ពាក្យថា «ប្រាក់ខែដំបូង» មានន័យសំខាន់ ដល់កម្រិតណា សម្រាប់មនុស្សម្នាក់ៗ?

មនុស្សយើង ខិតខំប្រឹងប្រែង រៀនសូត្រ ត្រងត្រាប់យកចំណេះដឹង តាំងពីថ្នាក់តូចៗ រហូតដល់កម្រិតសិក្សាខ្ពស់ៗ ក៏ដោយសារតែ សង្ឃឹមថាចំណេះវិជ្ជាទាំងនោះ នឹងនាំមកនូវការងារណាមួយ ដ៏ល្អសម្រាប់ខ្លួន ដើម្បីកសាងជីវិតរស់នៅប្រចាំថ្ងៃ ឲ្យកាន់តែងាយស្រួល។ ជាការពិតណាស់ ម្នាក់ៗប្រាកដជាខិតខំធ្វើការងារ ឲ្យអស់ពីខ្លួន ដើម្បីទទួលបានការកោតសរសើរ និងការពេញចិត្តពីចៅហ្វាយ ក្នុងគោលបំណងធំបំផុតគឺ ទទួលបានប្រាក់ខែ ឬប្រាក់ឈ្នួលសមស្រប ទៅនឹងការប្រឹងប្រែងរបស់ខ្លួន។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ «ការងារដំបូង»។ មិនថាអ្នកនោះកំពុងសិក្សា ឬបញ្ចប់ការសិក្សារួចទៅហើយទេ ការប្រឡូកចូល វិស័យការងារជាលើកដំបូង គឺជាបទពិសោធន៍មួយដែលបង្កជា អារម្មណ៍ភ័យ អរផង ដំណាលគ្នា។ អ្នកណាៗ ក៏ប្រាកដជាព្យាយាមបញ្ចេញនូវសមត្ថភាព ទាំងកម្លាំងកាយ និងកម្លាំងប្រាជ្ញា ចេញមកបំពេញតួនាទី ភារកិច្ច ឲ្យអស់ពីសមត្ថភាព ដើម្បីអង្គភាពការងារដែរ។ វាជាជម្រើសមួយ ដែលបង្កភាពនឿយហត់ និងភាពតានតឹង មកដាក់ខ្លួន ប៉ុន្តែវាក៏ជារឿងដែលអស្ចារ្យមួយដែរ ដែលអ្នកអាចប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួន រកប្រាក់ចាយដោយខ្លួនឯងលើកដំបូង។

ដូច្នេះថ្ងៃនេះ Khmerload នឹងធ្វើការសាកសួរមនុស្សមួយចំនួន ដើម្បីចង់ឲ្យពួកគេបញ្ជាក់ពីអារម្មណ៍របស់ពួកគេ នៅពេលទទួលបានប្រាក់ខែដំបូង ចេញពីញើសឈាមផ្ទាល់របស់ពួកគេ ថាតើរំភើបដល់កម្រិតណា។ តោះទៅតាមដានទាំងអស់គ្នា!

