SMS មាន​ដើម​កំណើត​ដូច​ម្ដេច?

ពាក្យ SMS (Short Message Service ) គឺ​ជា​ប្រព័ន្ធ​ទំនាក់​ទំនង​តាម​អក្សរ​​ ដែល​ប្រើ​​​​ក្នុង​ទូរសព្ទ គេហទំព័រ ឬ​ប្រព័ន្ធ​ទំនាក់​ទំនង​ ដោយ​ប្រើ​ប្រព័ន្ធ​ពិធីការ​ទំនាក់​ទំនង​ (Communications Protocols) សម្រាប់​ផ្ទេរ​​សារ​ខ្លី​ៗ​រវាង​​ Fixed line និង​ទូរសព្ទ​។
 
SMS បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ប្រាស់​ជា​ប្រចាំ​ជាង​​ ៣.៤៥ពាន់​លាន​នាក់​ គឺ​​ស្មើ​នឹង​​៨០% នៃ​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​សរុប។ ចាប់​ពី​ឆ្នាំ​១៩៨៥​មក​ SMS ត្រូវ​បាន​គេ​ចាត់​ទុក​​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​នៃ​ប្រព័ន្ធ​ទំនាក់​ទំនង​ ​ទូរស័ព្ទ​ជា​សកល​ (GSM)។

 

SMS មាន​ដើម​កំណើត​ដូច​ម្ដេច?

 

ប្រវត្តិ
 
នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ការ​ផ្ញើ​សារ​ដោយ​ប្រើ​អក្សរ​​មិន​ទាន់​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​នៅ​ឡើយ។ នៅ​ឆ្នាំ​១៩៨២​ គម្រោង​ការ​ដំបូង​របស់​ភ្នាក់​ងារ​​អឺរ៉ុប​ត្រួត​ពិនិត្យ​​ទូរគមនាគមន៍​ និង​ប្រៃសនីយ៍ (CEPT) ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​​នឹង​​ប្រព័ន្ធ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ជា​សកល​ ដែល​ហៅ​កាត់​ថា​​ GSM ត្រូវ​បាន​ដាក់​ស្នើ​ឡើង។ ​ការស្នើ​នោះ​​ក្នុង​គោល​បំណងចង់​ឲ្យ​​ “សេវាកម្ម​និង​ឧបករណ៍​ផ្ដល់​​​ដល់​​​ប្រព័ន្ធ​បណ្ដាញ​ទូរស័ព្ទ​ និង​​ប្រព័ន្ធ​ទិន្នន័យ​សាធារណៈ”។ គោល​ដៅ​មួយ​ទៀត​នៃ​សេចក្ដី​ស្នើ​នេះ​ គឺចង់​ឲ្យ​មាន​ប្រព័ន្ធ​ផ្ញើ​សារ​ជា​អក្សរ​ ដែល​ផ្ទេរ​ចេញ​​ដោយ​ប្រើ​ប្រព័ន្ធ​​គ្រប់​គ្រង​ផ្ញើ​សារ​ (Message Handling Systems)។

 

គំរូ​ SMS ត្រូវ​​បាន​អភិវឌ្ឍ​ឡើង​ដោយ​​​អ្នក​ជំនាញ​ពីរ​រូប​គឺ​ Friedhelm Hillebrand និង Bernard Ghillebaert បុគ្គលិក ​​​ក្រុមហ៊ុន​ Franco-German GSM Cooperationក្នុង​ឆ្នាំ​១៩៨៤។ ​ពេល​នោះ​ហើយ​ ដែល​​ GSM ចាប់​ផ្ដើម​គម្រោង​បង្កើត​​និង​អភិវឌ្ឍ​​លើ​ទូរស័ព្ទ​ដំបូង​បំផុត។ បច្ចេកទេស​​ ដែល​គេ​គ្រោង​ប្រើ​ពេល​នោះ​គឺ​ ប្រព័ន្ធ​ Telephony-Optimized។ ​ជា​មួយ​ Signal Format នៃ​ប្រព័ន្ធ​ ដែល​គេ​បាន​រៀប​ចំ​គឺ​អាច​ផ្ទុក​សារ​បាន​ទំហំ​​128​B ក្រោយ​មក​ដំឡើង​ដល់​140​B។
 
ទាក់​ទង​ទៅ​នឹង​គម្រោង​បង្កើត​ប្រព័ន្ធ​ ផ្ញើ​សារ​​នេះ​ GSM បាន​បង្កើត​ស្ថាប័ន​​ត្រួត​ពិនិត្យ​និង​​អនុវត្ត​កម្មវិធី​ IDEG (The Implimentation of Data and Telematic Services Experts Group) ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​លោក​ប្រធាន​ Friedhelm Hillebrand។ ​ស្ថាប័ន​នេះ​មាន​នាទី​រៀប​ចំ​និង​អភិវឌ្ឍ​​ប្រព័ន្ធ​ SMS ដើម្បី​ឲ្យ​លេច​ចេញ​ជា​រូប​រាង​ និង​ដំណើរ​ការ​បាន​ជា​មួយ​ទូរស័ព្ទ។
 
