សិល្បករ​មួយ​ក្រុម​ចេញ​ដំណើរ​ទៅ​សម្ពោធ​រឿង​នៅ​ថៃ

នៅ​ព្រឹក​នេះ សិល្បករ​មួយ​ក្រុម​មាន​តារា​សម្ដែង ផលិតករ ជាង ១០​នាក់ រួម​ទាំង​ថ្នាក់​ដឹក​​នាំ​នាយកដ្ឋាន​ភាពយន្ត​ផង បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​ដើម្បី​សម្ពោធ​រឿង​ខ្មែរ​មួយ​រឿង ដែល​ត្រូវ​បាន​ថៃ​ទិញ​សិទ្ធិ​យក​ទៅ​បញ្ចាំង។

 

សិល្បករ​មួយ​ក្រុម​ចេញ​ដំណើរ​ទៅ​សម្ពោធ​រឿង​នៅ​ថៃ

 

ភាពយន្ត​ខ្មែរ​មួយ​រឿង​ដែល​ថៃ​ទិញ​សិទ្ធិ​ទៅ​ចាក់​បញ្ចាំង​នោះ​មាន​ចំណង​ជើង​ថា “ចន្ទ្រា” ជា​ភាពយន្ត​ខ្នាត​ធំ​ទី​២​របស់​ផលិតកម្ម​អង្គរភិចឈ័រ បន្ទាប់​ពី​រឿង “ស្បែក​គង់”។ តាម​ភ្នាក់​ងារ​រាយការណ៍​ព័ត៌មាន​ពី​ប្រលាន​យន្តហោះ​មក សិល្បករ​ដែល​ចេញ​ដំណើរ​ទៅ​លើក​នេះ​មាន ម៉ាក សែន​សូនីតា ចន ច័ន្ទលក្ខិណា ញ៉ែម សុគន្ធ យ៉ែម សំអូន និង​នាយ​ក្រូច​ជា​ដើម។

 

ដោយ​ឡែក លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ដែល​រួម​ដំណើរ​ទៅ​ដែរ​នោះ បាន​បញ្ជាក់​ថា យើង​ខក​ខាន ៤០​ឆ្នាំ​មក​ហើយ សម្រាប់​ការ​នាំ​យក​ផលិតភាពយន្ត​យើង​ទៅ​ដាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ បន្ទាប់​ពី​ភាពយន្ត​ខ្មែរ​យើង​ជា​ច្រើន បាន​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​នេះ នា​អំឡុង​ពេល​នោះ។ ដោយ​ឡែក​ការ​ទៅ​ដល់​នៃ​រឿង “ចន្ទ្រា” “ស្បែក​គង់” និង​ភាពយន្ត​ខ្មែរ​មួយ​ចំនួន​ទៀត គឺ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​នា​៤០​ឆ្នាំ​ក្រោយ។

 

សិល្បករ​មួយ​ក្រុម​ចេញ​ដំណើរ​ទៅ​សម្ពោធ​រឿង​នៅ​ថៃ

 

លោក​ថា លោក​មាន​ភាព​រីករាយ ហើយ​ភារកិច្ច​លោក​ទៅ​លើក​នេះ គឺ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​នាំ​ភាពយន្ត​ខ្មែរ​ទៅ​ដាក់​ចាក់​បញ្ចាំង​នៅ​ទី​នោះ និង​ប្រទេស​ផ្សេង​ៗបន្តបន្ទាប់​ទៀត។ លោក ប៉ុល វិបូ ហៅ នីត ជា​ចាង​ហ្វាង​ផលិតកម្ម អង្គរ​ភិចឈ័រ បាន​បញ្ជាក់​ថា លោក​សប្បាយ​ចិត្ត​ដូច​គ្នា ខណៈ​ផលិតផល​ភាពយន្ត​លោក ត្រូវ​បាន​ជាតិសាសន៍​ផ្សេង​ចាប់​អារម្មណ៍។

 

ដោយ​សារ​រឿង “ស្បែក​គង់” លោក​ថា រឿង “ចន្ទ្រា” របស់​លោក គ្រាន់​តែ​ទៅ​ភ្លាម គេ​ទទួល​យក​ភ្លែត​តែ​ម្ដង។ ចន ច័ន្ទលក្ខិណា និង តូតា ជា​តួសម្ដែង ប្រាប់​ដែរ​ថា អ្វី​ដែល​ផលិតករ តារា​សម្ដែង​សម្រេច​បាន គឺ​ជា​រឿង​អស្ចារ្យ​ណាស់​ទៅ​ហើយ ព្រោះ​ភាពយន្ត​ខ្មែរ​យើង​មិន​ច្រើន​ទេ ដែល​អាច​ធ្វើ​ដូច្នេះ។ដូច្នេះ​ពួក​គេ រីករាយ​ និង​មោទនភាព សម្រាប់​ដំណើរ​លើក​នេះ៕

 

អត្ថបទ៖ ទារិកា