ផ្អើល​ទាំង​យប់ ! សមត្ថកិច្ច​ដេញចាប់​យុវជន​២​នាក់

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ដេញចាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ផ្លូវ​លេខ​២០១១ ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ឃាត់​បាន​ឈ្មោះ អូន ប៊ុ​ន​ណា អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូ​មិច​ន្ល​ក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ឃាត់​បុរស​ខាងលើ ខណៈ​កម្លាំង​សមត្ថកិច្ច​ដាក់​គោក​ដៅ​ពួនស្ទាក់​នៅ​ចំណុច​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FR-1618 ឌុ​ប​គ្នា​ឆ្លងកាត់​ដោយ​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ​មាន​កាំភ្លើងខ្លី​ជាប់​ខ្លួន ពេល​ឃើញ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​បាន​ព្យាយាម​បើក​ម៉ូតូ​រត់​រហូត​ដល់​ចំណុច​ខាងលើ​ក៏​ដួល​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ម៉ូតូ​ទុក​ចោល​កណ្តាលផ្លូវ ។

សមត្ថកិច្ច​បញ្ជាក់​ប្រាប់​ទៀត​ថា ជនសង្ស័យ​ដែល​រត់​កេ​ច​ខ្លួន​ខាងលើ​ក៏​មាន​កាំភ្លើងខ្លី​១​ដើម​នៅ​ជាប់​ខ្លួន​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​ម៉ូតូ​១​គ្រឿង បាន​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ ដើម្បី​ធ្វើការ​សាកសួរ​ពីព្រោះ​ជា​ចំណុច​ដេញ​មុន​ដំបូង ៕