រន្ធត់ ! បែកក្បាល​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​បែកក្បាល​និង​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម​បន្ទាប់​ពី​បើក​ម៉ូតូ​គេច​ពី​រ៉ឺ​ម៉ូតូ​រួច​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ មុខ​វិទ្យាស្ថាន​ជាតិ​សុខភាព​សារ​ធារ​ណៈ (Paster) សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1F-5141 តែ​ម្នាក់ឯង​ក្នុង​ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៦ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​ស្តុ​ប​ផ្លូវ​លេខ​២៨៩​កែង​ផ្លូវ​លេខ​៥៦៦ ស្រាប់តែ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​បើក​ចេញពី​ផ្លូវ​លេខ​៥៦៦ ឡើង​មក​ផ្លូវ​លេខ​២៨៩ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ប្រឹង​គេច​ពី​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ខាងឆ្វេង​ដៃ ក៏​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​នឹង​ថ្នល់​ខ្ទាត​ជាង​២០​ម៉ែត្រ​បែកក្បាល​បាក់​ក​ស្លាប់​ភ្លាម រីឯ​ម៉ូតូ​វិញ​ខ្ទាត​ឆ្ងាយ​ពី​ជន​រង​គ្រោះ​ទៅ​លើ​ខឿន​ការ៉ូឡា​រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​មើល និង​ឆែក​រក​ឃើញ​អត្តសញ្ញាណ​ឈ្មោះ ណាំ ឈាង​លី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ភូមិ​តាំងគោក ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្ត​កំ​ពង​ធំ និង​មាន​កាត​ធនាគារ ប័ណ្ណធានា​រ៉ាប់រង​ផង​ដែរ ។ ចំណែក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ត្រូវ​ជន​ឆ្លៀតឱកាស​យក​បាត់ ។

ក្រោយ​ពេលធ្វើការ​វាស់វែង និង​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បាន​រៀបចំ​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​សាច់ញាតិ​សព​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ខណ្ឌទួលគោក ៕