តារា​ខ្មែរ​-​ថៃ រួម​គ្នា​ធ្វើ​ឱ្យ​រញ្ជួយ​ឆាក​តន្ត្រី

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ចាប់ផ្តើម​បញ្ចូល​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ដែល​មានការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ជា​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ គ្រា​ដែល​ទូរទស្សន៍​មួយ​នេះ​បាន​កែប្រែ​កម្មវិធី​ល្អជា​ច្រើន​ឡើង​វិញ​។ ជាក់ស្តែង​ក្នុង​កម្មវិធី​តន្ត្រី​ក្នុង​ចំណោម​កម្មវិធី​កម្សាន្ត​ផ្សេង​ទៀត ក៏​ទទួល​បាន​ភាព​លេចធ្លោ​មួយ​កម្រិត​ដែរ គ្រា​ដែល​មាន​ទាំង​តារា​ខ្មែរ និង​តារា​ថៃ​ល្បី​ៗ​ចូលរួម​អង្រួន​ឆាក​យ៉ាង​កក្រើក​ទៀត​។

រយៈពេល​នេះ គេ​កត់សម្គាល់​ឃើញ​ថា ការ​ប្រគំ​តន្ត្រី​នៅ​ប៉ុស្តិ៍​លេខ​៥ រៀង​រាល់​ដើមខែ​ធ្វើ​ម្តងនោះ បាន​ដាក់​សុទ្ធតែ​តារា​ល្បី​ៗ​ចូលរួម​មាន​ទាំង​ខ្មែរ និង​ថៃ ធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​គ្រា​ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​រក​ចំណុច​ថ្មី​ប្លែក​ត្រូវចិត្ត​ទស្សនិកជន​។ ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​អម​ដោយ​ឆាក​ធំ​ភ្លើងពណ៌​ស្អាត គ្រឿង​បំពង​សំឡេង​ណែន​ច្បាស់ បាន​បង្ក​ឲ្យ​បរិយាកាស​រីករាយ​បន្ថែម​តែ​ម្តង​។ ប្រសិនបើ​ទស្សនិកជន​មិន​ទាន់​បាន​ចូលរួម​ទស្សនា​ផ្ទាល់​អាច​ចូលរួម​នៅ​ទីតាំង​ប៊ី​ឡាញ​អា​រី​ណា ត្រើយ​ខាងកើត​នៃ​ស្ពាន​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ឬ​អាច​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​តែ​ម្តង​មាន​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង​៨​យប់ រាល់ថ្ងៃ​សៅរ៍​។

ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ មាន​តារាចម្រៀង​ខ្មែរ​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​មួយ​ចំនួន និង​តារា​ថៃ​ស្រស់​សង្ហារ​មួយ​ចំនួន​មានឈ្មោះ​ល្បី​ពេញ​ប្រទេស​ថៃ បាន​មក​សម្តែង​រួម​គ្នា​នៅ​លើ​ឆាក​ប៉ុស្តិ៍​លេខ​៥ ប៊ី​ឡាញ​អា​រី​ណា ដោយ​រំលេច​បទ​ចម្រៀង​ញាក់​ល្បី​ៗ​រាំ​ហក់ឡោត​គួរ​ឲ្យ​ទាក់ទាញ​។ តារាចម្រៀង​ផ្នែក​កម្ពុជា រួម​មាន​លោក​ឆាយ វិ​រៈ​យុទ្ធ​, កញ្ញា​យូ​រី​, ស៊ឹ​ម ថៃ​ណា​, តារា​ថៃ​មាន​លោក Color  Pich និង​លោក Koh Nipon ជាដើម​។

តំណាង​អ្នក​រៀបចំ​កម្មវិធី​នៃ​ប៉ុស្តិ៍​លេខ​៥ បាន​ឲ្យ​ដឹង​ថា ដោយសារ​យើង​បាន​រៀបចំ​ពិភាក្សា​គ្នា​ជាមួយ​ក្រុមការងារ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​រៀបចំ​កម្មវិធី​ប្រគំ​ត​ន្រី្ត​ធំ​មួយ​ធ្វើ​ឡើង​រៀង​រាល់​ដើមខែ​ម្តង​ដែល​នេះ ជា​ការ​រៀបចំ​របស់​ស្រា​បៀ​លី​អូ​។ ការ​ប្រគំ​តន្ត្រី​នេះ មានការ​សហការ​គ្នា​ពី​សំណាក់​តារា​ថៃ និង​តារា​ខ្មែរ ចូលរួម​បង្ក​បរិយាកាស​ឲ្យ​រឹតតែ​អស្ចារ្យ​ថែម​ទៀត គ្រា​ដែល​មហាជន​កំពុង​តែ​ទទួល​បាន​ភាព​គាំទ្រ និង​ប្លែក​អារម្មណ៍​នា​ពេល​នេះ​។ កាលពី​ដំណាក់កាល​ខែ​ទី​១ យើង​បាន​ពាំនាំ​តារា​ល្បីឈ្មោះ​លំដាប់​ប្រទេស​ទាំង​ពីរ មាន​លោក​ខេមរៈ សិរីមន្ត​, កញ្ញា​សុខ ពិសី​, តារាចម្រៀង​ថៃ​ខ្មែរ​យើង​ស្គាល់​ច្បាស់​មាន​លោក​ទិច ហ្សឺ​រ៉ូ ។ ហើយ​ខែ​ទី​២ នេះ មាន​តារាចម្រៀង​ឆាយ វី​រៈ​យុទ្ធ​, យូ​រី និង​តារា​ថៃ​ដូច​ដំណាក់កាល​ទី​១ ដែរ​។ នេះ​ជា​កិច្ចសហការ​រវាង​ប្រទេស​ទាំង​២​តាម​រយៈ​ការ​ប្រគំ​តន្ត្រី មាន​តែ​សិល្បៈ​នេះ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​រីករាយ​សប្បាយចិត្ត​គ្រា​ដែល​នឿយហត់​ការងារ ព្រមទាំង​បំបាត់​ភាព​នឿយណាយ​។ ប៉ុស្តិ៍​លេខ​៥ នៅ​តែ​រំលេច​ព្រឹត្តិការណ៍​ធំ​ៗ​ជា​ច្រើន​ទៀត ហើយនឹង​មិន​បញ្ចប់​នោះ​ទេ យើង​នៅ​តែ​ពាំនាំ​តារាចម្រៀង​ល្បី​ៗ​ទាំង​ខ្មែរ និង​ថៃ​ចែក​ជូន​អ្នក​ទស្សនា​ដោយ​មិន​ឲ្យ​ខកបំណង​ឡើយ​រាល់​ដើមខែ​ម្តង​យ៉ាង​ពិសេស​បំផុត​។ ក្រៅពី​ការ​ប្រគំ​តន្ត្រី​ប៉ុស្តិ៍​លេខ​៥ នៅ​មាន​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ជា​ច្រើន​ទៀត​ដែល​ស្ថានីយ​យើង​បាន​រៀបចំ​សម្រិតសម្រាំង​ថត​ផ្សាយ​ដោយ​សុទ្ធតែ​មាន​តារា​កម្ពុជា​ល្បី​ពេញ​និយម​ចូលរួម​សម្តែង​ផង​ដែរ​។