លើលោកនេះ មានមនុស្សស្រីចឹងប៉ុន្មាននាក់ទៅ…?

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​អះអាង​ថា ប្រ​ព​ន្ធខ្លួន​ចុះ​ចោល​ទៅ​មាន​ប្រុស​ថ្មី​ចោល​ប្តី​ និង​កូនប្រុស​ស្រី​៣​នាក់​បាត់​ទៅ​ហើយ ឱ្យ​ខ្លួន​ជា​អ្នកគ្រប់គ្រង ដែល​ពេល​នេះ​គាត់​កំពុង​ជួប​បញ្ហា​កង្វះខាត​ជីវភាព​ជា​ខ្លាំង ណា​ខ្លួន​ឈឺ ណា​ប្រពន្ធ​ខ្លួន​ដែល​ចុះ​ចោល ទៅ​ខ្ចី ប្រាក់​ពី​អង្គការ​ជា​ច្រើន​ទៀត ទុក​បន្ទុក​លើ​គាត់​ជា​អ្នក​សង​ជំនួស​។ បុរស​និង​កូន​៣​នាក់ ដែល​ត្រូវ​ប្រពន្ធ​ចុះ​ចោល​ខាងលើ​នេះ មាន​ទីលំនៅ​ភូមិ​អូរ​សណ្តាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅ​លើ​គ្រែ​រនាបឫស្សី ក្រោមផ្ទះ​ម្តាយបង្កើត​បុរស​អភ័ព្វ​សេ្ន​ហ៍​បាន​រៀបរាប់​ថា គាត់​មានឈ្មោះហឿ​ន សីហា អាយុ​៣៧​ឆ្នាំ កាលពី​ជាង​១០​ឆ្នាំ​មុន គាត់​បាន​រៀប​ការ​ជាមួយ​នារី​ម្នាក់​ឈ្មោះ វន ស្រី​ណេ​ន អាយុ​ប្អូន​គាត់​២​ឆ្នាំ ដែល​ជា​អ្នកស្រុក​ភូមិ​ជាមួយ​គ្នា និង​បាន​រស់នៅ​ដោយ​មាន​សេចក្តីសុខ​ក្សេមក្សាន្ត ក្នុង​មុខរបរ​គាត់​ជា​ជាងសំណង់​ក្នុង​ខេត្ត ហើយ​ចំណងដៃ​ស្នេហា​បង្កើត​បានកូន​ប្រុស​ស្រី​៣​នាក់ កូន​បង​អាយុ​១២​ឆ្នាំ កូន​ប្អូន​អាយុ​៥​ឆ្នាំ ។

ដោយសារ​ស្ថានភាព​គ្រួសារ និង​ដោយសារ​ធ្វើ​សំណង់​នៅ​ក្នុង​ខេត្ត ជិត​ៗ​ផ្ទះ​មិន​សូវ​បាន​ប្រាក់​ច្រើន គាត់​ក៏​ទៅ​ធ្វើការ​ជា​ជាង​សំណង់នៅ​រាជធានី​ភ្នំពេញ ជាមួយ​ប្រ​ព​ន្ឋ ដោយ​ទុក​កូន​៣​នាក់​ឱ្យ​នៅ​ជាមួយ​ជីដូន​វា ។ ក្រោយ​ពី​ធ្វើ​ជាងសំណង់​នៅ​ភ្នំពេញ បាន​ជាង​កន្លះ​ឆ្នាំ មិន​ទទួល​បាន​លទ្ធផល​សល់​ប្រាក់​កាស គឺ​គ្រាន់តែ​បាន​មួយ​រស់​ៗ ណា​ថ្លៃ​ឈ្នួល​ស្នាក់​នៅ ណា​ប្រាក់​ផ្ញើ​ឱ្យ​កូន គាត់​ក៏​បបួល​ប្រពន្ធ​ត្រឡប់​មក​ផ្ទះ​វិញ ។ កាល​ណោះ​គាត់​និង​ប្រពន្ធ​បាន​មក​ផ្ទះ​នៅ​ខេត្តកំពង់​ឆ្នាំង​វិញ នៅ​ខែ​មិ​នា ឆ្នាំ​២០១៦ និង​បាន​រក​ការងារ​ធ្វើ​ជា​ជាងសំណង់​បន្ត​ទៀត ។ តែ​កាលនោះ​រក​ការងារ​មិន​ទាន់​បាន​ធ្វើ ប្រពន្ធ​គាត់​បាន​សុំ​គាត់​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​វិញ ទោះបី​គាត់​ឃាត់​បែប​ណា ក៏​មិន​ព្រម​ស្តាប់​ដែរ នាង​ក៏​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​វិញ​បាត់​ទៅ ។

