​ច្រមុះ​ស្រង់ក្លិន​មិនបាន គួរ​គិត​ដល់​បញ្ហា​ទាំងនេះ​សិន​

​ច្រមុះ​ស្រង់ក្លិន​មិនបាន គួរ​គិត​ដល់​បញ្ហា​ទាំងនេះ​សិន​

​ការ​ស្រង់ក្លិន​មិនបាន ច្រើន​តែ​កើត​ឡើង នៅពេល​អាយុ​កាន់តែច្រើន​។ រឿង​នេះ​ក៏​អាច​បណ្តាលមកពី ការ​ញ៉ាំ​អាហារ​មិន​គ្រប់គ្រាន់ កង្វះ​ជីវជាតិ និង​អស់កម្លាំង​ដែរ​។ ការ​ស្រង់ក្លិន​មិនបាន ក៏​អាច​បញ្ជាក់​អំពី ជំងឺ​ទាក់ទង​នឹង​សរសៃប្រសាទ វីរុស និង​ប្រព័ន្ធ​បញ្ចេញ​ក្នុង​ផងដែរ​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​មួយចំនួន ដែល​អាច​នាំ​ឲ្យ​អ្នក​ស្រង់ក្លិន​មិនបាន​។​

របួស​ក្បាល​
នេះ​គឺជា​មូលហេតុ ដែល​កើតមាន​ជា​ញឹកញាប់​បំផុត ប៉ុន្តែ មិនសូវ​មាន​នរណា គិត​ដល់​ថា​ការ​របួស ឬ​ប៉ះទង្គិច​នៅ​ក្បាល បណ្តាល​ឲ្យ​ស្រង់ក្លិន​មិនបាន​នោះទេ​។ រាល់​ការ​មាន​របួស​ទាំងអស់ ទៅលើ​ផ្នែក​ខាងក្រោយ​របស់​ក្បាល ទំនង​ជា​បង្ក​ឲ្យ​លែង​ស្រង់ក្លិន បាន​ច្រើន​ជាង​របួស​នៅ​ថ្ងាស រហូតដល់ ៥ ដង​ឯណោះ​។ ជាមួយគ្នានេះដែរ ដុំ​សាច់​ក្នុង​ខួរក្បាល ឬ​ជំងឺរលាកស្រោមខួរ​ក្បាល អាច​បណ្តាល​ឲ្យ​បាត់បង់​ការ​ស្រង់ក្លិន​ដែរ​។

ការបង្ក​រោគ​ដោយ​វីរុស​
តាម​ការសិក្សា​កាលពី​ឆ្នាំ ២០០៧ ទៅលើ The Laryngoscope បាន​រកឃើញថា ការបង្ក​រោគ​ដោយ​វីរុស អាច​បណ្តាលឲ្យ​ខូចឃាន​វិញ្ញាណ​។ បើសិនជា​ការបង្ក​រោគ​បង្កឡើង ដោយ​វីរុស Rhinovirus ដែល​ច្រើនតែ​កើតឡើង​ដោយ សារ​ការ​ចាញ់​អាកាសធាតុ​នោះ វា​ពិតជា​មាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​។ ចំពោះ​យន្តការ​ពិតប្រាកដ​របស់​វា គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ ការ​ស្រង់ក្លិន​មិនបាន ច្រើន​តែ​ទាក់ទង​នឹង​ការស្ទះ​ផ្លូវដង្ហើម ព្រោះ​វា​អាច​បង្ក​ឲ្យទៅជា ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ និង​ការបង្ក​រោគ​នៅ​ប្រហោង​ឆ្អឹង​មុខ​ផង​ដែរ​។

កង្វះ​វីតាមីន D
ការសិក្សា​មួយ​ចំនួន​បានបង្ហាញ​ថា កង្វះ​វីតាមីន D និង​ការ​ស្រង់ក្លិន​មិនបាន មាន​ទំនាក់ទំនង​គ្នា​។ ដូច្នេះ ការបង្កើន​ការ​ទទួលទាន​វីតាមីន D ទៅ​ក្នុង​ខ្លួន​វិញ អាច​ជួយ​ដោះស្រាយ​រឿង​នេះ​បាន​។ ក្រៅពីនេះ កង្វះ​វីតាមីន D អាច​បណ្តាលឲ្យ​មាន​ជំងឺ​បេះដូង​សរសៃឈាម លើស​សម្ពាធ​ឈាម និង​មហារីក​ទៀតផង​។

កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​
ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន American Journal of Medicine បានបង្ហាញ​ថា ការ​ខូច​មុខងារ​ស្រង់ក្លិន និង​រសជាតិ កើតមាន​ជា​ញឹកញាប់ និង​មិនធម្មតា​ទៅលើ​អ្នកជំងឺ កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​។ យ៉ាងណាមិញ វា​ក៏​អាច​បណ្តាលឲ្យមិន​ឃ្លាន​អាហា​រដែរ​។

ជំងឺ​ភ្លេចភ្លាំ​ពេល​ចាស់ជរា​
រោគ​សញ្ញា​មួយ នៃ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់​ជា​រា គឺជា​ការបាត់បង់​សមត្ថភាព​ស្រង់ក្លិន​តែម្តង​។ អាការៈ​មួយ​ផ្សេងទៀត​គឺ អារម្មណ៍​មិន​ហ្នឹង​នរ និង​វង្វេងវង្វាន់​។

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ខូច​ឃាន​វិញ្ញាណ ត្រូវបាន​គេ​រកឃើញ លើ​អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរឬទេ​? ចំពោះ​រោគសញ្ញា​ទាំងនេះ អាច​កើតឡើង​តិចតួច ឬ​ធ្ងន់ធ្ងរ​រហូតដល់​បាត់បង់ ការ​ស្រង់ក្លិន​ទាំងស្រុង​តែ​ម្តង​។ ករណីខ្លះ វា​ក៏​ធ្វើឲ្យ​ស្រកទ​ម្ងន់ អស់កម្លាំង ដោយសារតែ កង្វះ​ជីវជាតិ​ពី​ការ​ញ៉ាំ​អាហារ​មិន​ឆ្ងាញ់​។

ជំងឺ Parkinson’s Disease
រឿង​នេះ​មិន​ខុសគ្នា នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់​ជា​រា​ដែរ ការ​ស្រង់ក្លិន​មិនបាន ច្រើនតែ​ជា​អាការៈ​ញឹកញាប់​មួយ លើ​អ្នកជំងឺ Parkinson’s Disease​។ ចំពោះ​រោគសញ្ញា​របស់​ជំងឺ​នេះ គឺ​ញ័រ គាំង​សាច់ដុំ និង​ពិបាកធ្វើ​ចលនា​រាងកាយ​។ ថ្វី​បើ​មូលហេតុ​របស់​ជំងឺ​នេះ មិនទាន់​ដឹង​ក៏ដោយ តែ​វា​អាច​កើតឡើង ដោយសារ​តែ​ការប្រែប្រួល នៅក្នុង​រចនាសម្ព័ន្ធ​ខួរក្បាល​កណ្តាល​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។