ដេញចាប់ Pokémon បែជាចាប់បាន ចោរលួចរថយន្តទៅវិញ

នូវែលហ្សេឡង់៖ ហ្គេម Pokémon Go របស់ក្រុមហ៊ុន Nintendo បានទទួលការគាំទ្រយ៉ាងខ្លាំង ក្រោយពេលដាក់ឲ្យលេងជាផ្លូវការ ដែលហ្គេមនេះប្រើប្រាស់ទីតាំងពិតៗ និងប្រើប្រាស់ Google Map ក្នុងការធ្វើឲ្យសត្វក្នុងហ្គេមហាក់ដូចជាមានពិត ដោយប្រើប្រាស់កាមេរ៉ាទូរស័ព្ទ។

ការចាប់បានសត្វណាមួយនៅក្នុងហ្គេមនេះ ធ្វើឲ្យអ្នកលេងមានអារម្មណ៍សប្បាយត្រេកអរ តែអ្នកលេងហ្គេម Pokémon Go មួយចំនួនក្នុងប្រទេសនូវែលហ្សេឡង់ បានចាប់បានអ្វីច្រើនជាង សត្វក្នុងទូរស័ព្ទរបស់ពួកគេទៅទៀត ពេលដែលពួកគេបានចាប់ចោរម្នាក់ដែលលួចឡាន ហើយរង់ចាំរហូតប៉ូលីសបានមកដល់។ 

តាមសារព័ត៌មានរ៉យទ័រ បានផ្សាយឲ្យដឹងថា អ្នកលេងហ្គេម Pokémon Go មួយក្រុម ក្នុងទីក្រុង Napier បានដើរចាប់សត្វនៅក្នុងហ្គេមរបស់ពួកគេ ហើយក៏បានឭសំឡេងរោទិ៍សុវត្ថិភាពរបស់រថយន្ត ព្រមទាំងបានឃើញបុរសពាក់ស្រោមមុខម្នាក់រត់កាត់ពួកគេ។ ភ្លាមៗពួកគេ ក៏បានតាមចាប់ចោរនោះមិនឲ្យរត់ទៅណារួច។

ប៉ូលិសនូវែលហ្សេឡង់ បានថ្លែងក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា "ក្មេងៗមួយក្រុមនោះ មិនបានប្រើបាល់ចាប់សត្វ Pokémon មកចាប់ចោរទេ ពួកគេគ្រាន់តែចាប់ខ្លួនចោរនោះ ហើយចាំរហូតប៉ូលិសមកដល់ប៉ុណ្ណោះ"។

មន្ត្រីប៉ូលិសបានឲ្យដឹងថា ជនសង្ស័យជាចោរលួចរថយន្តរូបនោះ មានអាយុ២៨ឆ្នាំ ហើយនឹងត្រូវនាំទៅតុលាការកាត់ទោសនៅថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ។

ទោះបីជាក្មេងមួយក្រុមនេះបានក្លាយជាវិរៈបុរសចាប់ចោរ ក្នុងទីក្រុង Napier ក៏ដោយ ក៏អាជ្ញាធរនៅទីនោះ បានក្រើនរំឮកដល់អ្នកលេងហ្គេមនេះ ឲ្យគិតពីសុវត្ថិភាពរបស់ពួកគេជាចម្បង។

លោកពលបាលត្រី David Sutherland បាននិយាយថា "ការចាប់សត្វចម្លែក Pokémon មិនមែនគ្រាន់តែល្អសម្រាប់អ្នកលេងទេ តែវាក៏ល្អសម្រាប់ប៉ូលិសផងដែរ ប៉ុន្តែយើងមិនចង់ឲ្យអ្នក ដែលមានចិត្តល្អទាំងនោះមានរបួសនោះឡើយ"៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដេញចាប់ Pokémon បែជាចាប់បាន ចោរលួចរថយន្តទៅវិញ

ដេញចាប់ Pokémon បែជាចាប់បាន ចោរលួចរថយន្តទៅវិញ