បុរស​ជា​ប្តី​បាន​បន្ត​ដោយ​ទឹកមុខ​ស្រងូត​ថា ពេល​ទៅ​ធ្វើការ​នៅ​ភ្នំពេញ ប្រពន្ធ​គាត់​មិន​ដែល​ផ្ញើ​ប្រាក់​កាស​មក​គាត់​ជួយ​ចិញ្ចឹម​កូន​ឡើយ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ កាលពី​ជាង​៣​ខែ​មុន​នេះ ប្រពន្ធ​គាត់​បាន​ត្រឡប់​មក​វិញ តែ​មិន​បាន​មក​ផ្ទះ​គាត់​មើល​កូន​និង​ប្តី​ទេ នាង​បាន​ទៅ​ផ្ទះ​ម្តាយ​នាង ដែល​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន ។ ពេល​នោះ​គាត់​ខំ​នាំ​កូន​ទាំង​៣​នាក់​ទៅ​ជួប​ម្តាយ​វា ស្រាប់តែ​អ្វី​ដែល​ស្មាន​មិន​ដល់ ប្រពន្ធ​គាត់​មិន​ខ្ចី​មើល​មុខ​កូន និង​រូប​គាត់​ឡើយ ហើយ​នាង​បាន​ទូរស័ព្ទ​ទៅ​ណា​មិនដឹង​ទេ ស្រាប់តែ​រំពេច​នោះ​មាន​មនុស្ស​ប្រុស​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ដឹក​ប្រពន្ធ​គាត់ ចេញ​ទៅ​ភ្នំពេញ​វិញ​យ៉ាង​ប្រញាប់​បំផុត ទោះបី​កូន​ៗ​ខំ​ស្រែកហៅ​ម៉ែ​ៗ​យ៉ាងណា​ក្តី ។

ប្តី​អង្គុយ​អោប​កូន​និយាយ​រៀបរាប់​ទៀត​ថា ជាមួយ​និង​ទ​ង្វើ​មិន​គប្បី ជា​ស្ត្រី​ខ្មែរ​ខាងលើ​នេះ ប្រពន្ធ​គាត់​បាន​ផ្តាំផ្ញើ​តាម​គេ​មក​ប្រាប់​គាត់​ថា យើង​អស់កម្ម​ពៀរ​នឹង​គ្នា​ហើយ បែក​គ្នា​ត្រឹមហ្នឹង​ចុះ​។ គាត់​បាន​ដឹក​ដៃ​និង​ពរ​កូន​តូច​ត្រឡប់​មក​ផ្ទះ​វិញ ទាំង​រន្ធត់ និង​នឹក​ក្នុង​ចិត្ត​ថា ប្រ​ព​ន្ឋ​គាត់​មាន​ថ្មី​ចោល​គាត់ នេះ​បាន​ហៅ​ថា នាំ​ឱ្យ​ស្គាល់​ភ្នំពេញ​ឈ្លក់ទឹកម៉ាស៊ីន​មែន ។

