ដំបូង​ធ្វើ​ឫក​ក្រអឺតក្រទម​ខ្លាំង​ណាស់ ពេល​សមត្ថកិច្ច​និយាយ​ថា​…​ក៏​ព្រម​ភ្លាម

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​អង្គរក្ស​បាន​ធ្វើ​ឫក​ក្រអឺតក្រទម​យ៉ាង​ខ្លាំង​ដាក់​សមត្ថកិច្ច​នគរបាល​ក្រោយ​ពេល​ចាប់ខ្លួន​បាន​ភ្លាម​ៗ ទីបំផុត​នៅ​ពេល​និយាយ​ថា​ចាំ​នគរបាល​យុត្តិធម៌​ស៊ី​ញ៉េ​ជំនួស​ក៏​បាន​ស្រាប់តែ​បុរស​រូប​នោះ​​យល់​ព្រម​ផ្តិត​មេដៃ​មេដៃភ្លាមៗ​តែម្តង ។

ហេតុការណ៍​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវលំ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ប្រភព​ពី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សំ​អន ផានិត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​លេខ​១៤៦ ដក​ប​.​ច​.​ខ​. ចុះ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ និង​ដីកា​មួយទៀត លេខ​១៤៦ ដ​.​ក​.​ប​ច​.​ខ​. ចុះ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ របស់​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ពី​បទ​ឆបោក ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១០ ។

ដោយឡែក​ជន​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ឡើយ ព្រោះ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទេ គឺ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​សាលាដំបូង​ខេត្តកណ្ដាល​តែ​ម្ដង ។
ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ខាងលើ​នោះ​បាន​តាំងខ្លួន​ជា​មេធាវី​ផង ជា​កូនសិស្ស​ជំនិត​គ្រូទាយ ផង និង​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​អ្នកធំ​ផង​ដែរ ហើយ​បាន​ធ្វើការ​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​អស់​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​តាម​រយៈ​នាំ​ទៅ​រក​គ្រូទាយ ហើយ​ពេល​ទៅ​ដល់​កន្លែង​គ្រូទាយ បុរស​នោះ​បាន​ទាមទារ​ឲ្យ​ជន​រង​គ្រោះ​រៀប​រណ្ដាប់ និង​ដាក់​ប្រាក់​ទៅ​តាម​ការ​បង្គាប់ ប៉ុន្តែ​មិនដឹង​ថា អស់​ប៉ុន្មាន​ពិតប្រាកដ​នោះ​ឡើយ និង​មាន​របៀប​បោក​ច្រើន​ទៀត ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​ដឹង​ថា​ចាញ់បោក​ជន​នោះ ជន​រង​គ្រោះ​បាន​ទាមទារ​យក​លុយ​វិញ តែ​ជនសង្ស័យ​មិន​ព្រម​ឲ្យ ព្រមទាំង​គេចវេស​មិន​ទទួលខុសត្រូវ ទើប​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​ចូល​ទៅ​សាលាដំបូង​ខេត្តកណ្ដាល ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ រហូត​សាលាដំបូង​ចេញ​ដីកា​តាម​ចាប់ខ្លួន​បែប​នេះ​តែ​ម្ដង​។

នគរបាល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន ដំបូង​ជនសង្ស័យ​ធ្វើ​ឫក​ក្រអឺតក្រទម​យ៉ាង​ខ្លាំង​ដាក់​កម្លាំង​នគរបាល មិនតែប៉ុណ្ណោះ​មិន​ព្រម​ផ្ដិត​មេដៃ​នៅ​លើ​ឯកសារ​នោះ​ឡើយ ប៉ុន្តែ​នគរបាល​ក៏​មិន​បាន​បង្ខំ​ដែរ គ្រាន់តែ​ប្រាប់​ថា បើ​លោក​ឯង​មិន​ព្រម​ផ្ដិត​មេដៃ​ទេ នគរបាល​ទទួល​បន្ទុក​ផ្នែក​យុត្តិធម៌​ស៊ី​ញ៉េ​ជំនួស​ក៏​បាន ទើប​ជន​នោះ​ព្រម​ផ្ដិត​មេដៃ បន្ទាប់​មក​នគរបាល​បាន​បញ្ជូន​ជន​នោះ​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ភ្លាម​ៗ​ដែរ ៕