លទ្ធផល​ការ​ស្រាវជ្រាវ ដែល​នឹកស្មាន​មិនដល់​ «សម័យ​អង្គរ​»មាន​មនុស្ស​រស់នៅ​ប្រមាណ​ជាជាង«៧៥​ម៉ឺន​នាក់​»

ខេត្តសៀមរាប៖ អ្នកបុរាណវិទូបានធ្វើការស្រាវជ្រាវពីការរស់នៅរបស់ប្រជាជន ក្នុងបរិវេណប្រាសាទអង្គរវត្ត។ ឆ្លងកាត់តាមការកំណាយ និងការស្រាវជ្រាវផ្សេងៗ អ្នកបុរាណវិទូបានសន្មត់ថា នៅបរិវេណប្រាសាទអង្គរវត្តមានមនុស្សរស់នៅប្រហែល ៧៥ម៉ឺននាក់។ ការរកឃើញថ្មីនេះ ខុសពីការគិតរបស់មនុស្សទូទៅ ដែលធ្លាប់យល់ថា ប្រាសាទអង្គរវត្ត គឺហ៊ុំព័ទ្ធដោយព្រៃក្រាស់ និងពុំមានមនុស្សរស់នៅ។
លទ្ធផល​ការ​ស្រាវជ្រាវ ដែល​នឹកស្មាន​មិនដល់​ «សម័យ​អង្គរ​»មាន​មនុស្ស​រស់នៅ​ប្រមាណ​ជាជាង«៧៥​ម៉ឺន​នាក់​»
បើយោងតាមការចេញផ្សាយរបស់ គេហទំព័រសារព័ត៌មានថ្មីៗ បានលើកយកអត្ថបទរបស់បណ្ឌិត Alison Kyra Carter ដោយនិយាយអំពីអ្នកស្រាវជ្រាវមួយក្រុមសាកល្បងស្វែងយល់ពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងសម័យអង្គរ ហើយអត្ថបទនេះ ត្រូវបានចុះផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា។ សូមអានអត្ថបទទាំងស្រុងខាងក្រោមនេះ៖

បើយើងនឹកស្រមៃពីអង្គរវត្ត យើងប្រហែលគិតទៅដល់ប្រាសាទដ៏ល្អត្រកាល ហើយធំសម្បើម ព័ទ្ធជុំវិញទៅដោយព្រៃក្រាស់។ នៅពេលថ្មីៗនេះ បុរាណវិទូបានឲ្យដឹងថា ចាប់ពីប្រាសាទអង្គរវត្តបាន សាងសង់ មានដីទួលជាច្រើនព័ទ្ធជុំវិញ ដីទួលនេះទំនងជាកន្លែងមនុស្សរស់នៅ។ ប្រាសាទអង្គរវត្ត ជាបេះដូងនៃអាណាចក្រអង្គរលាតសន្ធឹងលើផ្ទៃដី១០០០គ.ម២ ហើយប្រហែលមានមនុស្សរស់នៅដល់ ទៅ ៧៥០.០០០នាក់។ គម្រោងមហាអង្គរ GAP (Great Angkor Project) បានចោទសួរថា តើ ប្រជាជនសម័យអង្គររស់នៅកន្លែងណា?។ គម្រោងនេះ ជាកម្មវិធីស្រាវជ្រាវរួមរបស់សាកលវិទ្យាល័យស៊ីដនី ដឹកនាំដោយបណ្ឌិត Roland Fletcher និងអាជ្ញាធរជាតិអប្សរា។

លទ្ធផល​ការ​ស្រាវជ្រាវ ដែល​នឹកស្មាន​មិនដល់​ «សម័យ​អង្គរ​»មាន​មនុស្ស​រស់នៅ​ប្រមាណ​ជាជាង«៧៥​ម៉ឺន​នាក់​»

ដើម្បីចាប់ផ្តើមយល់ដឹងពីជីវិតរបស់មនុស្សសាមញ្ញនៅសម័យអង្គរ បុរាណវិទូបានជីកដីរក សម្ភារប្រើប្រាស់ក្នុងផ្ទះរបស់ប្រជាជនជំនាន់នោះ។ តាមរយៈកំណាយនៃកន្លែងរស់នៅរបស់គេ យើង អាចយល់ដឹងពីទម្លាប់ក្នុងការរស់នៅរបស់គេក្នុងអតីតកាល។ ការងារនេះអាចផ្តល់ព័ត៌មានបន្ថែម ស្តីពីភាពខុសគ្នារវាងគ្រួសារ សហគមន៍ និងកន្លែងរស់នៅផ្សេងៗ ព្រមទាំងរវាងអ្នកមានវណ្ណៈខ្ពស់ និងមនុស្សសាមញ្ញ ដូច្នេះ យើងអាចចាប់ផ្តើមយល់ដឹងពីសង្គមនៅសម័យអង្គរពីថ្នាក់ក្រោមដល់ថ្នាក់លើ។

