សាន ស្រី​ឡៃ មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​លើក​ដំបូង​រំឭក​គុណ​ពេជ្រ សោភា ដែល​ជួយ​ជ្រោមជ្រែង

រាជធានី​ភ្នំពេញ ៖ បេ​ក្ខ​នារី The Vioce រដូវ​កាល​ទី​២ នាង​សាន ស្រី​ឡៃ បាន​បញ្ចេញ​បទ​ចម្រៀង​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ។ បទ​ចម្រៀង​របស់​សាន ស្រី​ឡៃ មាន​ចំណងជើង​ថា «​នឹក​គេ​ស្ទើរ​ស្លាប់​ខ្លួន​ហើយ​»​និពន្ធ​បទ​ភ្លេង​ដោយ​លោក​មាស សុគន្ធ និង​និពន្ធ​ទំនុកច្រៀង​ដោយ​លោក​ទ្រី សក្ក​ដា ។

តាម​រយៈ​បទ​ចម្រៀង​ដំបូង​នេះ​សាន ស្រី​ឡៃ រំពឹង​ទទួល​បានការ​គាំទ្រ ខណៈ​ពេល​ដែល​បេក្ខជន​ជាប់​ជ័យ​លា​ភី​ផ្សេង​ទៀត​ក៏​បាន​ចេញ​បទ​ចម្រៀង​របស់​ខ្លួន​ដែរ ។

សាន ស្រី​ឡៃ បាន​បញ្ចេញ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​មិនដឹង​យ៉ាងណា​ទេ សាន ស្រី​ឡៃ​អើយ តែ​យ៉ាងណា​ក្តី​នាង​ខ្ញុំ​សូម​អរគុណ​សម្រាប់​ការ​គាំទ្រ​របស់​ពុក​ម៉ែ​បងប្អូន និង មិត្ដ​ៗ​ជាទី​ស្រឡាញ់​ទាំងអស់​គ្នា ។ អរគុណ​ដែល​អ្នក​ទាំងអស់​គ្នា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ថ្ងៃនេះ ហើយ​ពិសេស​នោះ​គឺ​សូម​អគុណ​ដល់​គ្រូ​របស់ខ្ញុំ គឺ​បងស្រី​ពេជ្រ សោភា គឺ​គាត់​តែ​ម្នាក់​ដែល​បាន​ផ្ដល់​ភាព​ខ្វះខាត​ដែល​ខ្ញុំ​មាន គាត់​ព្យាយាម​ធ្វើ​ឱ្យ​ក្មេង​ល្ងង់​ម្នាក់​នេះ​ឱ្យ​ស្គាល់​អ្វី​ដែល​ហៅ​ថា «​សិល្បៈ​» ។ ខ្ញុំ​នឹង​ធ្វើ​តាម​ដំបូន្មាន​មានរ​បស់បង​រហូត​ទៅ អរគុណ​ខ្លាំង​ណាស់​បើ​គ្មាន​ការ​ស្រឡាញ់​ពី បង​ៗ​ទាំង​អស់នោះ ម្លេ​៉ះ​ពេល​នេះ​ក្ដី​បំណង​សាន ស្រី​ឡៃ មិនដឹង​ថា​យ៉ាងម៉េច​ឡើយ ។ ខ្ញុំ​មាន​បទ​ផ្ទាល់ខ្លួន ហើយ​សង្ឃឹមថា​ពុក​ម៉ែ​បងប្អូន និង មិត្ដ​ៗ ស្រឡាញ់​គាំទ្រ​ទាំងអស់​គ្នា អរគុណ​ច្រើន ។

ថ្ងៃនេះ​នាង​ខ្ញុំ​សុំ​អរគុណ​ដល់​មនុស្ស​ស្រី​២​នាក់ ជា​ពិសេស​អស់ពី​បេះដូង ទី​មួយ​សុំ​អរគុណ​ដល់​អ្នក​ម្តាយ​របស់ខ្ញុំ​ដែល​តែងតែ​លើកទឹកចិត្ត​កូនស្រី​ម្នាក់​នេះ និង​ជា​កម្លាំងចិត្ត​ដល់​កូន​មក​ដល់​ពេល​នេះ ។ ទោះបី​កូន​អ្នកស្រែ កូន​គ្មាន​សាច់ញាតិ​ជា​អ្នកសិល្បៈ ទោះបីជា​កូន​ធ្លាប់​ចុះចាញ់​វា​រាប់រយ​ដង តែ​អ្នក​ម៉ែ​នៅ​តែ​លើកទឹកចិត្ត​កូន​ឱ្យ​ដើរទៅ​មុខ​រហូត​កូន​មាន​បទ​ចម្រៀង​សម្រាប់​ខ្លួនឯង​ក្នុង​ឆាកជីវិត ។ ម៉ែ​ដឹង​ទេ ក្មេង​ស្រី​តូច​ម្នាក់​ដែល​ធ្លាប់តែ​ច្រៀង​ឱ្យ​ម៉ែ​ស្តាប់​ពេល​នេះ​បាន​ក្លាយជា​អ្នកចម្រៀង​ពិតប្រាកដ ហើយ​កូន​សន្យា​ថា កូន​មិន​ចោល​ម៉ែ​ឱ្យ​ពិបាក​ឡើយ ។ ម៉ែ​គឺជា​អ្វី​គ្រប់​បែប​សព្វ​យ៉ាង​របស់​កូន ។

ទី​ពីរ​ចង់​អរគុណ​ដល់​បង​ភា បើ​គ្មាន​មួយ​កៅអី​ពី​បង​ភា​នៅ​វគ្គ Blind Audition ទេ​ប្រហែល​ខ្ញុំ​ក៏​មិន​មាន​ថ្ងៃនេះ​ដែរ បង​ភា​គឺជា​អ្នក​មានគុណ​ធំធេង​ណាស់​ក្នុង​មួយ​ឆាកជីវិត​របស់ខ្ញុំ ។ ខ្ញុំ​នឹង​ចង​ចាំ​អំពើ​ល្អ និង​ការ​ជួយ​សព្វបែបសព្វយ៉ាង​ពី​បង​មក​លើ​នាង​ខ្ញុំ ។ បង​ភា​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​កម្រ​នឹង​មាននៅ​លើ​លោក​នេះ ទឹកចិត្ត​ដ៏​ប្រពៃរ​បស់បង​ភា តារា​ស្រី​មួយ​ចំនួន​មិន​មាន​ឡើយ ។ ខ្ញុំ​អរគុណ​ព្រះ​ជា​ម្ចាស់​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ស្គាល់​បង​ភា គុណ​ដ៏​ធំធេង​មួយ​នេះ​ខ្ញុំ​នឹង​តបស្នង​ដល់​បង​ភា​នៅ​ថ្ងៃ​ណាមួយ​ប្រសិនបើ​ខ្ញុំ​មាន​ឱកាស»៕