កុំព្យូទ័រ​ កំពុង​បំផ្លាញ​ទម្លាប់​សរសេរ​អក្សរ​ដោយ​ដៃ​

ទម្លាប់​សរសេរ​អក្សរ​ដោយ​ដៃ​​កំពុង​តែ​ចាប់​ផ្ដើម​រលាយ​បន្តិច​ម្ដងៗ​ហើយ ដោយសារ​មាន​ទំនោរ​​កត់​ត្រា​កំណត់​ហេតុ​​មេរៀន​ផ្សេងៗ តាម​កុំព្យូទ័រ​ច្រើន​ជាង​កត់​ដាក់​​ចូល​សៀវភៅ។

 

កុំព្យូទ័រ​ កំពុង​បំផ្លាញ​ទម្លាប់​សរសេរ​អក្សរ​ដោយ​ដៃ​

 

យុវជន ធារ៉ា និស្សិត​​ឆ្នាំ​ទី ៣​ សិក្សា​ផ្នែក​ធនាគារ នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រប់ បាន​បង្ហាញ​ពីក្តី​ព្រួយ​បារម្ភ​លើ​បញ្ហា​នេះ​ថា ឥឡូវ​​គេ​សរសេរ​អក្សរ​ដោយ​ដៃ​​មិន​ដូច​មុន​ទេ នេះ​ប្រហែល​ជា​ទម្លាប់​ចូល​ចិត្ត​​​ពឹង​តែ​លើ​កុំព្យូទ័រ​ហើយ​មើល​ទៅ​។

 

“មិន​ថា​សរសេរ​តិច​តួច ឬ​ច្រើន​នោះ​ទេ បួន​ប្រាំ​​ឆ្នាំ​ចុង​ក្រោយ​នេះខ្ញុំ​​ពឹង​តែ​កុំព្យូទ័រ​​​ ជំនួស​ឲ្យការ​កាន់​​​ប៊ិច និង​សៀវភៅ​​​​ក្នុង​ការ​សរសេរ​នោះ”។ ធារ៉ា បញ្ជាក់​។

 

មិន​ខុស​គ្នា​ពី​យុវជន​ខាង​លើ​ ចរិយា និស្សិត​រួម​សាលា​ជាមួយ​យុវជន​ខាង​លើបាន​ទទួល​ស្គាល់​ថា ការ​សរសេរ​របស់​កញ្ញា​ពិត​ជា​មានការ​​ធ្លាក់​ចុះ​មែន ដោយ​សារ​ការ​ប្រើ​​កុំព្យូទ័រ​កាន់​តែ​ច្រើន​ឡើង​ ជំនួស​ឲ្យ​ការ​សរសេរ​​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

 

“​ខុស​កាល​នៅ​រៀន ដែល​ទម្លាប់​សរសេរដោយ​ដៃ​ច្រើន​​ហើយ​​​អក្សរ​មើល​ទៅ​​ស្អាត​និង​ត្រង់​ជួរ​ល្អ​ តែ​ឥ​ឡូវ​ចប់​ហើយ​អក្សរ​មិន​ដឹង​ស្អី​ខ្លះ​ទេ ហើយ​សរសេរ​ក៏​មិន​សូវ​ថ្នឹក​ដូច​មុន​ដែរ”។

 

អ្នក​ខ្លះ​យល់​ថា សរសេរ​ក្នុង​កុំព្យូទ័រ​គឺ​ទុក​បា​​ន​យូរ ហើយ​មិន​ងាយ​បាត់​ទៅ​ណា​ទេ។ ជាពិសេស​បើ​សរសេរ​ជា​ភាសា​អង់គ្លេស​ទៀត​សោត បើ​​ខុស​វេយ្យាករណ៍​​​អី កម្មវិធី​ក្នុង​កុំព្យូទ័រ​ក៏​នឹង​កែ​ប្រែ​ឲ្យ​ថែម​ទៀត​ផង។

 

ម៉េង​លី ​យុវជន​មក​ពី​ខេត្ត​កំពង់​ចាម ​និង​ជា​និស្សិត​កំពុង​សិក្សា​អក្សរសាស្ត្រ​អង់គ្លេស​ នៅ​សាកល​វិទ្យាល័យ​ន័រតុន បាន​ប្រាប់ Sabay ថា តាំង​ពី​ចូល​មហា​វិទ្យាល័យ​ហើយ​មាន​ Laptop ផ្ទាល់​ខ្លួន​​មក ​មេរៀន​ទាំង​ប៉ុន្មាន​ ភាគ​ច្រើន​​កត់​ចូល​​ក្នុង​កុំព្យូទ័រ​ទាំង​អស់។ កុំព្យូទ័រ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​​ទុក​ដាក់​​ឯកសារ​នានា​ មិន​បារម្ភ​ពី​ការ​រុករក​​ឬ​ការ​បាត់​បង់​ជា​យថាហេតុ​ណាមួយ។ ជាពិសេស​ការ​ឆែក​អក្ខរាវិរុទ្ធ​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​​ផង​ដែរ។

 

ទោះ​ជា​ប្រើ​កុំព្យូទ័រ​ញឹកញាប់​ក៏​ដោយ ម៉េង​លី​ និយាយ​ថា ​ការ​សរសេរ​អក្សរ​ដោយ​ដៃ​របស់​គេ ​នៅ​តែ​មិន​មានអ្វី​ប្រែប្រួល​នោះ​ទេ៕

 

តើ​អ្នក​គិត​ថា សរសេរ​លើ​កុំព្យូទ័រ​យូរ​ៗ​ទៅ ពេល​សរសេរ​លើ​ក្រដាស​ម្ដងៗ មាន​អារម្មណ៍​ថា​ពិបាក​មើល​ទេ?

 

អត្ថបទ៖តុង