មកជួបជាមួយ កម្លោះសង្ហារម្នាក់ ដែលសព្វថ្ងៃរៀនផង ធ្វើការផងម្នាក់ឈ្មោះ “សុខា” បាននិយាយរៀបរាប់ថា ៖ “និយាយទៅការងារដំបូងបង្អស់ របស់ខ្ញុំគឺគ្រាន់តែទៅធ្វើ Internship ប៉ុន្តែក៏បានប្រាក់ខែដែរ។ កាលនោះមួយខែ បានត្រឹមតែ ៥០$ ប៉ុណ្ណោះ។ តែក្រោយ ៣ ខែមកពេលដែលខ្ញុំចូលបានពេញសិទ្ធ ខ្ញុំក៏ទទួលបាន ១៥០$។ ការងារដំបូងដែលខ្ញុំទទួលបានតែ ៥០$ នោះគឺពិតជាច្រើនមែនទែន។ ដំបូងឡើយ ខ្ញុំគិតថា ធ្វើត្រឹម Internship ចឹង គេបែបមិនឲ្យលុយផងមើលទៅ។ តែនៅពេលបានប្រាក់ខែ ៥០$ ហ្នឹងគឺថា សប្បាយចិត្តមែនទែន! ពេលនោះលុយ ៥០$ សម្រាប់ខ្ញុំគឺមានន័យណាស់! តាមពិតទៅ ប្រាក់ខែដំបូងអញ្ចឹងគឺ គួរតែទិញអី ជូនគ្រួសារ។ តែដោយសារតែ ៥០$ ដំបូងនោះដូចជាតិចពេក ទើបមិនអាចទិញអី ជូនម៉ាក់ប៉ាបាន។ ទោះជាយ៉ាងណា ខ្ញុំបានទិញស៊ុបទៅញ៉ាំនៅផ្ទះជាមួយគ្រួសារ នៅថ្ងៃបើកប្រាក់ខែដំបូងនោះដែរ។ ក្រោយមក ទើបបានប្រាក់ខែច្រើនជាងហ្នឹងបន្តិច ក៏ទិញកាបូបឲ្យម៉ាក់ និងអាវជូនប៉ា ជាកាដូផងដែរ។ សរុបមក អារម្មណ៍ទទួលបានប្រាក់ខែដំបូង គឺជារឿងមិនគួរឲ្យជឿមួយសម្រាប់ខ្ញុំ អារម្មណ៍ទីមួយគឺសប្បាយចិត្ត ទីពីរ ខ្ញុំបានគិតថា ខ្ញុំអាចរកលុយខ្លួនឯងបាន អាចចំណាយ ផ្គត់ផ្គង់ខ្លួនឯងបានមួយចំនួនធំ ណាមួយវាក៏ជាចំណែកក្នុងការជួយគ្រួសារផងដែរ។ ជាពិសេស វាជាលុយដែលបានពីកម្លាំងញើសឈាម របស់យើងផ្ទាល់។” 

សម្រាប់ “លីជៀន” ដែលជានិស្សិត កំពុងធ្វើការដែរនោះ ក៏បានបង្ហាញពីអារម្មណ៍ស្រដៀងគ្នាដែរថា ៖ “ការងារដំបូង របស់ខ្ញុំគឺគ្រាន់តែធ្វើជា Internship ដោយទទួលបានប្រាក់ខែត្រឹម ១០០$ ប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត មែនទែន ក៏ព្រោះថា ទោះបីជាប្រាក់ខែហ្នឹង វាមិនបានច្រើនមែន ប៉ុន្តែវាជាអ្វីដែលខ្ញុំខំប្រឹងប្រែងធ្វើការរហូតមក។ ហើយមួយវិញទៀត នៅពេលដែលខ្ញុំទទួលបានប្រាក់ខែហ្នឹង ខ្ញុំគិតថាខ្ញុំអាចរស់នៅខ្លួនឯងបាន ដោយមិនចាំបាច់ពឹងផ្អែកលើ ប៉ាម៉ាក់ ឬគ្រួសារទាំងស្រុងទៀតទេ។ វាជាការចាប់ផ្តើមដំបូង និងមិនទាន់ក្លាយជាបុគ្គលិកពេញសិទ្ធិរបស់គេ ហើយយើងបានរៀនសូត្រពីក្រុមហ៊ុនគេបានច្រើនទៀតផង ហេតុនេះ ខ្ញុំមិនដែលគិតថា លុយ ១០០$ នេះតិចនោះទេ។ លុយដំបូងដែលខ្ញុំទទួលបាននេះ ខ្ញុំបានជូនទៅប៉ាខ្លះ និងទិញរបស់របរប្រើប្រាស់ខ្លះ សម្រាប់ខ្លួនឯង។ សរុបមក ប្រាក់ខែដំបូងជា ការឈានជើងដំបូងក្នុងវិស័យការងារ ជាពិសេស វាជាកម្លាំងញើសឈាម របស់យើងផ្ទាល់ ដែលខំប្រឹងប្រែង និងដឹងថា លុយគឺមិនមែនបានមកដោយងាយៗឡើយ។”

