ទាហាន និង​ប៉ូលិស នឹងត្រូវ​ចល័ត និង​ពង្រាយ​ទូទាំងប្រទេស​ហ្វីលីពីន​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​

ទាហាន និង​ប៉ូលិស នឹងត្រូវ​ចល័ត និង​ពង្រាយ​ទូទាំងប្រទេស​ហ្វីលីពីន​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​
ក្រោយព្រឹត្តិការណ៍នៃការបំផ្ទុះនៅក្នុងក្រុងដាវ៉ាវភាគខាងត្បូងនៃប្រទេសហ្វីលីពីនដែលបានសម្លាប់មនុស្សយ៉ាងតិត១០នាក់ និងរបួសជាង៦០នាក់នោះ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រកាសជាលក្ខណៈថ្នាក់ជាតិដោយដាក់ប្រទេសក្នុងស្ថានភាពនៃ«ការមិនមានច្បាប់ទម្លាប់ ឬស្ថានភាពអសណ្តាប់ធ្នាប់»។ ក្នុងស្ថានភាពនេះ លោកប្រធានាធិបតី ត្រូវក្លាយជាអគ្គមេបញ្ជាការលើកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសផងដែរ។

លោកប្រធានាធិបតី Rodrigo Duterte នៅព្រលឹមស្រាងៗនៃថ្ងៃសៅរ៍ទី០៣ ខែកញ្ញានេះ បានប្រកាសដាក់ប្រទេសហ្វីលីពីនឲ្យស្ថិតក្នុងស្ថានភាព«ហិង្សាគ្មានច្បាប់ទម្លាប់» តែមិនមែនសំដៅលើ«ការគ្រប់គ្រងតាមច្បាប់អាជ្ញាសឹកឡើយ»។ សេចក្តីប្រកាសនេះ ក៏តម្រូវឲ្យមានទាំងប៉ូលិស និងទាហានត្រូវពង្រាយ និងចល័តទូទាំងប្រទេសដើម្បីធានាពីសន្តិសុខ និងសុវត្ថិភាពដែលលោកប្រធានាធិបតីអះអាងថានឹងត្រូវអនុវត្តរហូតទាល់តែលោក មានអារម្មណ៍ថាប្រទេសមានសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មានហ្វីលីពីន Inquirer។

ក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយជាសាធារណៈតាមរយៈទូរទស្សន៍ផងដែរនោះ លោកប្រធានាធិបតីដែលគេស្គាល់ថាជាបុរសខ្លាំងហ្វីលីពីននោះ ក៏បានសង្កត់យ៉ាងដូច្នេះថា «ខ្ញុំ មានកាតព្វកិច្ចនេះដើម្បីការពារប្រទេស។ ខ្ញុំ មានកាតព្វកិច្ចរក្សាបូរណភាពដែនដីរបស់ជាតិមិនឲ្យខ្ទេចខ្ទាំ»។ នេះបើយោងតាមសារព័ត៌មានដដែលដែលបានបន្តទៀតថា ឧប្បទ្ទវហេតុនៃការបំផ្ទុះនៅយប់ថ្ងៃសុក្រនោះ មិនមែនជាសង្គ្រាមនោះទេ តែជាបញ្ហានៃការងាររបស់ប៉ូលិស។

យោងតាមមាត្រា៧នៃរដ្ឋធម្មនុញ្ញហ្វីលីពីនឆ្នាំ១៩៨៧ «ប្រធានាធិបតី គឺជាអគ្គមេបញ្ជាការនៃកងកម្លាំងទាំងអស់ ហើយ ប្រធានាធិបតី មានសិទ្ធិក្នុងការបញ្ជាកងកម្លាំងក្នុងស្ថានភាពចាំបាច់ដើម្បីទប់ស្កាត់ និងបង្ក្រាបទៅលើ«អំពើហិង្សាដែលគ្មានច្បាប់ទម្លាប់, ការឈ្លានពាន ឬការបះបោរ»។ នេះ ក៏មានន័យដែរថា ក្នុងស្ថានភាពនេះ លោកប្រធានាធិបតី Rodrigo Duterte គឺជាមេបញ្ជាការលើកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសផងដែរ។

ជារឿងដែលមិនអាចប្រកែកបាននោះ ឧប្បទ្ទវហេតុដែលប៉ូលិសហ្វីលីពីនកំពុងតែស្រាវជ្រាវយ៉ាងដុតដៃដុតជើងពីឬសគល់ ប្រាកដណាស់ថាបានធ្វើឲ្យលោកប្រធានាធិបតីទើបកាន់តំណែង Rodrigo Duterte ប្រតិកម្មមិនតិចនោះទេ។ ហើយនោះ ក៏ព្រោះតែ ក្រុងដាវ៉ាវ គឺជាទីកន្លែងដែលលោកធ្លាប់បម្រើការមុនពេលលោកក្លាយជាប្រធានាធិបតី ពោលគឺ លោកធ្លាប់ធ្វើជាអភិបាលក្រុងនៅទីនោះអស់រយៈពេលជាងពីរទសវត្សរ៍ហើយ ដែលពេលនោះ លោក បានប្រែក្លាយក្រុងនោះ ឲ្យក្លាយជាក្រុងដែលសុវត្ថិភាពបំផុតរបស់ហ្វីលីពីន។ បច្ចុប្បន្ន កូនស្រីច្បងរបស់លោកប្រធានាធិបតី គឺជាអភិបាលក្រុង ហើយអភិបាលរងក្រុងនោះ ក៏ជាកូនប្រុសរបស់កូនលោកផងដែរ។

ជុំវិញបញ្ហានេះ ប៉ូលិសហ្វីលីពីន មិនទាន់អាចសន្និដ្ឋានថាការបំផ្ទុះនៅក្នុងក្រុងដាវ៉ាវដែលជាកន្លែងដែលលោកប្រធានាធិបតី Duterte រស់នៅផងដែរនោះ ថាជាការសងសឹង ឬហេតុផលអ្វីផ្សេងទៀតបានឡើយ។ តែអ្វីគួរកត់សម្គាល់នោះ ឧប្បទ្ទវហេតុនេះ បានកើតឡើងស្របពេលដែល ជនសង្ស័យ និងឈ្មួញគ្រឿងញៀនប្រមាណជិតពីរពាន់នាក់ត្រូវបានសម្លាប់ក្រោមយុទ្ធនាការបោសសម្អាសបទល្មើសគ្រឿងញៀន ឬសង្គ្រាមគ្រឿងញៀនរបស់លោកប្រធានាធិបតីផងដែរ៕

ប្រភព៖ thmeythmey

  • ទាហាន និង​ប៉ូលិស នឹងត្រូវ​ចល័ត និង​ពង្រាយ​ទូទាំងប្រទេស​ហ្វីលីពីន​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:ជីវិតនិងសង្គម
Tags: