លើកគ្នា​ធ្វើការ​តវ៉ា ព្រោះ​កូន​ឈឺ​បន្តបន្ទាប់

ខេត្តកំពង់ស្ពឺ ៖ ពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​ត្អូញត្អែរ​ថា ពិបាក​ក្នុង​ការ​រស់នៅ​ខ្លាំង​ណាស់​​រហូត​កូន​​ៗ​របស់​ពួក​គាត់​ឈឺ​ជា​បន្ត​បន្ទាប់​ ព្រោះតែ​ចំហាយ​ក្លិនស្អុយ​អា​សោច​ជះ​ចេញពី​ទ្រុង​ជ្រូក​មួយ​កន្លែង​ដែល​គេ​សង់​ក្បែរ​ភូមិ បើ​ទោះជា​ពួ​គាត់​ស្នើ​អាជ្ញាធរ​ឲ្យ​ជួយ​អន្តរាគមន៍​ក៏​នៅ​តែ​គ្មាន​ការ​អើពើ​សោះឡើយ ។

ស្ត្រី​ម្នាក់​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ញញី ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី តំណាង​ពលរដ្ឋ​ក្នុងភូមិ បាន​លើក​ឡើង​ថា​សព្វថ្ងៃ​រូប​គាត់​ក៏​ដូច​ជា​ពលរដ្ឋ​ឯទៀត​កើតទុក្ខ​មិន​សុខចិត្ត​ត្បិត​តែ​ចំហាយ​ក្លិនស្អុយ​អាចម៍​ជ្រូក​ខ្លាំង​ណាស់ ។ ស្ត្រី​រូប​នោះ​បាន​លើក​ឡើង​ថា ពី​មុន​ស្អុយ​អាចម៍មាន់ អស់ពី​អាចម៍មាន់​ឥឡូវ​ដល់​មក​ស្អុយ​អាចម៍​ជ្រូក កាល​នៅ​ដាក់​មាន់​ហូប​បាយ​ហូប​អី​ទាល់តែ​ដាក់​មុង​ទើប​ហូប​កើត ឥឡូវ​ដាក់​ជ្រូក​ធ្វើ​ឲ្យ​កូនចៅ​របស់​ពួក​គាត់​កើត​មាន​ជំងឺ​ជា​បន្តបន្ទាប់ ពិ​សេ​ជាង​នេះ​ទៅ​ទៀត​ពេល​ទៅ​ហូប​ការ​គេ​ម្តង​ៗ​ជាប់​ក្លិនស្អុយ​ពេញ​ខ្លួន ពេល​តែ​អ្នក​ភូមិ​ទៅ​ប្តឹង អាជ្ញាធរ​ភូមិ​ឃុំ​មិន​អើពើ​សោះឡើយ ។

ស្ត្រី​ខាងលើ​បញ្ជាក់​ថា ការ​នាំ​គ្នា​តវ៉ា​នេះ​មិនមែន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ចុះ​បិទ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នោះ​ទេ គ្រាន់តែ​សុំ​ឲ្យ​អន្តរាគមន៍ ឲ្យ​ចិញ្ចឹម​បែប​មាន​លក្ខណៈ​បច្ចេកទេស សំអាត​អាចម៍​ជ្រូក​ឲ្យ​បាន​ស្អាត កុំ​ឲ្យ​ជះក្លិន​ស្អុយ​មក​ក្រៅ​រំខាន​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ ព្រោះ​អាច​ម៏​ជ្រូក​ទាំងនោះ​ស្អុយ​ខ្លាំង​ណាស់ ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​តំណាង​ពលរដ្ឋ​ក្នុងភូមិ​នេះ​ដែរ លោក វង មុត ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​បាន​បកស្រាយ​ថា ការ​ធ្វើ​គឺ​លោក​បាន​សុំ​ច្បាប់ទម្លាប់​ដោយ​មាន​ខាង​ពេទ្យសត្វ​របស់​ក្រុមហ៊ុន និង​ខាង​ពេទ្យ​ស្រុក​ក៏​បាន​អនុញាត​ច្បាប់​ត្រឹមត្រូវ​ផង​ដែរ ។ លោក​លើក​ឡើង​ថា យើង​ធ្វើ​ក៏​មិនមែន​អះអាង​ថា មិន​មាន​ក្លិនស្អុយ​ដែរ ការ​ចិញ្ចឹម​ជ្រូក​តែងតែមាន​ក្លិន​បែប​នេះ​ហើយ ។

លោក វង មុត បន្ត​ថា ពេល​ដែល​លោក​ដាក់​កូន​គឺ​ទិស​ខ្យល់​បក់​មក​ពី​ទិស​ខាងលិច​សោះ ហេតុ​អ្វី​បានជា​ពលរដ្ឋ​នាំ​គ្នា​អះអាង​ថា ជះក្លិន​ទៅ​ទិស​ខាងជើង​ទៅ​វិញ ។ ការ​ចិញ្ចឹម​ជ្រូក​រមែង​តែងតែមាន​ក្លិនស្អុយ​បែប​នេះ​ហើយ គ្រាន់តែ​មាន​ក្លិនស្អុយ​តិច ឬ​ច្រើន រឿង​នេះ​លោក​មិន​ប្រកែក​នោះ​ទេ តែ​ក៏​សុំ​ការ​យោគយល់​ពី​បងប្អូន​ពលរដ្ឋ​យើង​ដែរ ព្រោះថា រាល់ពេល​សំអាត​គឺ​លោក​បាន​បង្ហូរ​ចូល​ទៅ​ក្នុង​អាង​ស្តុក​យ៉ាង​ត្រឹមត្រូវ មិនមែន​កើប​ចោល​ពាស​វាល​ពាស​កាលនោះ​ទេ ។ បញ្ហា​នេះ​លោក​នឹង​ព្យាយាម​លុប​បំបាត់ ព្រោះ​ការ​ចិញ្ចឹម​ជ្រូក​តែងតែមាន​តិចតួច​ចឹ​ង​ហើយ ក្នុង​នាម​ម្ចាស់​កសិដ្ឋាន​លោក​មិន​ប្រកែក​នោះ​ទេ ។

«​កោះសន្តិភាព​»​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក​មេ​ភូមិ​ព្រៃ​ញញី និង​លោក​មេឃុំ​ស្នម​ក្រពើ ដែរ​ចំពោះ​បញ្ហា​នេះ តែ​ទំនាក់ទំនង​មិន​អាច​ធ្វើ​ទៅ​បាន ។

លោក ម៉ា សាវ៉ា​ត អភិបាលស្រុក​គងពិសី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​ថា លោ​មិន​ដែល​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ករណី​នេះ​ទេ ។

លោ​គ គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​តាម​ទូរស័ព្ទ​ដែរ​ថា លោក​មិន​បាន​ជ្រាប​ករណី​នេះ​ទេ​ពេល​នេះ​លោក​ដឹង​ហើយ លោក​នឹង​ចាត់​មន្ត្រី​ការិយាល័យ​ស្រុក​របស់​លោក​ឲ្យ​ចុះ​ពិនិត្យ​កសិដ្ឋាន​មួយ​នេះ ៕