌី​យ៉ុ​ន​(Stéphane Dion) បាន​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​នេះ ធ្វើទៅបាន​អាស្រ័យ​លើ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្វើដំណើរ​ទៅមុខ​មិនមែន​ធ្វើដំណើរ​ថយក្រោយ​នោះទេ​។ ជាងនេះទៅទៀត​ប្រទេស​កាណាដា ចង់ឃើញ​ការបោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្ដិធម៌ ដែល​គ្រប់​គណបក្សនយោបាយ អាច​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​៕

14222364_1449128318437796_8332980805633448017_n 14199533_1449128315104463_5706584528149404621_n 14203396_1449128295104465_6209232557203521066_n