លប​ចេញពីផ្ទះ​ទាំង​យប់ លុះ​ព្រឹក​ឡើង​ផ្អើលពេញស្នាក់ការភូមិ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចេញពី​ពេទ្យ​បាន​រយៈពេល​១០​ថ្ងៃ លោកតា​ម្នាក់​បាន​លប​ចេញពីផ្ទះ​ទាំង​យប់​ដោយ​ពុំ​មាន​ចៅ​ណា​ម្នាក់​ដឹង​ឡើយ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ប្រទះ​ឃើញ​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​​ក្នុង​ទីស្នាក់ការ​ភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​៤ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៦ ។

លោកតា​រង​គ្រោះ​ឈ្មោះ ម៉​ម ញឹ​ម យុ​៨២​ឆ្នាំ រស់នៅ​ជាមួយ​ចៅ​ៗ​នៅ​ក្នុងភូមិ​ខាងលើ បាន​យក​ក្រមា​ចងក​ជាប់​និង​ធ្នឹម​រោង​ដាក់​ទូក​ក្នុង​បរិវេណ​ទីស្នាក់ការ​ភូមិ​ស្រែ​អំពិល មាន​ចម្ងាយ​ប្រមាណ​៤០​ម៉ែត្រ​ស្ថិត​ពី​ផ្ទះ​របស់​គាត់ ប៉ុណ្ណោះ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោកតា ម៉​ម ញឹ​ម បាន​ស្នាក់​នៅ​ជាមួយ​ចៅ​របស់​គាត់​នៅ​ក្នុងភូមិ​ខាងលើ ហើយ​លោកតា​មាន​ជម្ងឺ​តម្រងនោម​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​មាន រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ព្យាបាល​មិនជា​នោះ​ឡើយ ។ មួយ​រយៈ​ចុង​ក្រោយ​នេះ​ជម្ងឺ​របស់​គាត់​រឹត​កាន់តែ​ខ្លាំង​ឡើង​ៗ ចៅ​ៗ​របស់​គាត់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ខណៈនោះ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់ និង​ទើប​ចេញពី​មន្ទីរពេទ្យ​បាន​រយៈពេល​១០​ថ្ងៃ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ គាត់​បាន​សំរាន្ត​ជា​ធម្មតា ចំណែក​ចៅ​ៗ​របស់ គាត់​បាន​ចូល​គេង​ដែរ​មិន​បាន​ចាប់អារម្មណ៍​ថា លោកតា​លួច​ចេញពីផ្ទះ​ទៅ​ធ្វើ​ចង​.​ក​ធ្វើ​អត្តឃាត​តាំងពី​ពេល​ណា​នោះ​ឡើយ ។ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៤​កញ្ញា ទើបត្រូវ​បាន​អ្នក​ភូមិ ដែល​មានផ្ទះ​នៅ​ជាប់​ទីស្នាក់ការ​ភូមិ​ប្រទះ​ឃើញ​លោកតា​ចងក​សម្លាប់​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ដែល​សង្ស័យ​ថា​លោកតា​តូចចិត្ត​ខ្លួនឯង​មាន​ជម្ងឺ​ព្យាបាល​មិនជា និង​ពិបាក​ទ្រាំ​ក្នុង​ខ្លួន​ក៏​សម្រេចចិត្ត​ធ្វើ​បែប​នេះ​តែ​ម្ដង ។

ក្រោយ​ពេល​សមត្ថកិច្ច​នគរបាល​ពិនិត្យ​រួច​បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