លោក ប៊ុន សារ៉េត នាយកទីចាត់ការវិនិយោគ សាលារាជធានីភ្នំពេញ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយ មិនខ្លាចញញើត ចំណាត់ការ អង្គភាពប្រឆាំងអំពើពុករលួយ

រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មាន ពីសាលាក្រុងបានរាយការណ៍មកថា លោក ប៊ុន សារ៉េត នាយកទីចាត់ការវិនិយោគ សាលារាជធានីភ្នំពេញ និងបក្ខ បំពេញការងារ មិនត្រឹមត្រូវនោះទេគឺបានឃុបឃិតជាមួយបក្ខពួកកិបកេងថវិកាជាតិ តាមរយៈការ ដេញថ្លៃ គម្រោងសាងសង់សំណង់ផ្សេងៗ ប្រព្រឹត្តអំពើពុករលួយយ៉ាងត្រជាក់ចិត្ត តាមរយះការដាក់ហ៊ុនរកស៊ីជាមួយក្រុមហ៊ុនវិនិយោគក៏ដូចជា ការកិបកេងថវិការដ្ឋ ស្រេចតែអំពើចិត្ត សូម្បីថ្នាក់ដឹកនាំ អភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានរិះគន់ ឬ សួរដេញដោល ពីភាពមិនប្រក្រតី ក្នុងការដេញថ្លៃសាងសង់ សំណង់ផ្សេងៗ ដែល ដំណើរការគម្រោងដោយ នាយកចាត់ការវិនិយោគ។

ក្រុមហ៊ុនសាងសង់បានបង្ហើបថា ប្រសិនបើមានក្រុមហ៊ុនណាត្រឹមត្រូវ ចង់ចូលរួម សាងសង់សំណង់ផ្សេងៗ ដែលដំណើរការដោយ ស្ថាប័នជំនាញក្រោមការ គ្រប់ គ្រងរបស់សាលាក្រុង គឺមិនងាយស្រួលនោះទេព្រោះលោក ប៊ុន សារ៉េត នាយក ទីចាត់ការវិនិយោគ សាលារាជធានីភ្នំពេញ បានបង្កការលំបាក តាមច្រើនរូបភាព ទប់ស្កាត់មិនឲ្យ ក្រុមហ៊ុនត្រឹមត្រូវ ចូលរួមដេញថ្លៃបាន ដោយជោគជ័យ និងមាន តម្លាភាពនោះទេ ។ លោក ប៊ុន សារ៉េត មានសិទ្ធិអំណាច ក្នុងការការកិបកេងថវិកា រដ្ឋសម្រាប់គម្រោងសាងសង់ ផ្លូវ សួនច្បារ ការស្តារប្រព័ន្ធលូ និងការរៀបចំ អំពូល ភ្លើងលម្អរទីក្រុង និងការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ ដោយសារតែ លោក ប៉ា សុជាតិវង្ស អភិបាលរាជថានីភ្នំពេញ មានភាព ធូររលុង។ លោកប៊ុនសារ៉េត បានឃុបឃិតជាមួយក្រុមហ៊ុនវិនិយោគជាដៃគូរបស់ខ្លួនកិបកេង ថវិការដ្ឋយកទៅចែកគ្នា ច្រកហោប៉ៅស្រេចតែអំពើចិត្ត តាមរយៈការដេញថ្លៃដោយ គ្មានតម្លាភាព និងមិនខ្លាចញញើត ពីចំណាត់ការរបស់ អង្គភាពប្រឆាំង អំពើពុក រលួយ៕

លោក ប៊ុន សារ៉េត នាយកទីចាត់ការវិនិយោគ សាលារាជធានីភ្នំពេញ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយ មិនខ្លាចញញើត ចំណាត់ការ អង្គភាពប្រឆាំងអំពើពុករលួយ