ឲ្យរាង! គូស្នេហ៍មួយគូ ត្រូវហាមឡើងភ្នំអេវើរ៉េស រយៈពេល១០ឆ្នាំ

នេប៉ាល់៖ លិខិតទទួលស្គាល់ការឡើងដល់កំពូលភ្នំអេវើរ៉េស ដែលបានប្រគល់ទៅ ឲ្យប្តីប្រពន្ធជនជាតិឥណ្ឌាមួយគូ ត្រូវបានគេដកចេញវិញយ៉ាងលឿន បន្ទាប់ពីអាជ្ញាធរប្រទេសនេប៉ាល់ បានរកឃើញថា ពួកគេបានប្រើរូបថតកាត់ត និងហាមមិនឲ្យឡើងភ្នំអេវើរ៉េស រយៈពេល១០ឆ្នាំ។

នេះបើប្រភពព័ត៌មានមុន បានឲ្យដឹងថា កាលពីថ្ងៃទី ៥ មិថុនា ២០១៦ គូស្នេហ៍ជនជាតិឥណ្ឌា លោក Dinesh និងនាង Tarakeshwari Rathod វ័យ ៣០ឆ្នាំដូចគ្នានេះ បានប្រកាសថា ពួកគេបានឡើងដល់កំពូលភ្នំអេវើរ៉េស ដែលខ្ពស់បំផុតនៅលើពិភពលោក កាលពីថ្ងៃទី២៣ ឧសភា ២០១៦ ដែលធ្វើឲ្យពួកគេទាំងពីរនាក់ ក្លាយជាគូស្នេហ៍ជនជាតិឥណ្ឌាដំបូងបំផុត ដែលបានឡើងទៅដល់លើកំពូលភ្នំ។

បន្ទាប់ពីពួកគេទាំងពីរនាក់បានបង្ហាញរូបថត ថតនៅលើកំពូលភ្នំជាភស្តុតាងនោះ នាយកដ្ឋានទេសចរណ៍របស់នេប៉ាល់ បានប្រគល់លិខិតទទួលស្គាល់ ការឡើងដល់កំពូលភ្នំអេវើរ៉េសដល់គូស្នេហ៍នោះ ។ 

ទោះជាយ៉ាងណាក្តី អ្នកឡើងភ្នំជើងចាស់ បានសង្ស័យថា រូបភាពថតលើកំពូលភ្នំដែលពួកគេបង្ហាញនោះទំនង ជារូបភាពកាត់ត ព្រោះសម្លៀកបំពាក់ដែលពួកគេពាក់កំឡុងពេលឡើង និងក្រោយពេលឡើងដល់កំពូលភ្នំគឺខុសគ្នា ហើយវាជារឿងមិនអាចទៅរួច ដែលគូស្នេហ៍ទាំងពីរនេះប្តូរសម្លៀកបំពាក់ នៅពាក់កណ្តាលផ្លូវ ព្រោះសីតុណ្ហភាពនៅទីនោះត្រជាក់ខ្លាំង អាចធ្វើឲ្យពួកគេប្រឈមនឹងគ្រោះថ្នាក់។

ដោយមានការសង្ស័យអាជ្ញាធរប្រទេសនេប៉ាល់ បានធ្វើការស៊ើបអង្កេតលើរូបថត ដែលជាភស្តុតាងឃើញថា ពួកគេយករូបថតរបស់ខ្លួនទៅ ដាក់ពីលើរូបថតរបស់អ្នកឡើងភ្នំជនជាតិឥណ្ឌាម្នាក់ទៀតនៅកំពូលភ្នំអេវើរ៉េស ខណៈពេលនាយកដ្ឋានព្យាយាមសុំការអត្ថាធិប្បាយពីអ្នកទាំង២ ជាច្រើនលើក ប៉ុន្តែមិនទទួលកិច្ចសហការក្នុងពេលស៊ើបអង្កេតទេ ។

ក្រោយការស៊ើបអង្កេត អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍ប្រទេសនេប៉ាល់ បានដកហូតលិខិតទទួលស្គាល់ការឡើង ដល់កំពូលភ្នំអេវើរ៉េស ពីគូស្នេហ៍មួយគូ ព្រមទាំងហាមមិនឲ្យឡើងភ្នំអេវើរ៉េស រយៈពេល១០ឆ្នាំទៀតផង ទុកជាការព្រមាន៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឲ្យរាង! គូស្នេហ៍មួយគូ ត្រូវហាមឡើងភ្នំអេវើរ៉េស រយៈពេល១០ឆ្នាំ
រូបភាពកាត់ត របស់គូស្នេហ៍ទាំងពីរ ដែលនាពេលនេះហាមឃាត់ មិនឲ្យឡើងភ្នំអេវើរ៉េស រយៈពេល១០ឆ្នាំ

ឲ្យរាង! គូស្នេហ៍មួយគូ ត្រូវហាមឡើងភ្នំអេវើរ៉េស រយៈពេល១០ឆ្នាំ
រូបភាព គូស្នេហ៍ទាំងពីរ

ឲ្យរាង! គូស្នេហ៍មួយគូ ត្រូវហាមឡើងភ្នំអេវើរ៉េស រយៈពេល១០ឆ្នាំ
រូបភាពកាត់ត របស់គូស្នេហ៍ទាំងពីរ