យន្ដហោះ​ងើប​ខ្លួន​ពី​ដី​មិន​បាន​ព្រោះ… កណ្ដុរ​មួយ​ក្បាល

យន្ដហោះដែលមានមាឌដូច«យក្ស» បែរជាត្រូវបង្ខាំង មិនអាចងើបខ្លួនពីដី ដោយ​សារ​សត្វ​ចតុបាត​ដ៏​តូច​​មួយ! ​យន្ដហោះនោះ ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែរហ្វ្រង់ (Air France) របស់បារាំង។ ហើយ​អ្នក​ដំណើរ​ទាំង​អស់ ត្រូវ​រង់ចាំ​ដល់​ទៅ ៤៨ម៉ោង​ក្រោយ ទើបអាច​ត្រឡប់​ចូល ទៅក្នុង​យន្ដហោះ ដើម្បី​អាច​ធ្វើដំណើរ ទៅកាន់​ទិសដៅ​របស់​ខ្លួន​បាន។
យន្ដហោះ​ងើប​ខ្លួន​ពី​ដី​មិន​បាន​ព្រោះ... កណ្ដុរ​មួយ​ក្បាល

យន្ដហោះដ៏ធំមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរហ្វ្រង់ របស់ប្រទេសបារាំង។ (រូបថតក្រុមហ៊ុន)

ហេតុអ្វី ក៏ដល់ថ្នាក់នេះ? ចម្លើយសមញ្ញ និងងាយយល់៖ ព្រោះសត្វចតុបាតដ៏តូចនោះ ចេះលេងបិទពួន ជា​មួយ​នឹង​ក្រុមអ្នកស្វែងរក ដែលសុទ្ធសឹងជាមន្ត្រីជំនាញ ខាងបោសសម្អាតយន្ដហោះ ហើយក្រុមអ្នកជំនាញនេះ បាន​ប្រើ​រយៈពេលជាច្រើនម៉ោង ទើបអាចរកឃើញ សត្វចតុបាតដ៏ចង្រៃ ដែលជាសត្វកណ្ដុរ​ដ៏តូចមួយក្បាល។

ជើងយន្ដហោះ «AF373» នឹងត្រូវហោះចេញ ពីព្រលានយន្ដហោះអន្តរជាតិ នៃរដ្ឋធានី បាម៉ាកូ (Bamako របស់​​ប្រទេស​ម៉ាលី ក្នុងទ្វីបអាហ្វ្រិកកណ្ដាល) ឆ្ពោះទៅកាន់រដ្ឋធានី ប៉ារីស របស់ប្រទេសបារាំង កាលពីយប់​ថ្ងៃ​សុក្រ ចូល​មក​ថ្ងៃ​សៅរ៍ សប្ដាហ៍មុន។ ប៉ុន្តែជើងហោះហើរនេះ ត្រូវបានរំខាន ដោយសារវត្តមាន នៃ«អ្នក​ដំណើរ​ល្មើស»​មួយ​ក្បាល ដែលចូលទៅក្នុងយន្ដហោះ ទាំងមិនទានបានឆ្លងកាត់ការត្រួតពិនិត្យ​ជា​មុន។

ការប្រើរយៈពេលយូរពេក ក្នុងការរុករកសត្វដ៏ចម្រៃនោះ បានបង្កភាពងោកងុយ ល្ហិតល្ហៃ អស់កម្លាំង ដល់ក្រុម​បម្រើការ​នៅលើយន្ដហោះ បូករួមទាំងអ្នកបើកយន្ដហោះផង។ ប្រការនេះ អាចបណ្ដាល ឲ្យមានហនិភ័យ​ដ៏​ខ្ពស់​មួយ ប្រសិនជាក្រុមហ៊ុនអាកាសចរណ៍ ចចេសចង់ចេញយន្ដហោះ នៅបន្ទាប់ពីបានរកឃើញសត្វកណ្ដុរ ដ៏តូច​មួយ​រួចរាល់ ហើយ​ខុស​នឹងក្រិត្យក្រម​ដឹកជញ្ជូន​ តាមផ្លូវ​អាកាស​នោះ​ទៀត។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន អ៊ែរហ្វ្រង់ លោក គ្រីស្ដូហ្វ ប៉ូមីញ៉េ (Christophe Paumier) បានអះអាងថា ដោយ​សារ​ហួសរយៈពេល ដែលអាចចេញដំណើរបាន ទើបជើងហោះហើរនោះ ត្រូវលើកពេល ដែលមានរយៈ​ពេល​ដល់​ទៅ ៤៨ម៉ោង។ លោក ប៉ូមីញ៉េ បានថ្លែងទៀតថា នៅរដ្ឋធានី បាម៉ាកូ ក្រុមហ៊ុនមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បី​ឲ្យ​យន្ដហោះ​អាចចេញដំណើរ នៅពេលបន្ទាប់ ឬនៅថ្ងៃស្អែកឡើងបានទេ។

វត្តមានដ៏​«អាណាធិបតេយ្យ» របស់សត្វចតុបាត នៅក្នុងយន្ដហោះ គឺជាការគម្រាមមួយ ទៅដល់សុវត្ថិភាព​នៃ​ការ​ហោះហើរ ដោយ​សារ​សត្វទាំងនេះ អាចកកេរផ្ដាច់ខ្សែភ្លើង ឬខ្សែសម្រាប់ការទាក់ទងទាំងឡាយ។ អ្នកនាំ​ពាក្យ​ដដែល បានអះអាង​បន្ត​ថា អ្នកដំណើរទាំងអស់ ត្រូវបានទទួលឲ្យស្នាក់នៅ ក្នុងសណ្ឋាគារជាច្រើន នៃ​រដ្ឋធានី​របស់​ប្រទេសម៉ាលី ហើយ​កាយ​វិការសំណងជំងឺចិត្ត ពីសំណាក់ក្រុមហ៊ុន នឹងត្រូវបង់ជូន ទៅឲ្យ​អ្នក​ដំណើរ​ទាំង​នោះ​ថែមទៀត។

សូមបញ្ជាក់ថា នៅក្រោយហេតុការណ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរហ្វ្រង់ ក៏បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​​មួយ​ដែរ ដោយបានពន្យល់​ថា៖ «អ៊ែរហ្វ្រង់ សោកស្ដាយណាស់ ចំពោះការរំខាន ដែលបណ្ដាលមក​​ពី​ការ​យឺត​យ៉ាវ​នេះ។ ប៉ុន្តែ អ៊ែរហ្វ្រង់ សូមជម្រាបជូនថា សុវត្ថិភាពរបស់អតិថិជន និងបុគ្គលិកបម្រើការ​នៅលើ​យន្ដហោះ គឺ​ជា​អាទិភាព​ដ៏​ខ្ពស់បំផុត របស់ក្រុមហ៊ុន។»។

រឿងទាំងអស់នេះ បានកើតឡើង ព្រោះកណ្ដុរមួយក្បាល!!!