ការសិក្សាបុរាណវិទ្យានៅសម័យអង្គរបានផ្តោតដំបូងទៅលើប្រាសាទដ៏ស្កឹមស្កៃដែលមានសិលាចារឹកប្រាប់យើងអំពីអាទិទេព ស្តេច និងវីរជន។ យើងមានព័ត៌មានតិចតួចពីជីវិតរស់នៅប្រចាំថ្ងៃរបស់ មនុស្សសាមញ្ញនៅសម័យអង្គរ។ នៅក្នុងឆ្នាំ១២៩៦ បេសកជនចិនម្នាក់ឈ្មោះ ជីវ តាក្វាន់បានមក ទស្សនាក្រុងអង្គរ ហើយបានរៀបរាប់អំពីអ្វីដែលលោកបានឃើញ។ លោកបានសរសេរថា មនុស្សក្នុង វណ្ណៈខ្ពស់រស់នៅក្នុងផ្ទះធំដែលមានដំបូលប្រក់ក្បឿង ហើយមនុស្សសាមញ្ញរស់នៅក្នុងផ្ទះតូចដំបូល ប្រក់ស្បូវ។ នេះគឺជាភស្តុតាងជាក់ស្តែងតែមួយគត់ស្តីពីគេហដ្ឋានសម័យអង្គរ។ តែយើងក៏បានដឹងពីការ រស់នៅជំនាន់អង្គរតាមរយៈរូបចម្លាក់នៅប្រាសាទបាយ័នដែលបានបង្ហាញពីគេហដ្ឋាន និងជីវិតរស់នៅ ប្រចាំថ្ងៃជំនាន់នោះ។ ក្រៅពីនេះ មានបុរាណវិទូបារាំង និងខ្មែរមួយក្រុមបានធ្វើកំណាយស្រាវជ្រាវអំពី ផ្ទះសម្បែងនៅតំបន់ក្រៅបរិវេណអង្គរ ឯចំណែកការសិក្សាពីកន្លែងរស់នៅនៅតំបន់កណ្តាលអង្គរដែលជាទីប្រមូលផ្តុំនៃប្រាសាទ ហើយមានមនុស្សរស់នៅច្រើន យើងមានព័ត៌មានតិចតួចណាស់។

លទ្ធផល​ការ​ស្រាវជ្រាវ ដែល​នឹកស្មាន​មិនដល់​ «សម័យ​អង្គរ​»មាន​មនុស្ស​រស់នៅ​ប្រមាណ​ជាជាង«៧៥​ម៉ឺន​នាក់​»

ក្នុងការសិក្សាច្រើនលើករបស់គម្រោងGAP លោកស្រីបណ្ឌិត Miriam Stark បានធ្វើ កំណាយនៅក្នុងបរិវេណប្រាសាទដូចជា អង្គរវត្ត ដើម្បីរកភស្តុតាងនៃលំនៅដ្ឋានរបស់ប្រជាជន ព្រោះ សិលាចារិកបានបញ្ជាក់ថា មានមនុស្សមួយចំនួនរស់នៅជុំវិញប្រាសាទ ឧទាហរណ៍ សិលាចារិកនៅ ប្រាសាទតាព្រហ្ម បានរៀបរាប់អំពីមនុស្សដែលមានទំនាក់ទំនងនឹងប្រាសាទ ដែលគេប៉ាន់ស្មានថាមាន ចំនួនប្រហែល២០០០នាក់ រស់នៅក្នុងកំពែងប្រាសាទ។

នៅឆ្នាំ២០១២ ការស្រាវជ្រាវលើប្រធានបទនេះបានទទួលជំនួយពីបច្ចេកទេសថ្មី LiDAR ដែល ប្រើកាំរស្មី Laser អាចមើលធ្លុះគម្របព្រៃ ដូច្នេះអាចមើលឃើញរចនាសម្ព័ន្ធលើដីដែលរុក្ខជាតិបាន គ្របដណ្តប់។ ក្នុងករណីប្រាសាទអង្គរវត្ត LiDAR បានបង្ហាញឲ្យឃើញនៅជុំវិញប្រាសាទនូវដីទួល និង ដីទំនាបជាប់ៗគ្នារៀបរយជាក្រឡាចក្រត្រង្គតាមខ្សែបន្ទាត់ស្របទៅទិសទាំងបួន។