បុរស​រូប​នោះ​បាន​បន្ត​ដោយ​ក្តី​អស់​សង្ឃឹមថា ប្រពន្ធ​គាត់​មិន​ត្រឹមតែ​ក្បត់ចិត្ត​គាត់​ប៉ុណ្ណឹង​ទេ កាល​នៅ​ជាមួយ​គ្នា​ប្រ​ព​ន្ឋ​គាត់​បាន​ខ្ចី​លុយ អង្គការ​ជា​ច្រើន ដែល​ពេល​នេះ​ដី​ដែល​គាត់​រស់នៅ​បាន​ស្ថិត​ក្នុង​ដៃ​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​ចេញ​លុយ​សង​អង្គការ​ជំនួស និង​បាន​ពពាយនាយ​លក់​ដី​នោះ​សង​ស្ត្រី​នោះ​វិញ សល់​ប៉ុន្មាន​គ្រាន់​នឹង​ចិញ្ចឹម​កូន​បន្ត ។ ពាក់ព័ន្ធ​ដល់​ថា ចុះបើ​លក់​ដី​បាន​ដី​អី​នៅ បុរស​រូប​នោះ​ថា ពេល​នេះ​ម៉ែ​បង្កើត​ក៏​ឱ្យមក​រស់នៅ​ជាមួយ​គាត់​វិញ​ដែរ ។

ជា​ចុង​ក្រោយ បុរស​រូប​នោះ​ថា គាត់​មិន​អាច​យកប្រពន្ធ​នោះ​ទៀត​បាន​ទេ បើ​ទោះជា​នាង​ត្រឡប់​មក​វិញ​ក្តី គឺ​សុំ​តែ​ម្យ៉ាង​ឱ្យ​ប្រពន្ធ​គាត់​ផ្ញើ​លុយកាក់​មក​ជួយ​ចិញ្ចឹម​កូន​ៗ​ផង ព្រោះ​ពេល​នេះ​គាត់​អស់​លទ្ធភាព​ហើយ និង​ម្យ៉ាងវិញទៀត សូម​ជួយ​សង​ប្រាក់​ដែល​ខ្ចី​អង្គការ​ផង ព្រោះ​ពេល​នេះ​ម្ចាស់​លុយ​ដែល​គេ​ជួយ​ចេញ​សង​ជំនួស ជិត​រឹបអូស​យក​ដី​នោះ​អស់ហើយ ។

ស្ត្រី​ម្នាក់​ឈ្មោះ ស៊ុន ធំ ដែល​ត្រូវជា​ម្តាយមីង​បុរស​ខាងលើ​បាន​ប្រាប់​ថា វេទនា​ទាំង​រស់​ពូ ! (​ប្រាប់​ភ្នាក់ងារ​យើង​) សព្វថ្ងៃរ​កអី​ស៊ី​មិន​បាន ជើង​ដំបៅ​ដើរ​មិន​រួច (​ចង្អុល​ទៅ​បុរស​កូន​បី​ប្រ​ព​ន្ឋ​រត់​ចោល​) កុំ​តែ​បាន​ម្តាយ​ប្រកប​របរ​ធ្វើ​អំបោស​លក់ ចេះ​តែ​ជួយ​ច​ញ្ចឹ​ម​ទៅ ។ សព្វ​ថ្ងៃនេះ​បាន​វិហារ​យ៉េ​ស៊ូ​នៅ​ជិត​នឹង ក្មេង​ៗ​វា​ទៅ​ស៊ី​ជាមួយ​គេ​ទៅ ព្រោះ​គេ​ធ្វើ​បាយ​ម្ហូប​ឱ្យ​ក្មេង​ៗ​មួយ​ពេល​ថ្ងៃត្រង់​ដែរ ។ គាត់​បន្ត​ថា សូម​សប្បុរ​ជន​មេត្តា​អាណិត​ជួយ​វា និង​កូន​ៗ​វា​ទាំង​៣​នាក់​នេះ​ផង ។

ទោះ​យ៉ាងណា នេះ​ជា​ការ​បកស្រាយ​របស់​ភាគី​ខាង​ប្តី​តែ​ប៉ុណ្ណោះ ។ ចំណែក​ភាគី​ខាង​ប្រពន្ធ​វិញ យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ហើយ​យើង​នឹង​រីករាយ​រង់ចាំ​បំភ្លឺ​ជូន​គ្រប់ពេលវេលា ប្រសិនបើ​នាង​បាន​ទទួល​ដំណឹង​នេះ ៕