អង្គការ​ឃ្លាំមើល​ស្នើ​ឲ្យ គ.ជ.ប ពង្រឹង​ការ​ផ្សព្វផ្សាយ​ពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​អះអាង​ថា ទិដ្ឋភាព​ទូទៅ​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី ឆ្នាំ​២០១៦ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ កញ្ញា បាន​ប្រព្រឹត្ត​ដោយ​រលូន។ នៅ​ថ្ងៃ​ចុង​សប្ដាហ៍​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​សង្កេត​ឃើញ​ថា ពលរដ្ឋ​នៅ​តំបន់​ទី​ប្រជុំជន និង​នៅ​ក្នុង​ក្រុង​បាន​ចេញ​ទៅ​ចុះ​ឈ្មោះ​ច្រើន ផ្ទុយ​ពី​ពលរដ្ឋ​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល។

អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ស្នើ​ឲ្យ គ.ជ.ប ពង្រឹង​ការ​ផ្សព្វផ្សាយ​បន្ថែម​ដល់​ពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល​ដែល​នៅ​ពុំ​ទាន់​ជ្រួតជ្រាប​ពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី ថ្លែង​ថា ដំណើរការ​ចុះ​ឈ្មោះ​នៅ​រយៈពេល ៣​ថ្ងៃ​នេះ លោក​សង្កេត​ឃើញ​មាន​ដំណើរ​ការ​ល្អ​ទាំង​ផ្នែក​សន្តិសុខ និង​ក្រុម​ការងារ​ចុះ​ឈ្មោះ​ក៏​បាន​អនុវត្ត​ការងារ​ល្អ បើ​ទោះ​ជា​មាន​បញ្ហា​រអាក់រអួល​បន្តិចបន្តួច​ក៏​ដោយ។

លោក​ថា រយៈ​ពេល ៣​ថ្ងៃ​នេះ សន្ទុះ​នៃ​ការ​ចុះ​ឈ្មោះ​នៅ​ទី​ប្រជុំជន​មាន​ច្រើន ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​បាន​ទៅ​ចុះ​ឈ្មោះ​មាន​ចំនួន​តិចតួច​នៅ​ឡើយ៖ «មាន​តែ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ឲ្យ​ដល់​មូលដ្ឋាន ជា​ពិសេស​អាជ្ញាធរ​នៅ​តាម​ឃុំ​សង្កាត់​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ។ ថ្វី​ត្បិត​តែ​អ្នក​ខ្លះ​យល់​ឃើញ​ថា ការ​ចុះ​ឈ្មោះ​មាន​រយៈពេល​ចុះ​ឈ្មោះ​មាន ៣​ខែ​ក៏​ដោយ ប៉ុន្តែ​គួរ​តែ​ឆ្លៀត​ពេល​ទៅ​កុំ​ចាំ»

ទាក់ទង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា រយៈពេល​៣​ថ្ងៃ​នេះ​ពុំ​មាន​បញ្ហា ឬ​ភាព​មិន​ប្រក្រតី​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​ដែល​ប៉ះពាល់​ទៅ​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ។ ឆ្លើយ​តប​ការ​លើក​ឡើង​របស់​អង្គការ​និកហ្វិច​វិញ លោក ហង្ស ពុទ្ធា អះអាង​ថា គ.ជ.ប កំពុង​រៀបចំ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​បន្ថែម​អំពី​យុទ្ធនាការ​ចុះ​ឈ្មោះ​នេះ​តាម​វិទ្យុ​ដែល​មាន​វិសាលភាព​ផ្សព្វផ្សាយ​ទៅ​ដល់​តំបន់​ជនបទ​នៅ​សប្ដាហ៍​ក្រោយ៖ «រឿង​ប្រជាពលរដ្ឋ​គាត់​មិន​សូវ​ជា​គិត​សៅរ៍ អាទិត្យ​ទេ គាត់​គិត​តែ​ពី​រឿង​ទំនេរ ឬ​មួយ​ក៏​អត់។ ចំណែក​ការ​ផ្សព្វផ្សាយ​យើង​កំពុង​តែ​រៀបចំ​ទាក់ទង​វិទ្យុ​នៅ​តាម​ខេត្ត​ចំនួន ២០​វិទ្យុ​ដើម្បី​ផ្សាយ។ យើង​រៀបចំ Hotline (ខ្សែ​ទូរស័ព្ទ​ពិសេស) ១០​ខ្សែ ហើយ​ប្រចាំការ ២៤​ម៉ោង សម្រាប់​គាត់​មាន​ចម្ងល់​ផ្សេងៗ អាច​ខល​ចូល​សួរ​ពាក់ព័ន្ធ​ព័ត៌មាន​ចុះ​ឈ្មោះ​បោះឆ្នោត»

គ.ជ.ប បាន​បង្ហាញ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ត្រឹម​ម៉ោង ១២ ថ្ងៃ​ទី​៣ ខែ​កញ្ញា មាន​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ជិត ៤០​ម៉ឺន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​គ្រប់​អាយុ​មាន​សិទ្ធិ​បោះឆ្នោត​ដែល គ.ជ.ប បាន​ប៉ាន់​ប្រមាណ​ចំនួន ៩,៦​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។