ក្នុងឆ្នាំ២០១០ និង២០១៣ គម្រោងGAP បានសិក្សាលើដីទួលទាំងនេះដោយបានកាយរណ្តៅ តូចៗទំហំ ១មx២ម ក្នុងកន្លែងជាច្រើនជុំវិញអង្គរវត្ត។ ការស្រាវជ្រាវនេះបានបង្ហាញភស្តុតាងបញ្ជាក់ថា ដីទួលជាទីកន្លែងដែលមនុស្សរស់នៅ។ បច្ចេកទេសធ្យូងវិទ្យុសកម្មបានបង្ហាញថាដីទួលទាំងនោះត្រូវ បានរៀបចំសម្រាប់រស់នៅពី ស.វ.ទី១០ ដល់ ស.វ.ទី១៣។ ការស្រាវជ្រាវរបស់យើងក៏បានបញ្ជាក់ បន្ថែមថា នៅលើដីទួលទាំងនោះមានមនុស្សរស់នៅក្រោយសម័យអង្គរពីស.វ.ទី១៥ ដល់ស.វ.ទី១៧។

លទ្ធផលទាំងនេះបានធ្វើឲ្យយើងមានការរំភើបចិត្ត តែកំណាយតូចៗបន្ទាប់មកបានបំផុស សំណួរយ៉ាងច្រើន។ ក្នុងខែមិថុនា និងកក្កដា ២០១៥ ក្រោយពីបានទទួលជំនួយរបស់អង្គការ National Geographic ខ្ញុំបានរៀបចំក្រុមស្រាវជ្រាវតំណាងដោយសាកលវិទ្យាល័យស៊ីដនី និងអាជ្ញាធរអប្សរា(លោក ឆាយ រចនា) ដើម្បីពង្រីកកំណាយលើដីទួលតែមួយស្ថិតក្នុងកំពែងអង្គរវត្ត។

លទ្ធផល​ការ​ស្រាវជ្រាវ ដែល​នឹកស្មាន​មិនដល់​ «សម័យ​អង្គរ​»មាន​មនុស្ស​រស់នៅ​ប្រមាណ​ជាជាង«៧៥​ម៉ឺន​នាក់​»

ចំណុចដែលត្រូវស្រាវជ្រាវមានដូចតទៅ៖

១.យើងចង់ដឹងថា តើពិតជាមានប្រជាជនរស់នៅលើដីទួលមែន ឬទេ? រណ្តៅតូចៗដែលយើង បានជីកបានផ្តល់ចម្លើយវិជ្ជមានលើសំណួរនេះ។ យើងសង្ឃឹមថា កំណាយទំហំធំ អាចឲ្យយើងរកឃើញសំណល់នៃបំណែកផ្ទះ និងភស្តុតាងផ្សេងទៀតនៃការរស់នៅលើដីទួលនេះ។

២.យើងចង់ដឹងថា តើមនុស្សសាមញ្ញបានរស់នៅលើដីទួលនេះ ឬទេ? យើងជឿថារឿងនេះ ទំនងជាពិត ពីព្រោះដីទួលនោះមានទំហំតូចដែលអាចឲ្យគេគិតថាផ្ទះក៏តូចដែរ។ ការរកឃើញភស្តុតាង ពីសំណង់ផ្ទះ និងប្រភេទនៃរបស់ប្រើប្រាស់ដោយគ្រួសារ នឹងធ្វើឲ្យយើងយល់កាន់តែច្បាស់នូវសម្ភារផ្សេងៗដែលគេបានប្រើប្រាស់។

៣.យើងចង់ដឹងថា តើដីទួលនោះអាចបានប្រើប្រាស់ជាយូរអង្វែងហើយច្រើនដង ឫទេ? ។

ក្នុងឳកាស យើងចុះទៅស្រាវជ្រាវនៅពាក់កណ្តាលឆ្នាំ២០១៥ យើងបានជីកលើដីទួលដែល បានពិព័ណ៌នាខាងលើនូវរណ្តៅចំនួន២២ លើផ្ទៃដីសរុប៤១ម២ ។ លទ្ធផល៖ ថ្វីបើយើងមិនបានរក ឃើញទម្រង់ផ្ទះទាំងមូល យើងបានប្រទះឃើញនូវស្នាមជើងសរសរដែល គេអាចចាត់ទុកថាជា ចំណែកមួយនៃផ្ទះ។ យើងក៏បានរកឃើញដែរ៖

១.ផ្ទាំងថ្មភក់ជាច្រើន៖ យើងជឿថាអ្នកដែលរស់នៅក្នុងតំបន់អង្គរវត្តប្រហែលជាយកថ្មភក់នេះ ដែលសល់ពីការសាងសង់អង្គរវត្តមកប្រើ តែយើងមិនទាន់ដឹងច្បាស់ថា គេយកថ្មទាំងនោះមកប្រើធ្វើអ្វី។ យើងគិតថា ប្រហែលគេយកវាទៅក្រាលជាផ្លូវ ឬក្រាលនៅក្រោមផ្ទះ ឫក្រាលជុំវិញផ្ទះ។

