ឃាតករចាក់សម្លាប់សង្សារហើយចាក់ខ្លួនឯង បញ្ជូនទៅដេកគុកព្រឹកមិញ

ខេត្ត​កំពង់ស្ពឺ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា តុលាការខេត្ត​កំពង់ស្ពឺ សម្រេច​​​ឃុំខ្លួនដាក់​ពន្ធនាគារ​ ជា​បណ្តោះអាសន្ន​ កាលពី ព្រឹក​​ថ្ងៃ​ទី​០៣ ​កញ្ញា ​២០១៦ ​នេះ ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ «​ឃាតកម្ម​គិត​ទុកជា​មុន​» ដែលជន​ដៃដល់​បាន​​យក​​កាំបិត​ចុង​ស្រួចទៅចាក់​សម្លាប់​នារី​កាត់ដេរ​ម្នាក់​នៅ​ក្នុង​ផ្សារ​ឧដុង្គ​ ដែល​ខ្លួន​តាម​ស្រឡាញ់​មិន​បាន ​។ បើ​បង​មិន​បាន​អូន អូន​ក៏​មិន​អាច​បាន​ទៅ​អ្នក​ផ្សេង​ដែរ

ជនសង្ស័យខាងលើ​​ឈ្មោះ​ស៊ឹ​ម ម៉ូត បានឆ្លើយសារភាព​ថា មូលហេតុ​​ដែល​ចាក់សម្លាប់​នារីដែល​ខ្លួន​ស្រឡាញ់​បណ្តាល​ឱ្យ​ស្លាប់​នេះ ក៏​ព្រោះ​តែ​នាង​មិន​ព្រម​ទទួលយក​ការ​ស្រឡាញ់​ពី​ខ្លួន ទើប​​មានគំនិត​សម្លាប់​នាង រួច​សម្លាប់​ខ្លួន​តាម​ក្រោយ ​។ ជននោះបន្តថា ​បើ គេ​ស្រលាញ់​មិនបាន អ្នក​ណា​ក៏​មិន​អាច​ស្រឡាញ់​នាង​បាន​ដែរ ដូច្នេះមាន​តែ​ស្លាប់​ទាំង​២​នាក់ ​ដើម្បី​បញ្ចប់​បញ្ហា ។ ​

ជនសង្ស័យបានចាក់នាង​​ចំនួន​៥​កាំបិត (​ត្រង់​ពោះ និង​ចុងដង្ហើម) បណ្តាល​ឱ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ចាក់នាង​រួច​ហើយ ​ជន​ដៃដល់​ក៏​ចាក់​ខ្លួនឯង​ចំនួន៣​កាំបិត​ប៉ុនប៉ង​សម្លាប់​ខ្លួន តែមិន​បាន​សម្រេច ​គ្រាន់តែ​រង​របួសធ្ងន់ ហើយ​ត្រូវ​គេបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ភ្លាមៗ ​។ ​នៅ​​ថ្ងៃ​ទី​០២ ​កញ្ញា របួស​មានការ​ធូ​រ​ស្បើយ ​ក៏​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ ​ទើប​ព្រឹក​ថ្ងៃ​ទី​០៣ ​កញ្ញា​នេះ សមត្ថកិច្ច​បញ្ជូន​បន្ត​ឱ្យទៅ​សម្រាក​ក្នុង​ពន្ធនាគារ​ខេត្ត​តែ​ម្តង​ ។