ងាកមក ស្រីស្អាតកូនមួយវិញឈ្មោះ “វុចថេង” ក៏បានលើកឡើងដែរថា ៖ “ការងារដំបូងរបស់ខ្ញុំគឺធ្វើនៅអង្គការភាពញញឹមនៃកុមារ ដែលខ្ញុំមានតួនាទីជា បណ្ណារក្សចល័ត។ កាលពីចូលដំបូងបំផុតនោះ គឺខ្ញុំទទួលបានប្រាក់ខែ ២៤០$ ។ និយាយតាមការពិតទៅ ខ្ញុំទទួលបានប្រាក់ខែចំនួននេះ គឹសប្បាយចិត្តណាស់! ក៏ព្រោះតែខ្ញុំក៏កំពុងរៀន តែប្រាក់ខែបានដល់ទៅ ២៤០$ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ប្រាក់ខែខ្ញុំ វាលើសសមត្ថភាពខ្ញុំទៅទៀត បើប្រៀបធៀបទៅនឹងអ្នកដទៃផ្សេងទៀត។ និយាយទៅគឺ ប៉ុណ្ណឹងវាសមរម្យ។ ណាមួយយើងធ្លាប់តែចាយលុយម៉ែឪ តែពេលដែលយើងធ្វើការដំបូង បានប្រាក់ខែខ្លួនឯងចឹង មានអារម្មណ៍ថាសប្បាយចិត្ត ត្រេកអរ និងមានអារម្មណ៍ថា ស្រលាញ់លុយ! ជាពិសេស វាជាញើសឈាម ដែលយើងខិតខំរក ដោយផ្ទាល់។ កាលនោះ ខ្ញុំបានទិញកាដូ ជូនអ្នកមានគុណ និងទិញឥវ៉ាន់សម្រាប់ប្តី និងកូនទៀតផង។”

នេះអាចបញ្ជាក់ថា ពាក្យថា “ប្រាក់ខែដំបូង” ជាពាក្យដ៏មានន័យ និងផ្តល់នូវអារម្មណ៍រីករាយ រំភើប សឹងតែមិនអាចនឹងរៀបរាប់បាន។ ប្រាក់ខែដំបូង ជាញើស ជាឈាម ជាការខិតខំប្រឹងប្រែង និងជាការឈានជើងចូល វិស័យការងារដំបូងបង្អស់ក្នុងជីវិត ក៏ដូចជាកិច្ចចាប់ផ្តើមនូវ ការរស់នៅដោយប្រើប្រាស់លុយផ្ទាល់ខ្លួន ផងដែរ។ ថ្វីត្បិតថា មានអ្នកមួយចំនួន ទទួលបានប្រាក់ខែដំបូងតិច ខណៈអ្នកខ្លះច្រើនក្តី មិនសំខាន់ សំខាន់ វាគឺជាបទពិសោធន៍ ដែលមិនអាចបំភ្លេចបាន។

ចុះប្រិយមិត្តវិញ គិតថាប្រាក់ខែដំបូងមានន័យយ៉ាងណាដែរ? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពាក្យថា «ប្រាក់ខែដំបូង» មានន័យសំខាន់ ដល់កម្រិតណា សម្រាប់មនុស្សម្នាក់ៗ?

ពាក្យថា «ប្រាក់ខែដំបូង» មានន័យសំខាន់ ដល់កម្រិតណា សម្រាប់មនុស្សម្នាក់ៗ?

ពាក្យថា «ប្រាក់ខែដំបូង» មានន័យសំខាន់ ដល់កម្រិតណា សម្រាប់មនុស្សម្នាក់ៗ?

ពាក្យថា «ប្រាក់ខែដំបូង» មានន័យសំខាន់ ដល់កម្រិតណា សម្រាប់មនុស្សម្នាក់ៗ?