២.ភស្តុតាងនៃសកម្មភាពក្នុងគ្រួសារទាក់ទងនឹងការដាំស្លរ។ នៅត្រង់ផ្នែកមួយនៃដីទួល យើង បានរកឃើញឥដ្ឋ និងដីឥដ្ឋដុត ព្រមទាំង៖

– ធ្យូង និងបំណែកចង្ក្រាន្តដែលជាភស្តុតាងនៃការប្រើភ្លើង សម្រាប់ដាំស្លរនៅសម័យអង្គរ

– កុលាលភាជន៍ ភាគច្រើនជាកុលាលភាជន៍ប្រភេទផុយ ហើយមានខ្លះមានស្នាមនៃការឆេះពី ក្រៅដែលអាចបណ្តាលមកពីការដាក់ដាំស្លរនៅលើភ្លើង។ មានបំណែកក្រឡជំនាន់អង្គរដែលមាន ស្រទាប់រលោងពណ៌បៃតង ឬពណ៌ត្នោត ព្រមទាំងភាជន៍នាំចូលពីប្រទេសចិន។ យើងក៏បានរកឃើញ ខួចដែលនៅរូបរាងទាំងមូលចំនួនមួយ នៅទីតាំងដែលយើងសន្និដ្ឋានថាជាលំនៅដ្ឋាន។

– ក្រៅពីភាជន៍អ្នកជំនាញផ្នែករុក្ខជាតិ គឺលោកស្រី Cristina Castillo បានស្រាវជ្រាវរកឃើញ គ្រាប់ស្រូវ បំណែកសំបកក្រូច គ្រាប់រុក្ខជាតិក្នុងអំបូរខ្ញី ព្រមទាំងសំណល់រុក្ខជាតិខ្លះដែលគេបានប្រើ ប្រាស់ធ្វើជាឱសថ។ ការងារនេះចាប់ផ្តើមអោយយើងស្វែងយល់អំពីរុក្ខជាតិ ផ្លែឈើ និងបន្លែដែល មនុស្សរស់នៅលើដីទួលនោះប្រហែលជាបានបរិភោគ និងបានប្រើប្រាស់។

ក្រៅពីនេះ យើងបានជីករណ្តៅនៅលើដីទំនាប៖ ថ្វីបើគេសង្ស័យថាទីនេះជាស្រះទឹក អ្នកជំនាញ ធរណីសាស្ត្ររបស់យើងបានរកឃើញថា ទីនេះមានទឹកដក់តែនៅរដូវភ្លៀងទេ។ ដូច្នេះ មិនអាចដើរតួនាទីជាស្រះផ្តល់ទឹកខួបប្រាំងខួបវស្សាឡើយ។

ការងារទាំងនេះត្រូវបន្តដើម្បីឆ្លើយតបនឹងសំនួរជាច្រើនដែលនៅសេសសល់ ដូច្នេះយើងសង្ឃឹមថា អាចបន្តការស្រាវជ្រាវរកភស្តុតាងទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅសម័យអង្គរ។

ជាការសន្និដ្ឋាន យើងយល់ឃើញថាការស្រាវជ្រាវមិនត្រូវផ្តោតតែលើប្រាសាទទេ ត្រូវផ្តោតផង ដែរទៅលើជីវភាពរស់នៅ និងសមិទ្ធផលនៃប្រជាជនសម័យអង្គរ៕

លទ្ធផល​ការ​ស្រាវជ្រាវ ដែល​នឹកស្មាន​មិនដល់​ «សម័យ​អង្គរ​»មាន​មនុស្ស​រស់នៅ​ប្រមាណ​ជាជាង«៧៥​ម៉ឺន​នាក់​» លទ្ធផល​ការ​ស្រាវជ្រាវ ដែល​នឹកស្មាន​មិនដល់​ «សម័យ​អង្គរ​»មាន​មនុស្ស​រស់នៅ​ប្រមាណ​ជាជាង«៧៥​ម៉ឺន​នាក់​»

ប្រភព៖ VD7

  • លទ្ធផល​ការ​ស្រាវជ្រាវ ដែល​នឹកស្មាន​មិនដល់​ «សម័យ​អង្គរ​»មាន​មនុស្ស​រស់នៅ​ប្រមាណ​ជាជាង«៧៥​ម៉ឺន​នាក់​»已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/04  Category:ជីវិតនិងសង្គម
Tags: