វៀតណាម​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​លើ​គម្រោង​អចលនទ្រព្យ​យឺត

ប្រទេស​វៀតណាម ៖ អាជ្ញាធរ​ទីក្រុង Danang បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លុប​ចោល​អាជ្ញាប័ណ្ណ​គម្រោង​អចលនទ្រព្យ​ទាំងឡាយ​ណា​ដែល​មាន​ភាព​យឺតយ៉ាវ និង​ចាប់ផ្ដើម​ពង្រឹង​ច្បាប់​ដែល​ពាក់ព័ន្ធ ។

គម្រោង​អគារ Meridian Towers មាន​តម្លៃ​២០០​លាន​ដុល្លារ​ក្នុង​តំបន់ Vien Dong Land ដែល​នៅ​ទំនេរ​ចាប់តាំងពី​ទទួល​បាន​វិញ្ញាបនបត្រ​នៅ​ឆ្នាំ​២០០៧​មក ។ បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​វិញ្ញាបនបត្រ​ចុះបញ្ជី​ពាណិជ្ជកម្ម​និង​ម្ចាស់​ភាគហ៊ុន និង​ការ​ពន្យារពេល​អនុវត្ត​គម្រោង​ជា​ច្រើន​ដង គម្រោង​នេះ​នៅ​តែ​គ្មាន​ការ​អភិវឌ្ឍ​ដដែល ។

នៅ​ខែមីនា ឆ្នាំ​២០១៦ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​អ្នក​វិនិយោគ លោក Nguyen Xuan Anh លេខា​គណៈកម្មាធិការ​បក្ស​ទីក្រុង Danang បានឱ្យ​ដឹង​ថា ទីក្រុង​នេះ​អនុញ្ញាត​ឱ្យ​ផ្ទេរកម្មសិទ្ធិ​ទៅ​ឱ្យ​ម្ចាស់​ភាគហ៊ុន​ផ្សេង​ទៀត ដើម្បី​ឲ្យ​គម្រោង​នេះ​អាច​ដំណើរការ​បាន ។

ទោះជា​យ៉ាងណា ក្រសួងផែនការ និង​ការ​វិនិយោគ​ទីក្រុង Danang បាន​គំរាម​ដកហូត​គម្រោង​នេះ ប្រសិនបើ​អ្នក​វិនិយោគ​មិន​ចាប់ផ្តើម​អនុវត្ត​វា​ក្នុង​ពេល​ឆាប់​ៗ​ទេ​នោះ ដោយ​អនុលោម​តាម​ច្បាប់​វិនិយោគ​ឆ្នាំ​២០១៤ និង​ច្បាប់​ភូមិបាល​ឆ្នាំ​២០១៣ ។

គម្រោង Meridian Towers ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ទំនេរ​ជា​ច្រើន​ដែល​ទីក្រុង​នេះ​នឹង​បញ្ឈប់​ដំណើរការ ។ នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៦ គណៈកម្មាធិការ​ប្រជាជន​ទីក្រុង Danang បាន​ស្នើ​ដល់​ភ្នាក់ងារ​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​មើល​គម្រោង​ដែល​យឺតយ៉ាវ និង​បាន​និយាយ​ថា គណៈកម្មាធិការ​នេះ​នឹង​លុប​ចោល​គម្រោង​ណា​ដែល​គ្មាន​ភាព​រីក​ចម្រើន ដែល​វា​ជា​ចេតនា​របស់​អ្នក​វិនិយោគ ។ គណៈកម្មាធិការ​ទីក្រុង​នេះ​ក៏​នឹង​បញ្ឈប់ ឬ​ផ្អាក​គម្រោង​ណា​ដែល​មិន​ចាំបាច់​នៅ​ពេល​នេះ ឬ​មាន​ប្រាក់​ចំណេញ​ទាប ។

គណៈកម្មាធិការ​បន្ត​ថា ខ្លួន​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​បំណុល​ការ​ជួល​ដី​ដែល​ក្រុមហ៊ុន​ជា​ច្រើន​បាន​ជំពាក់ ។ លោក Nguyen Dinh An អនុប្រធាន​នាយកដ្ឋាន​ពន្ធ​នៃ​ទីក្រុង​នេះ បានឱ្យ​ដឹង​ថា ទីក្រុង​នេះ​មាន​បញ្ហា​ជាមួយនឹង​កំណើន​នៃ​ក្រុមហ៊ុន​ជា​ច្រើន ដែល​បរាជ័យ​ក្នុង​ការ​ទូទាត់​ប្រាក់​ជួល​ដី ។

ក្រៅពី​គម្រោង Meridian Towers ទីក្រុង Danang ជា​កន្លែង​មួយ​ដែល​សម្បូរ​ទៅ​ដោយ​គម្រោង​ខ្យល់​ជា​ច្រើន​ទៀត ។ ក្នុង​ចំណោម​គម្រោង​ទាំងនោះ ភាគច្រើន​បាន​កាន់កាប់​លើ​ទីតាំង​ដែល​ល្អ​បំផុត ។

ចំណែក​គម្រោង​សណ្ឋាគារ Villas Apartment Hotel របស់​ក្រុមហ៊ុន Hacoin JSC, គម្រោង The Empire របស់​ក្រុមហ៊ុន Empire, គម្រោង The Nam Khang Resort Residences Danang របស់​ក្រុមហ៊ុន Nam Khang Investment JSC និង​គម្រោង​តំបន់​ទេសចរណ៍ Bai But របស់​ក្រុមហ៊ុន Hai Duy Co បាន​បញ្ចប់​ត្រឹម​បុក​គ្រឹះ​តែ​ប៉ុណ្ណោះ ៕