សត្វ និង​រូប តំណាង​ឱ្យ​ភាព​ចម្រុងចម្រើន​នៅ​ក្នុង​លំនៅ​ឋាន ឬ​ការិយាល័យ

អ្នក​ណា​ៗ​ក៏​ចង់​មាន ចង់បាន មិន​ថា​ជា​វត្ថុ​មង្គល​ដែល​អាច​យក​ជាប់​ខ្លួន ឬ​សម្រាប់​តុបតែង​ផ្ទះ​នោះ​ទេ ។ ថ្ងៃនេះ យើង​មាន​រូបតំណាង និង​សត្វ​ខ្លះ​ៗ​តាម​បែប​ហុងស៊ុយ ដែល​នឹង​ជួយ​ផ្តល់​ភាព​រុងរឿង​ចម្រុងចម្រើន​ដល់​អ្នក ថែម​ទាំង​អាច​តុបតែង​ផ្ទះ​ឱ្យ​ស្អាត​គួរ​ឱ្យ​ចង់​រស់នៅ​ទៀត​ផង ។

១-​សំពៅ ៖
រូប​សំពៅ គឺ​តំណាង​ឱ្យ​ភាព​ចម្រើន​រុងរឿង​ខាង​មុខ​ជំនួញ ដែល​នាំ​មក​នូវ​មាសប្រាក់ ជួយ​ជំរុញ​ជោគ​លាភ ព្រមទាំង​ជួយ​ឱ្យ​មុខ​ជំនួញ​របស់​អ្នក​ទទួល​បាន​ជោគជ័យ​កាន់តែ​ខ្លាំង​ឡើង ។

២-​នាគ ៖
តំណាង​ឱ្យ​ភាព​រុងរឿង​បំផុត និង​ជា​និមិត្តរូប​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​ចិន ។

នាគ​ជាន់​ពពក ៖ ជា​និមិត្តរូប​នៃ​អំណាច និង​ការ​បង្គាប់បញ្ជា​ក្នុង​ការងារ ។ ប្រសិនបើ​អ្នក​ដាក់​តាំងនៅ​ទិស​ខាងកើត​ផ្ទះ សត្វ​នាគ​នឹង​បញ្ចេញ​ឫ​ទិ្ធ​អំណាច​ខ្លាំង​បំផុត ។ លើស​ពី​នេះ​ទៀត អ្នក​អាច​តាំង​រូប​នាគ​នៅ​កន្លែង​ណា​ក៏​បាន ដើម្បី​នាំ​ជោគ​លាភ​ដ៏​មហាសាល​ចូល​ក្នុងផ្ទះ ។

សត្វ​នាគ​នៅ​អាច​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​អ្នកដំណើរ​ការ​បាន​ល្អ​ផង​ដែរ ។ ប្រសិនបើ​យក​វា​ទៅ​ទុក​នៅ​កន្លែងធ្វើការ នឹង​បង្ហាញ​នូវ​ភាព​ធំធេង អំណាច បារមី និង​ស្ថិតស្ថេរ ។

៣-​សេះ ៖
ជា​សត្វ​ធាតុភ្លើង ដែល​គេ​តែង​មាន​ជំនឿ​ថា សេះ​ជា​សត្វ​ដែល​ពេញ​ប្រៀប​ទៅ​ដោយ​កម្លាំង​ធាតុ ហើយ​ទិស​ប្រចាំ​ឆ្នាំមមី​គឺ​ទិស​ខាងត្បូង ។ លើស​ពី​នេះ​ទៀត សេះ​ជា​សត្វ​តំណាង​ឱ្យ​មន្ត្រី​មាន​លំដាប់​ខ្ពស់ និង​ការ​រស់នៅ​សុខ​សប្បាយ ។

សេះ គឺ​សំដៅលើ​ភាព​រហ័សរហួន មាន​ន័យ​ថា អាច​ធ្វើ​ឱ្យ​ការ​ប្រកប​មុខ​ជំនួញ និង​ការងារ​របស់​អ្នក​ទទួល​បាន​ជោគជ័យ​កាន់តែ​ឆាប់រហ័ស​។ លក្ខណៈ​សេះ​មង្គល គឺជា​សេះ​ដែល​កំពុង​រត់ ឬ​លោត ។ គេ​ច្រើន​ដាក់​តាំង​រូប​សេះ​ចំនួន​៨​ក្បាល មាន​ន័យ​ថា បង្កើន​ភាព​រហ័សរហួន និង​ស្ទាត់ជំនាញ ។

៤-​ត្រី ៖
តំណាង​ឱ្យ​មង្គល ភាព​សម្បូរ​បែប និង​គង់វង្ស ។ ម្យ៉ាងទៀត ត្រី​សំដៅលើ​ផល​កម្រៃ ឬ​ផលប្រយោជន៍ និង​ការ​សម្រេច​ក្តី​ប្រាថ្នា​របស់​អ្នក​ក្នុង​ការ​ប្រកប​មុខ​ជំនួញ​ផង​ដែរ ។

*​ផ្កាឈូក ៖ មាន​ន័យ​ថា មាន​អ្វី​គ្រប់យ៉ាង និង​គ្រប់កន្លែង​ទាំងអស់ ។

*​ត្រីមាស ៖ បើ​តាម​ជនជាតិ​ចិន មាន​ន័យ​ថា មាន​មាស​ហូរហៀរ ។ ត្រីមាស ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​អំណោយ​សំខាន់​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ថ្ងៃ​មង្គល​ផ្សេង​ៗ ។