ក្រោយ ​មក​ពី​បាន​រៀប​ចំ​ និង​អភិវឌ្ឍ​ជា​ច្រើន​ដំណាក់​កាល​មក​ SMS ត្រូវ​បាន​បង្កើត​ជា​​​ផ្លូវ​ការ​ និង​ដាក់​ឲ្យ​ដំណើរការ​​ដំបូង​ជា​មួយ​ Vodafone នៃ​បណ្ដាញ​ GSM របស់​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី​៣​ ធ្នូ​ ឆ្នាំ​១៩៩២ ដោយ​លោក​ Neil Papworthបុគ្គលិក​​ក្រុមហ៊ុន​ Sema Group​។ ​លោក​ Neil Papworth ជា​មនុស្ស​​​​​​ផ្ញើ​សារ​ដំបូង​បំផុត​ ដែល​ក្នុង​សារ​របស់​គាត់​សរសេរ​ថា​ “Merry Christmas”។
 
ក្រោយ ​មក​ទៀត​ ក្រុមហ៊ុន​ Aldiscon (បច្ចុប្បន្ន​ឈ្មោះ​ Acision) និង​Telia (បច្ចុប្បន្ន​ឈ្មោះ​ TeliaSonera) របស់​ប្រទេស​ស៊ុយអែត​ ​ជា​​អ្នក​ផ្សព្វ​ផ្សាយ​​​ពាណិជ្ជកម្ម​​ប្រព័ន្ធ​ផ្ញើ​សារ​ថ្មី​នេះ​ដល់​ ក្រុមហ៊ុន​បច្ចេកវិទ្យា​​នៅ​​ឆ្នាំ​១៩៩៣។ ក្រោយ​មក​ទៀត​មាន​ក្រុមហ៊ុន​ Nextel (អាមេរិក), Telenor (ន័រវែស), BT Cellnet (អង់គ្លេស) ក៏​បាន​ចាប់​អារម្មណ៍​ និង​​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ពី​បច្ចេកវិទ្យា​ថ្មី​នេះ​​ដែរ។
 
នៅ​ ឆ្នាំ​១៩៩៣​ ទូរស័ព្ទ​ដែល​អាច​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ GSM ភាគ​ច្រើន​មិន​អាច​​​គាំ​ទ្រ​ប្រព័ន្ធ​ផ្ញើ​សារ​​នេះ​ទេ​ មាន​តែ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​​ Nokia មួយ​គត់​​​​ដែល​គាំ​ទ្រ​​ប្រព័ន្ធ​ផ្ញើ​សារ​​នេះ​។
 
មក​ដល់​ឆ្នាំ​១៩៩៥ ​ ចំនួន​សារ​​ដែល​​គេ​ផ្ញើ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​មួយ​ខែ​ៗ​គិត​ជា​ មធ្យម​មាន​ចំនួន​ត្រឹម​តែ​០.៤​សារ​ប៉ុណ្ណោះ។ បញ្ហា​ដែល​នាំ​ឲ្យ​​ការ​ប្រើប្រាស់​សារ​នៅ​មាន​កម្រិត​តិច​តួច​នេះ​គឺ​ដោយ​ សារ​តែ​​​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​​មាន​ភាព​​យឺត​យ៉ាវ​បង្កើត​​ ប្រព័ន្ធ​​គិត​ថ្លៃ​ (Charging System) ជា​ពិសេស​សម្រាប់​សេវាកម្ម​បង់​ថ្លៃ​មុន។
 
ប្រាំ ​ឆ្នាំ​ក្រោយ​មក​ ចំនួន​ផ្ញើ​សារ​បាន​កើន​ឡើង​ដល់​៣៥​សារ​ក្នុង​មួយ​ខែ​គិត​ជា​មធ្យម ក៏​ប៉ុន្តែ​ចាប់​​ពី​ឆ្នាំ​២០០៦​មក​ ​ចំនួន​នេះ​​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ ជាក់​ស្ដែង​ នៅ​ថ្ងៃ​បុណ្យ​ណូអែល​​គិត​តែ​ក្នុង​ប្រទេស​អង់គ្លេស​មួយ​មាន​សារ​ចំនួន​២០៥​ លាន​ត្រូវ​បាន​គេ​ផ្ញើ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ គិត​ត្រឹម​ឆ្នាំ​២០០៦​នេះ​ដែរ​ ការ​ផ្ញើ​សារ​ជា​អក្សរ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ឧបករណ៍​ផ្សាយ​ ពាណិជ្ជកម្ម​យ៉ាង​សំខាន់​ ដែល​សរុប​ជា​ទឹក​ប្រាក់​មាន​ចំនួន​ដល់​ទៅ​​ជាង​៨១​ពាន់​លាន​ដុល្លារ​ (ចំនួន​សរុប​ប្រើ​ទូទាំង​ពិភពលោក)។
 
មក​ដល់​ឆ្នាំ​២០០៨​ ​ការ​ផ្ញើ​សារ​ជា​អក្សរ​បាន​កើន​ឡើង​ដល់​៤.១​ពាន់​លាន​​។ តម្លៃ​គិត​ជា​មធ្យម​​នៅ​ទូទាំង​ពិភពលោក​ក្នុង​មួយ​សារ​ SMS ប្រហែល​ ០.១១​ដុល្លារ​អាមេរិក ហើយ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​បាន​គិត​ថ្លៃ​លើ​សេវា​ឆ្លង​ប្រព័ន្ធ​ ​គ្នា​ទៅ​វិញ​ទៅ​មក​គិត​​ជា​មធ្យម​ប្រមាណ​ ០.០៤​ដុល្លារ។
សារ​ SMS កំពុង​ទទួល​បាន​ការ​ពេញ​និយម​នៅ​អឺរ៉ុប អាស៊ី អូស្ត្រាលី និង​អាមេរិក​ខាង​ជើង៕

 

ដោយ៖ យ៉ន សុភារិទ្ធ