ពាន់ ភួងបុប្ផា ធ្វើខួបកំណើតគម្រប់៦២ឆ្នាំ មានសុទ្ធតែតារាល្បីៗចូលរួម

ភ្នំពេញ៖ អតីតអ្នកដឹកនាំរឿង ដែលល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន អ្នកស្រី ពាន់ ភួងបុប្ផា កាលពីដើមខែកញ្ញា កន្លងទៅនេះ បានរៀបចំពិធីជប់លៀង ខួបកំណើត រួមជាមួយ ពិធីឡើងគេហដ្ឋានថ្មី ដោយក្នុងកម្មវិធីរបស់អ្នកស្រី មានវត្តមានតារាល្បីៗ ជាច្រើនបង្ហាញវត្តមានចូលរួម យ៉ាងច្រើនកុះករ ។

វត្តមានតារា ដែលចូលរួមពិធីខួបកំណើត របស់អ្នកស្រី ពាន់ ភួងបុប្ផា គម្រប់៦២ឆ្នាំ កាលពីរាត្រីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ គេសង្កេតឃើញថាមាន អ្នកនាង យុគ ចិន្តា , លោក យ៉ែម សំអូន, កញ្ញា សូដា នីតា, អ្នកនាង សុខ សោម៉ាវត្តី, អ្នកនាង សារាយ សក្ខណា និងម្តាយ ,កញ្ញា តូតា, កញ្ញា មាន សូនីតា រួមជាមួយតារាប្រុសស្រី ល្បីឈ្មោះជាច្រើនដួងទៀត ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា នាពេលនេះ អ្នកស្រី ពាន់ ភួងបុប្ជា ក៏បង្កើតស្នាដៃ​និពន្ធ និងដឹកនាំសម្ដែងក្នុងរឿងថ្មី​របស់អ្នកស្រី ដែលមានចំណងជើងថា​ «ទឹកចិត្តម្ដាយសម័យថ្មី» ដែលជាស្នាដៃដំបូង​​របស់អ្នកស្រី បន្ទាប់ពីចុះកិច្ចសន្យាផលិត​រឿង​​ឲ្យផលិតកម្ម «ថោន»។

នៅក្នុងនេះ ក៏មានវត្ដមាន តារាសម្ដែងធ្លាប់ល្បីល្បាញ​ ក្នុងទស្សវត្សទី៨០ និងជាដៃគូដ៏ស័ក្តិសម​ជាមួយនឹង​ លោក ទេព រិន្ទដារ៉ូ អ្នកនាង អម្ពរ ទេវី។ កវីនិពន្ធ និងដឹកនាំសម្ដែងឆ្នើម អ្នកស្រី ពាន់ ភួងបុប្ផា បានថ្លែងដោយបើកចំហរ ក្នុងសន្និសីទកាសែត ចូលមកកាន់ផលិតកម្ម «ថោន» កាលពីពេលថ្មីៗនេះថា ជាការពិតកំពូល​តារាសម្ដែងឆ្នើម និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងទស្សវត្ស៨០ និង៩០ អ្នកនាង អម្ពរ ទេវី នឹងមកកាន់ប្រទេសកម្ពុជា ក្នុងអំឡុងដើមខែសីហា ឆ្នាំ២០១៦នេះ ដើម្បីចូលរួមថតរឿងឲ្យអ្នកស្រី តាមការសន្យា ពេលដែលអ្នកស្រី​ទៅលេងនៅសហរដ្ឋអាមេរិក ហើយបានជួបនឹងអ្នកនាង អម្ពរ ទេវី ។

អ្នកស្រី ពាន់ ភួងបុប្ផា ថ្លែងថា « ចា៎..រឿង ទឹកចិត្តម្ដាយសម័យថ្មី នឹងមានការចូលរួមសម្ដែង​​ ពីសំណាក់អ្នកនាង អម្ពរ ទេវី ហើយគាត់មកកម្ពុជាតែរយៈពេលតែ១២ថ្ងៃ ប៉ុណ្ណោះ ដូច្នេះខ្ញុំត្រូវរៀបចំឈុតឆាក​ឲ្យគាត់ជាមុន ព្រោះជាពេលវេលាមួយខ្លីបំផុត ហើយគាត់មកខ្មែរពេលនេះ មិនមែនមកកម្សាន្ត ឬក៏មកលេងបងប្អូនទេ គឺគាត់មកថតរឿងឲ្យខ្ញុំតែម្ដង​ ព្រោះគាត់បានជាប់មាត់ជាប់ក ជំពាក់ពាក្យសម្ដី ថានឹងសម្ដែងរឿងឲ្យខ្ញុំ ពេលខ្ញុំជួបគាត់នៅអាមេរិក..!»។

អ្នកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ទៀតថា អ្នកនាង អម្ពរ ទេវី អាចនឹងសម្ដែងជាតួលោកជំទាវ ក្នុងសាច់រឿងរបស់អ្នកស្រី ហើយមិនមែនជារឿងងាយស្រួលទេ ដែលអ្នកស្រីអាចកងកាវតួសម្ដែងពីជំនាន់មុន ដែលកំពុងតែរស់នៅប្រទេសក្រៅ ឲ្យមកសម្ដែងក្នុងរឿងអ្នកស្រីបាន វាគឺជារឿងលំបាកមួយ ប៉ុន្តែដោយសារតែតារាសម្ដែង​ ទាំងអស់នោះ ធ្លាប់ស្គាល់ពីស្នាដៃ ពីបទពិសោធន៍របស់អ្នកស្រី នាពេលកន្លងមក ទើបពួកគាត់ទុកចិត្ត និងនៅតែរីករាយ​សម្ដែងឲ្យអ្នកស្រីដដែល។

សូមបញ្ជាក់ថា បើយោងតាមអ្នកស្រី ពាន់ ភួងបុប្ផា បានបន្ថែមថា រឿង«ទឹកចិត្តម្ដាយសម័យថ្មី» នឹងមានការចូលរួមសម្ដែង ដោយតារាជំនាន់មុន និងជំនាន់ក្រោយល្បីៗជាច្រើនដួង រួមមាន អ្នកនាង អម្ពរ ទេវី, អ្នកស្រី ឌី សាវ៉េត, លោក ទេព រិន្ទដារ៉ូ, អ្នកនាង ស៊ឹម សូលីកា ,អ្នកនាង សុខ សោម៉ាវត្តី ព្រមទាំងវត្តមានតារាសម្ដែងល្បីៗ ជាច្រើនទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload