អាណិកជន​ខ្មែរ​-​អា​មេ​រិ​ក ផឹក​ស្រវឹង​ចាក់​គ្នា​ស្លាប់

ខេត្តបាត់ដំបង ៖ បុរស​អាណិកជន​ខ្មែរ​-​អា​មេ​រិ​កម្នា​ក់បាន​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​គ្លីនិក​ឯកជន​«​សុវណ្ណ​» ស្ថិត​ក្នុង​ក្រុង​បាត់ដំបង ដោយសារ​បុរស​អាណិកជន​ខ្មែរ​-​អា​មេ​រិ​ក និង​ត្រូវជា​មិត្តភក្តិ​គ្នា​ចាក់​ចំនួន​៤​កាំបិត ។

ហេតុការណ៍​ចាក់​សម្លាប់​គ្នា​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ កញ្ញា ២០១៦ នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង​យីហោ​«​ហែរ​ប៊ី ដ្រា​ហ្គ​ន​» ស្ថិត​ក្នុងភូមិ​រំ​ចក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ស្រង់​របាយការណ៍​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេក សា​វឿ​ន អាយុ​៣៤​ឆ្នាំ មក​ពី​អា​មេ​រិ​កដោយ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​រយៈពេល​៤​ឆ្នាំ​មក​ហើយ និង​ប្រកប​មុខរបរ​សាក់​រូប ។ ចំណែក​ជន​ដៃដល់​ឈ្មោះ វង អាយុ ៣១​ឆ្នាំ ជា​អាណិកជន​ខ្មែរ​-​អា​មេ​រិ​ក​និង​ត្រូវជា​មិត្តភក្តិ​ជន​រង​គ្រោះ ស្នាក់​នៅផ្ទះ​ជួល​ខាងត្បូង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​កើតហេតុ​ជន​ដៃដល់​បាន​បោះ​កាំបិត​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​រួច​រត់គេច​បាត់ នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ។

សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​ថា​ករណី​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ជន​រង​គ្រោះ​និង​ជន​ដៃដល់​ស្រវឹង​មាន​ទំនាស់​និង​ឈាន​ទៅ​ប្រើ​អំពើ​ហិង្សា​ចាក់​សម្លាប់​គ្នា​នៅ​ក្នុង​ហាង​ផឹកស៊ី​ខាងលើ​ប៉ុណ្ណោះ ៕