អ្នកដឹង នាំ​គ្នា​ភ្លូកទឹកភ្លូកដី​ទៅ​ជីកដី​ច្រក​កា​រ៉ុ​ង

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា​នេះ ពលរដ្ឋ​បាន​នាំ​គ្នា​ភ្លូកទឹកភ្លូកដី​ទៅ​អង្គុយ​ជីកដី​ច្រក​កា​រ៉ុ​ង ដោយ​អ្នកខ្លះ​ដឹក​តាម​ម៉ូតូ និង​ខ្លះ​ទៀត​ដឹក​តាម​រថយន្ត​យក​ទៅ​រែង​ក្នុង​អូរ ដើម្បី​រក​រ៉ែ​ត្បូង​ដ៏​មាន​តម្លៃ នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។

បើ​តាម​សម្តី​បុរស​ឈ្មោះ ឈ​ន គា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ និង​ឈ្មោះ ថេ​ន ជួប ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ដោយសារ​តែ​ការ​ដាំពោត និង​ដំឡូង​មី ក្រៀម​ស្វិត​ពេញ​ចម្ការ ព្រោះ​គ្មាន​ទឹកភ្លៀង​គ្រប់គ្រាន់ បន្ទាប់​ពី​លេចឮ​ថា មាន​គេ​ដើរ​រើស​បាន​ត្បូង​នៅ​តាម​ដីចម្ការ​ក្បែរ​នោះ ទើប​ពួក​គាត់​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ដី​ម្ចាស់​កម្មសិទ្ធិ​ជីករែង​យក​រ៉ែ​ត្បូង​នេះ ដែល​មាន​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ក្នុង​១​ម៉ែត្រការ៉េ​តម្លៃ​២០​ដុល្លារ ទោះបី​ជីក​បាន ឬ​មិន​បាន​ក៏​ត្រូវ​បង់ប្រាក់​ដែរ ។

ប្រភព​បន្ត​ទៀត​ថា កាលពី​៣-៤​ថ្ងៃមុន អ្នកខ្លះ​ជីក​បាន​រ៉ែ​ត្បូង​ធំ ត្រូវប៉ាន់​លក់​បាន​ប្រាក់​៣​ពាន់​ដុល្លារ និង​ខ្លះ​ទៀត​រហូត​ដល់​៦-៧​ម៉ឺន​ដុល្លារ​ឯណោះ ទើប​ល្បី​ត​ៗ​គ្នា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ភ្លូកទឹកភ្លូកដី​នាំ​គ្នា​មក​ទិញ​ដីជី​ករែងតែ​ម្តង ។ ពួក​គាត់​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ អ្នកខ្លះ​ទទួល​បាន​កម្ទេច​តូច​ៗ ខ្លះ​បាន​ធំ ពឹង​លើ​សំណាង​រៀង​ៗ​ខ្លួន ។

ចំណែក​ម្ចាស់​ដី​ម្នាក់​ឈ្មោះ ប៉ា​ល់ ភួ​ន ភេទ​ស្រី អាយុ​៦៨​ឆ្នាំ បានឱ្យ​ដឹង​ថា ដោយសារ​តែ​គាត់​ជំពាក់​លុយ​បំណុល​ធនាគារ គ្មាន​អ្វី​សង លុះ​មាន​ប្រជាពលរដ្ឋ​មក​សុំ​ទិញ​ដីជី​ករែង​រក​រ៉ែ​ត្បូង​ក៏​អនុញ្ញាត​តែ​ម្តង ។ ដំបូង​គាត់​ម៉ៅ​ដី​ឱ្យ​គេ​ជីក​ថោក​ៗ លុះ​ឃើញ​បាន​រ៉ែ​ត្បូង​មាន​តម្លៃ​ច្រើន ទើប​លក់​ដី​ឱ្យ​គេ​ក្នុង​១​ម៉ែត្រការ៉េ​តម្លៃ​២០​ដុល្លារ កន្លែង​ខ្លះ​ទៀត​គេ​ចង់បាន​ដី​ធំ គាត់​ក៏​បញ្ចុះតម្លៃ​តាម​នោះ​ដែរ ។ ម្ចាស់​ដី​បញ្ជាក់​ទៀត​ថា តាំងពី​ប្រជាពលរដ្ឋ​ចុះ​ទៅ​ជីកដី​រែង​រក​ត្បូង គេ​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​ដែរ តែ​មិន​បាន​ធ្វើការ​ហាមឃាត់ ឬ​បញ្ឈប់​សកម្មភាព​របស់​ពួក​គេ​ឡើយ ព្រោះ​ការ​ជីកដី​រែង​រក​រ៉ែ​ត្បូង​នេះ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូចតាច​ប៉ុណ្ណោះ មិន​បាន​ដាក់​ម៉ាស៊ីន​រែង​យក​រ៉ែ​ត្បូង​ធំដុំ​អ្វី​នោះ​ទេ ។

ឈ្មួញ​ទិញ​ត្បូង​ម្នាក់ ហៅ​កុងស៊ី (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) បាន​រៀបរាប់​ឱ្យ​ដឹង​ថា ត្បូង​នៅ​កន្លែង​ដី​ខាងលើ បើសិនជា​ប៉ះ​ចំ​ល្អ មិន​មានការ​ប្រេះស្រាំ ឬ​បែក គឺ​អាច​លក់​បាន​ថ្លៃ​ចាប់ពី​រាប់​ពាន់​ដុល្លារ​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ ។ កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​មន្ត្រី​នគរបាល​ម្នាក់​នាំ​ប្រពន្ធ​កូន​ជីក​ប៉ះ​ចំ​១​គ្រាប់​ធំ លក់​បាន​ប្រហែល​៧​ទៅ​៨​ម៉ឺន​ដុល្លារ​ដែរ ហើយ​បុរស​ម្នាក់ ឈ្មោះ គង់ ណ​ន ជា​អធិការរង​ស្រុក​សាលា​ក្រៅ ក៏​ជីក​បាន​១​គ្រាប់​ធំំ​ដែរ តែ​ដោយសារ​បែក​ប្រេះស្រាំ​ច្រើន​ពេក ទើប​លក់​បាន​តែ​ជាង​៣​ពាន់​ដុល្លារ​ប៉ុណ្ណោះ បើសិនជា​ល្អ​វិញ​នោះ​ប្រហែល​លក់​បាន​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ ។ ម្យ៉ាងវិញទៀត​ត្បូង​មាន​តម្លៃ​ទាំងនោះ​មិន​ទាន់​អស់​នៅឡើយ​ទេ បើ​ប្រជាពលរដ្ឋ​ប្រឹងប្រែង​ជីក​កកាយ​រុករក​បន្តិចទៀត​អាច​នឹង​ប៉ះ​ជាក់​ជា​មិន​ខាន​ឡើយ ៕