៥-​ដំរី ៖
ជា​សត្វ​ដែល​មាន​រូបរាង​ខ្ពស់​ហើយ​ធំ មាន​និស្ស័យ​ជា​មិត្ត និង​មិនមែន​ជា​សត្វ​សាហាវ​នោះ​ទេ ។ ក្រៅពី​ដំរី​ជា​សត្វ​ដែល​ស៊ី​ធញ្ញជាតិ​ជា​អាហារ វា​ក៏​មិន​គំរាម​ដល់​សត្វ​ផ្សេង​ៗ​ទៀត​ក្នុង​លោក​ដែរ ។ បើ​និយាយ​បែប​ហុងស៊ុយ គឺ​តំណាង​ឱ្យ​ទី​ខ្ពស់ ប្រៀប​ដូច​ជា​ភ្នំ ។

តាម​ហុងស៊ុយ តុ​ធ្វើការ​របស់​អ្នកគ្រប់គ្រង ឬ​ម្ចាស់​អាជីវកម្ម គួរតែ​នៅ​ជិត​ជញ្ជាំង ប៉ុន្តែ​បើសិនជា​ទីកន្លែង​ធ្វើការ​នោះ​មិន​អំណោយផល​ទេ គួរតែ​អង្គុយ​ផ្អែក​នឹង​បង្អួច​កញ្ចក់ ហើយ​ដាក់​រូបចម្លាក់​ដំរី​នៅ​ខាងក្រោយ​ខ្នង ។

លើស​ពី​នេះ​ទៀត ដំរី​អាច​បំបែក​ថាមពល​មិនល្អ​ផ្សេង​ៗ​បាន​ផង​ដែរ ដូច​ជា បន្ទប់​ការិយាល័យ​ដែល​មាន​រូប​ត្រីកោណ ហើយ​ចាំបាច់​ត្រូវ​អង្គុយ​ផ្អែក​នឹង​ជ្រុង​ត្រីកោណ​នោះ មាន​ន័យ​ថា គ្មាន​ភាព​គង់វង្ស ក្នុង​ករណី​នេះ អ្នក​អាច​យក​រូបចម្លាក់​ដំរី​មក​ប្រើ​បាន​ដូច​គ្នា ។ ក្រៅពី​នេះ ដំរី គឺ​តំណាង​ឱ្យ​ភាព​ជោគជ័យ សម្បូរ​បែប​ដល់​ជីវិត​របស់​អ្នក និង​ក្រុម​គ្រួសារ ។

៦-​ប្រើស ៖
ជា​សត្វ​មង្គល​ដែល​គេ​និយម​ប្រើ​ក្នុង​រឿង​ហុងស៊ុយ ព្រោះ​គេ​ជឿ​ថា ប្រើស​នឹង​ជួយ​ឱ្យ​សម​តាម​បំណង​នូវ​អ្វី​ដែល​ខ្លួន​ប្រាថ្នា និង​តំណាង​ឱ្យ​ការ​លូតលាស់ ។ ប្រសិនបើ​ផ្ទះ​ណា​កើតរឿង​រ៉ាវ ឬ​អ្នក​រស់នៅ​ក្នុងផ្ទះ​ឈ្លោះប្រកែក​គ្នា គឺ​អាច​ប្រើ​រូប​ប្រើស​នេះ​ដើម្បី​ជួយ​ឱ្យ​បញ្ហា​ទាំងឡាយ​ស្ងប់ស្ងាត់​បាន ។ ចំណែក​ទីតាំង គឺ​មិន​គួរ​ដាក់​បែរមុខ​ចេញពី​មុខ​ផ្ទះ​ឡើយ អ្នក​គួរ​ដាក់​វា​បែរមុខ​ចូល​ផ្ទះ​វិញ ព្រោះ​ប្រើស​នឹង​អាច​នាំ​យក​រឿង​ល្អ​ចូល​ផ្ទះ​បាន ។

៧-​ក្រៀល ៖
ចាត់​ទុក​ថា ជា​សត្វ​មង្គល​មាន​អត្ថន័យ​ល្អ ។ ការ​យក​សត្វ​ក្រៀល​មក​តុបតែង​ផ្ទះ នឹង​ជួយ​ឱ្យ​អ្នកមាន​អាយុ​យឺនយូរ សុខ​ភាពរឹងមាំ តួនាទី​ការងារ​ស្ថិតស្ថេរ និង​ជំរុញ​ឱ្យ​ការ​រៀនសូត្រ​ឈ្លាសវៃ ។ ម្យ៉ាងទៀត នឹង​ជួយ​ឱ្យ​សមាជិក​ក្នុង​គ្រួសារ (​អាយុ​ច្រើន​) មាន​សុខភាព​រាង​កាយ​មាំមួន ។ ប្រសិនបើ​មាន​អ្នក​ឈឺ នឹង​អាច​ជា​សះស្បើយ​ឆាប់​ៗ ។ រីឯ​មនុស្ស​វ័យ​ធ្វើការ​ក្នុង​គ្រួសារ នឹង​មាន​តួនាទី​ការងារ​ល្អ រលូន គ្មាន​ឧបសគ្គ ៕