ជន​អគតិ​រំលោភ​កូនស្រី​ចុង​30​លើក​ទើប​បែក​ការណ៍

ជន​អគតិ​រំលោភ​កូនស្រី​ចុង​30​លើក​ទើប​បែក​ការណ៍



ខេត្តកំពង់ចាម ៖ គ្មាន​អ្វី​អាក្រក់​ជាង​បាន​ប្ដី​តិរច្ឆាន​ទេ ស្រប​ពេល​ដែល​ប្រពន្ធ​ចេញ​ទៅ​ស៊ីឈ្នួល​គេ​នៅ​រាជធានី​ភ្នំពេញ​បាត់ ដោយ​ទុក​កូន​៣​នាក់​ឲ្យ​នៅ​ជាមួយ​ប្តី​ក្រោយ​របស់​ខ្លួន ប្រៀប​ដូច​យក​ពងមាន់​ផ្ញើ​ក្អែក បែរជា​ចាប់​កូនស្រី​ម្នាក់ រំលោភ​សេពសន្ថវៈ​បន្តបន្ទាប់​រហូត​ដល់​ទៅ​៣០​លើក ទីបំផុត​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង នៅយប់​ថ្ងៃ​ទី​១ កញ្ញា ថា បុរស​អគតិ​ប្រៀប​ដូច​តិរច្ឆាន ដែល​ចាប់​កូនស្រី​ដើម​រំលោភ​នេះ​ឈ្មោះ វ៉ា​ន់ ថា​ណា​រិ​ន អាយុ​៣២​ឆ្នាំ ត្រូវជា​ឪពុកចុង​។ កូនស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ ។ ការ​ចាប់រំលោភ​សេពសន្ថវៈ​ជា​ញឹកញាប់​នេះ មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​នោះ​ទេ បាន​កើតឡើង​ក្នុង​អំឡុង​ខែមិថុនា កក្កដា និង​សីហា  ២០១៦ ។ តែ​ទ​ង្វើ​ដ៏​អាក្រក់​នេះ ត្រូវ​បានកូន​ស្រី​នេះ​និយាយ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ប្រាប់​សាច់ញាតិ ទើប​ឈាន​ទៅ​ដល់​ការ​ប្តឹង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ដំ​រិល​ឲ្យ​ចាប់ខ្លួន ។

យោង​តាម​ដើមបណ្តឹង​ត្រូវជា​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែមិថុនា ២០១៦ គាត់​បាន​ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ដោយ​ទុក​កូន​៣​នាក់​ឲ្យ​ប្តី​ក្រោយ​នេះ​មើលថែ​ទាំ​ជំនួស ក្នុង​នោះ​មានកូន​ប្រុស​អាយុ​១៥​ឆ្នាំ កូនស្រី​អាយុ​១៣​ឆ្នាំ និង​កូនប្រុស​តូច​អាយុ​២​ឆ្នាំ​កន្លះ ។ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ សីហា វេលា​ម៉ោង​ប្រហែលជា​២​រសៀល​ត្រូវ​បាន​សាច់ញាតិ​ទូរស័ព្ទ​មក​ប្រាប់​ថា ប្តី​របស់​ខ្លួន​ចាប់​កូនស្រី​រំលោភ ។ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ភ្លាម នៅ​ថ្ងៃ​ទី​៣១ សីហា គាត់​បាន​ចាក​ចេញពី​ភ្នំពេញ ត្រឡប់​មក​ផ្ទះ​នៅ​ឃុំ​ដំ​រិល​វិញ ។ ពេល​មក​ដល់​ផ្ទះ​ភ្លាម បាន​សួរនាំ​កូនស្រី ត្រូវ​បានកូន​ឆ្លើយ​ប្រាប់​ថា ឪពុកចុង​ពិតជា​បាន​ចាប់រំលោភ​នាង​មែន រហូត​ដល់​ទៅ​៣០លើក ។

សមត្ថកិច្ច​បញ្ជាក់​ថា ជន​អគតិ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​កូនស្រី​ចុង​អាយុ​១៣​ឆ្នាំ រំលោភ​សេពសន្ថវៈ​ជា​បន្តបន្ទាប់​មែន ។ ក្រោយ​ពី​ចាប់ខ្លួន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ជា​ទោសឧក្រិដ្ឋ​៕