តាម​​រក​គូស្នេហ៍​ដល់​ផ្ទះ ទំនងជា​ការ​ផ្សះផ្សា​មិន​បាន​សម្រេច ស្រាប់តែ​…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​គូស្នេហ៍​របស់​ខ្លួន​ដើម្បី​ផ្សះផ្សា​ការ​ប្រេះឆា​គ្នា តែ​ទំនងជា​មិន​ការ​ផ្សះផ្សា​មិន​បាន​សម្រេច​ដូច​បំណង ស្រាប់តែ​បុរស​រូប​នោះ​បាន​យក​ម៉ូ​ទ័​រ​កាត់​ការ៉ូ​អារ​.​ក​ខ្លួនឯង​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ក្រាំង​ថ្នល់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉​ម ដា​នឹ​ន អាយុ​៣១​ឆ្នាំ ជា​ជាងសំណង់​ខាង​បៀកថ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ ណា​វ សុ​ភី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ការ​បង្ហើប​ពី​អ្នកដឹង​រឿង​បាន​ឲ្យ​ដឹង​​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​លេង​ផ្ទះ​របស់​ឈ្មោះ ណា​វ សុ​ភី (​ផ្ទះ​កើតហេតុ​) ដែល​ជា​អ្នក​ស្គាល់គ្នា លុះដល់​វេលា​ម៉ោង​ខាងលើ​ស្រាប់តែ​ជន​រង​គ្រោះ​បាន​យក​ម៉ូ​ទ័​រ​កាត់​ការ៉ូ​មក​អារ​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ​ដោយ​មិនដឹង​ពី​មូលហេតុ បង្ក​ឱ្យ​ភ្ញាក់ផ្អើល ហើយ​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ក្រៅផ្លូវការ​ណ៍​មួយ​បង្ហើប​ថា ជន​រង​គ្រោះ​និង​កូនស្រី​ម្ចាស់ផ្ទះ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ទំនាក់ទំនង​ប្រហែលជា​ប្រេះឆា ទើប​ជន​រង​គ្រោះ​មក​តាម​នារី​ជា​គូស្នេហ៍​ដើម្បី​ផ្សះផ្សា​គ្នា​ឡើង​វិញ តែ​ទំនងជា​ការ​ផ្សះផ្សារ​មិន​បាន​ដូច​ប្រាថ្នា ទើប​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​នៅ​លើ​ផ្ទះ​ម្តាយ​របស់​នារី​ជា​គូស្នេហ៍​ដើម្បី​បញ្ជាក់​ឱ្យ​ឃើញ​ពី​ទំហំ​ចិត្ត​នៃ​ក្តី​ស្រលាញ់​របស់​ខ្លួន​ចំពោះ​នារី​ដែល​ខ្លួន​ស្រលាញ់ ។

ទោះបីជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​លើក​ឡើង​របស់​អ្នក​ជិតខាង​ប៉ុណ្ណោះ ចំពោះ​រៀង​រ៉ាវ​ពិត​យ៉ាងណា​នោះ មាន​តែ​ក្រុម​គ្រួសារ​ទាំង​២​ទេ​ទើប​អាច​បញ្ជាក់​ការ​ពិត​បាន ។

បើ​តាម​សមត្ថកិច្ច​ស្រង់​សំដី​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ទៀត​ថា អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ត្រង់​ថា មុន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង ជន​រង​គ្រោះ​បាន​ទូរ​ស័​ព្ធ​ទៅ​ម្តាយ​របស់​ខ្លួន​ថា «​កូន​សូម​លា​ហើយ​» រួច​ក៏​បិទ​ទូរស័ព្ទ ហើយ​យក​ម៉ូ​ទ័​រ​កាត់​ការ៉ូ មក​អារ​បំពង់ក​ខ្លួនឯង​តែ​ម្តង ។

សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​ឱ្យ​ដឹង​ថា ក្រោយ​ពិនិត្យ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